តាមមន្ត្រីអគ្គិសនីកម្ពុជាមួយចំនួនបានឲ្យដឹងថាលោក កែវ រតនៈជាអគ្គនាយកអគ្គិសនីកម្ពុជាបានដឹងយ៉ាងច្បាស់ពីរឿងអាស្រូវពុករលួយរបស់លោក កាន ឈុនទី និងបក្ខពួក រយៈពេលច្រើនឆ្នាំមកហើយ។ប៉ុន្តែប្រហែលដោយសារទទួលបានផលប្រយោជន៍ពីមន្ត្រីពុករលួយរូបនេះទើបលោក កែវ រតនៈ បណ្តោយឲ្យបុគ្គល កាន ឈុនទីនិងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។ជាពិសេសសេវាតបណ្តាញលឿននិងដំឡើងអំពែរអគ្គិសនីនៅតំបន់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គឺលោក កាន ឈុនទីនិងបក្ខពួកកំណត់តម្លៃស្រេចតែអំពើចិត្តរបស់ខ្លួន។
អំពើពុករលួយស្វែងរកផលប្រយោជន៍របស់លោក កាន ឈុនទី ជាប្រធានសាខាអគ្គិសនីចាក់អង្រែក្រោមមិនមែនជាថ្មីនោះទេព្រោះមន្ត្រីរូបនេះនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។បើទោះបីធ្លាប់ទទួលរងនូវការព្រមានពីអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានយ៉ាងណាក៏ដោយក៏លោក កាន ឈុនទី និងបក្ខពួកមិនញញើតដែរព្រោះអាងមានខ្នងបង្អែកជួយអន្តរាគមន៍គ្រប់ពេលវេលា។ ហេតុនេះហើយទើបបុគ្គលិកសាខាអគ្គិសនីចាក់អង្រែក្រោមអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចាត់វិធានការលើ លោក កាន ឈុនទី និង បក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនតទៅទៀត។
ប្រជាពលរដ្ឋបានរិះគន់ខ្លាំងថានៅពេលដែលពួកគាត់ទៅស្នើសុំតបណ្តាញអគ្គិសនីប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈអាជីវកម្មគឺមន្ត្រីដែលជាកូនចៅរបស់លោក កាន ឈុនទីបានកំណត់ថ្លៃសេវានិងការបង់ប្រាក់តាមអំពើចិត្តរបស់ពួកគេ។បើមិនដូច្នេះទេ សំណុំឯកសារនឹងត្រូវទុកចោលអស់រយៈពេលជាច្រើនខែដែលបញ្ហានេះលោក កែវ រតនៈត្រូវពិនិត្យមើលនូវសកម្មភាពមិនប្រក្រតីរបស់បុគ្គល កាន ឈុនទី និងបក្ខពួកជាបន្ទាន់។ អាចនិយាយបានថា លោក កាន ឈុនទី និងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង ហេតុនេះលោក ឱមយ៉ិនទៀងដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់វិធានការ តាមច្បាប់ជាបន្ទាន់ ដើម្បីកុំ ឲ្យបុគ្គល កាន ឈុនទី និង បក្ខពួក ឃុបឃិត គ្នា ប្រព្រឹត្តអំពើពុករលួយស្រាចតែអំពើចិត្ត ៕