0

ល្បីថា លោក អោ​ក​ បូ​រ៉ា ​អ​គ្គ​នា​យក​ប្រៃ​ស​ណីយ៍​កម្ពុ​ជា​ប្រព្រឹត្ត​អំ​ពើពុករ​លួយ​ស្រេ​ចតែចិត្ត

ភ្នំពេញៈយន្តការ​គ្រប់គ្រង​នៅក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍អនុវត្តន៍​តាម​រូបមន្ត​អ្វី​នោះទេ ព្រោះ​គេ​កត់សម្គាល់​ឃើញថា មន្ត្រី​ធំៗ​ដែល​កាន់តំណែង​តាំងពី​ជំនាន់​លោក សូរ ឃុន នៅតែ​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​និង​អសកម្ម​ដដែល ទោះបីជា​មាន​ការ​​ផ្លាស់ប្តូ​រ​រដ្ឋមន្ត្រី ដោយ​លោក ប្រាក់ សុខុន ឡើងមក​កាន់តំណែង​ជំនួស​លោក សូរ ឃុន ក៏​រូបភាព​នៃ​ការគ្រប់គ្រង​ដឹកនាំ​ក្នុង​ក្រសួង​នេះ​នៅតែ​ដដែល គ្មានអ្វី​ប្រែប្រួល​ ។លោក អោក បូរ៉ា ​ ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ដដែល ​តំណែង​នេះ​កាន់ឡើង​ដុះ​ស្លែ បើ​និយាយ​តាម​ភាសា​សាមញ្ញ គឺ​លោក អោក បូរ៉ា ទទួល​បាន​បុព្វសិទ្ធិ​យ៉ាង​ពិសេស​ក្នុង​ការធ្វើ​ប្លង់រឹង​ដើម្បី​កាន់តំណែង​ ជា​អគ្គនាយក​ប្រៃ​សណីយ៍​កម្ពុជា​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ហើយ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក អោក បូរ៉ា គេ​ហ៊ាន​ទស្សន៍ទាយ​ថា លោក ប្រាក់ សុខុន ដែលជា​រដ្ឋមន្ត្រី​ទើប​ឡើង​តំណែង​ជំនួស​លោក សូរ ឃុន មិនបាន​ដឹង​ពី​ភាព​អសកម្ម​ទាំងនេះ​ទេ ហើយ​ទោះ​ចង់​ឬ​មិន​ចង់​ការប្រព្រឹត្ត​របស់លោក អោក បូរ៉ា កំពុង​បង្ក​ផលប៉ះពាល់​ដល់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ។​ ​ មន្ត្រី​តូចតាច​ ​បាន​បង្ហើប​ឲ្យ​ដឹងថា ជាគោលការណ៍​រដ្ឋលេខា​ធិ​ការទទួល​ផែន​នៅក្នុង​ក្រសួង​នេះ​ចង់​មានអំណាច​បង្ក​ ព្យុះភ្លៀង​តែងតាំង​មន្ត្រី ឬ​អន្តរាគមន៍​ការពារ​មុខតំណែង​មន្ត្រី​ណា​ម្នាក់​ខ្លាំង​ជាង​រដ្ឋមន្ត្រី​ ទៅទៀត ដូច្នេះហើយ​បានជា​មន្ត្រី​ដុះ​ស្លែ​មួយចំនួន​ពួកគេ​នៅ​អាច​បង្ក​ព្យុះភ្លៀង​ ដោយសារតែ​ពួកគេ​មាន​បង្អែក​ជា​រដ្ឋលេខាធិការ​ជួយ​ការពារ​។

លោក អោក បូរ៉ា កាន់តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​ កម្ពុជា ច្រើន​ឆ្នាំ​មកហើយ អត់​មានការ​ផ្លាស់ប្តូរ​ទៅណា​នោះទេ​បើទោះបីជា​ក្នុង​អង្គភាព​នេះ​មាន​ភាព​ អសកម្ម​មិន​ប្រក្រតី អំពើពុករលួយ​កិបកេង​ចំណូល​ថវិកាជាតិ កើតឡើង​តាម​គ្រប់​រូបភាព​ក៏ដោយ មិនដឹង​ជា​លោក អោក បូរ៉ា មានអំណាច​អ្វី​ពិសេស​នោះទេ ទើប​គាត់​អាច​តោង​តំណែង​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ឡើង​ដុះ​ស្នឹម គ្មាន​នរណា​អាច​ប្រជែង​ជ្រែ​យក​តំណែង​របស់គាត់​បានទេ​។​តាមពិតទៅ លោក អោក បូរ៉ា គឺជា​មនុស្ស​ជំនិត និង​ធ្លាប់ជា​អ្នករក​លុយ​ទៅ​ផ្គត់ផ្គង់​លោក សូរ ឃុន ចុះ​មូលដ្ឋាន​ពង្រឹង​បក្ស​នៅឯ​ខេត្តតាកែវ ទើប​គាត់​អាចមាន​គុណសម្បត្តិ​ក្រាញ​តំណែង​ជា​អគ្គនាយក​ប្រៃ​ស​ណី​យ៍​​​កម្ពុជា គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ ទោះ​ជា​លោក ប្រាក់ សុខុន ឡើង​ធ្វើជា​រដ្ឋមន្ត្រី​យ៉ាងណាក៏ដោយ ក៏​សិទ្ធិអំណាច​របស់លោក អោក បូរ៉ា នៅតែ​រឹងមាំ ​ ​មិន​ខ្វល់​ពី​កំណែទម្រង់​ ស៊ីជម្រៅ​ ​។​

អំណាច​របស់លោក អោក បូរ៉ា គាត់​អាច​ចាត់តាំង​មន្ត្រី​ឲ្យ​កាន់​ការងារ​តាមតែ​អំពើ​ចិត្ត​ប្រសិនបើ​មន្ត្រី​ថ្នាក់ក្រោមមិនមែនជា​ខ្សែ​ទុយោ​របស់គាត់​ទេត្រូវគេ​បញ្ជូន​ឲ្យ​ទៅកាន់​ការិយាល័យ​ដែល​គ្មាន​ការងារ​ធ្វើឬ​មានតែ​ការងារ​អត់​មាន​ប្រាក់ចំ​ណូល​។ ​លោក អោក បូរ៉ា ក៏បាន​ប្រើ អំណាច​របស់​ខ្លួន​ក្នុងការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ឬ​ការជ្រើសរើស​មន្ត្រី​ពេញសិទ្ធិ​ដែលជា​ ខ្សែ​ទុយោឬ​សាច់ញាតិ​ របស់​ពួកគាត់​ឲ្យ​ស៊ីប្រាក់ខែ​រដ្ឋ​យ៉ាង​ប្រសេចប្រសាច បើទោះបីជា​ពេលខ្លះ​មន្ត្រី​ទាំងនោះ គ្មាន​ការងារ​ធ្វើ​ក្នុង​ប៊ុ​យ​រ៉ូ​នីមួយៗ​គរ​ជើង​គ្នា​ក៏​លោក អោក បូរ៉ា រៀបចំ​ឲ្យ​មានការ​ជ្រើសរើស​មន្ត្រី​ធំៗ​ឲ្យ​ចូល​បម្រើ​ការងារ​ដេកស៊ី​តែ​ប្រាក់ខែ​បំផ្លាញ​ចំណូល​ថវិកាជាតិ​។​ មន្ត្រី​ ​មួយចំនួន​បាន​លើកឡើងថា ក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ដែលមាន​ភាព​អសកម្ម និង​រឿងអាស្រូវ​ពុករលួយ​ប្រហាក់ប្រហែល​អង្គភាព​ប្រៃសណីយ៍​កម្ពុជា ដែល​សុទ្ធ​សឹង​ជា​អង្គភាព​ស្វយ័ត​មាន​ភាពម្ចាស់ការ​លើ​ចំណូល​និង​ចំណាយ ចំណូល ឲ្យ​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍ គឺ​ក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា មានការ​ផ្លាស់ប្តូរ​ថ្នាក់ដឹក​នាំ​ចំនួន​២​លើក​រួចមកហើយ គឺ​ទី​១ មានការ​ផ្លាស់ប្តូរ​តំណែង​លោក ឡៅ សារឿន ជំនួស​ដោយ​លោក កឹម វិ​ក្រា ហើយ​ពេលនេះ​ក៏មាន​ការផ្លាស់ប្តូ​រលោក កឹម វិ​ក្រា ដាក់ជំនួស​ដោយ​លោក ឡាយ ម៉ា​រី​វ៉ូ ក្រោមរូបភាព​កែទម្រង់​ដើម្បី​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ស្ងប់ចិត្ត​។ ប៉ុន្តែ​ក្នុង​អាណត្តិ​ដូចគ្នានេះ អង្គភាព​ប្រៃសណីយ៍​កម្ពុជា មិនមាន​ការផ្លាស់ប្តូរ​តំណែង​លោក អោក បូរ៉ា នោះទេ​មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ព្រោះ​ជាគោលការណ៍ របៀប​ដឹកនាំ​មួយ​ដែល​ដុះ​ស្នឹម ពោរពេញ​ដោយ​អំពើ​បក្ខពួកនិយម មាន​ការលួចបន្លំ​ចំណូល​ថវិកាជាតិ ។

អោក-បូរ៉ា-420x288-300x205

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com