កណ្តាល: ប្រជាជនកម្ពុជានិងប្រជាជនវៀតណាម ដែលធ្វើដំណើរឆ្លងដែន តាមប៉ុស្តិ៍ច្រកទ្វារជ្រៃធំ ស្រុកកោះធំ ត្រូវមានកាតព្វកិច្ច បង់លុយឲ្យមន្ត្រីប៉ូលិសច្រកទ្វារ ប្រចាំប៉ុស្តិ៍ ។ ការបង់លុយនោះ ចំពោះប្រជាជនកម្ពុជា បើសិនជា មានលិខិតឆ្លងដែនស្របច្បាប់ក៏ត្រូវបង់លុយក្នុងម្នាក់ៗ ចំនួន ៥.០០០ រៀល ថ្លៃវ៉ៃត្រាចេញចូល ក្នុងលិខិតឆ្លងដែន ។ រីឯអ្នកគ្មានលិខិតឆ្លងដែន ក៏អាចឆ្លងដែន ទៅប្រទេសវៀតណាម បានដែរ ដោយគ្រាន់តែបង់លុយ ឲ្យប៉ូលិសប្រចាំប៉ុស្តិ៍ ក្នុងម្នាក់ៗ ចំនួន ២០ ម៉ឺនរៀលប៉ុណ្ណោះ ។
ចំណែកប្រជាជនវៀតណាម ដែលធ្វើដំណើរ ឆ្លងដែនមកប្រទេសកម្ពុជា ក៏មានកាតព្វកិច្ច បង់លុយឲ្យប៉ូលិស ប្រចាំប៉ុស្តិ៍ផងដែរ ។ ចំពោះអ្នកមានលិខិតឆ្លងដែន ដែលត្រូវបង់លុយ ក្នុងម្នាក់ៗ ចំនួន៤ម៉ឺនដុង លុយវៀតណាម ស្មើនឹង ៨.០០០ រៀល លុយកម្ពុជា។ ហើយចំពោះ ប្រជាជនវៀតណាម ដែលគ្មានលិខិតឆ្លងដែន ត្រូវបង់លុយម្នាក់ៗ ចំនួន ១០ ដុល្លារ ឲ្យទៅប៉ូលិសប្រចាំប៉ុស្តិ៍ អាចឆ្លងចូលប្រទេសកម្ពុជាបាន ។
មតិប្រជាពលរដ្ឋដែលរស់នៅស្រុកស្អាង ខេត្តកណ្តាល បាននិយាយឲ្យដឹងថា កាលពីអំឡុងដើមឆ្នាំ២០១៣ លោកបាននាំឪពុកបង្កើត ដែលមានជម្ងឺធ្ងន់ធ្ងរ ទៅព្យាបាលនៅ ប្រទេសវៀតណាម ដោយមានប្អូនប្រុសម្នាក់ ទៅជាមួយដែរ ។ ការធ្វើដំណើរឆ្លងដែន ចូលទៅប្រទេសវៀតណាម ប្អូនប្រុសរបស់លោក គ្មានលិខិតឆ្លងដែនទេ ចំណែកលោកមាន ។ ចំពោះប្អូនរបស់លោក គ្មានលិខិតឆ្លងដែន ត្រូវបង់លុយឲ្យប៉ូលិស ប្រចាំប៉ុស្តិ៍ ចំនួន ២ ម៉ឺនរៀល ដើម្បីសុំយកលិខិតបញ្ជាក់ ឆ្លងដែននោះមិនអីទេ តែចំពោះលោកមានលិខិតឆ្លងដែន ក៏ត្រូវបង់លុយចំនួន ៥.០០០ រៀល ឲ្យទៅប៉ូលិសប្រចាំប៉ុស្តិ៍ ថ្លៃវ៉ៃត្រា លើលិខិតឆ្លងដែន ។លោក ឡុង សេង បាននិយាយទៀតថា ការបង់លុយចំនួន ៥.០០០ រៀលនោះ គឺនៅពេលដែលឆ្លងទៅ ប្រទេសវៀតណាមទេ ។ លុះត្រឡប់មកវិញ ចូលប្រទេសកម្ពុជាវិញ ក៏ត្រូវបង់លុយចំនួន ៥.០០០ រៀល ថ្លៃវ៉ៃត្រា លើលិខិតឆ្លងដែនចេញ និងចូលដូចគ្នា ។
ចំណែកក្រុមអ្នករត់តាក់ស៊ី ក៏បាននិយាយ ឲ្យដឹងដែរថា ប្រជាជនវៀតណាម ដែលធ្វើដំណើរ ឆ្លងចូលប្រទេសកម្ពុជា បើគ្មានលិខិតឆ្លងដែន ក៏ត្រូវបង់លុយចំនួន ៤ ម៉ឺនដុង លុយវៀតណាម ស្មើនឹង ៨.០០០ រៀល លុយកម្ពុជា ឲ្យទៅប៉ូលិសប្រចាំប៉ុស្តិ៍ផងដែរ ។ តៃកុងរថយន្តឈ្មួលម្នាក់ រស់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដែលស្នើសុំមិនប្រាប់ឈ្មោះ លោកជាអ្នករកស៊ី រត់តាក់ស៊ី ពីជ្រៃធំ មកភ្នំពេញ ពីភ្នំពេញ ទៅជ្រៃធំ បាននិយាយឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានប្រជាជនវៀតណាម ឆ្លងចូលមក ក្នុងប្រទេសកម្ពុជា យ៉ាងហោចណាស់ ៥០ទៅ១០០នាក់ដែរ ក្នុងនោះ ភាគច្រើន មានលិខិតឆ្លងដែន ។ ហើយប្រជាជនវៀតណាម ដែលមានលិខិតឆ្លងដែន ត្រូវបង់លុយចំនួន ៤ ម៉ឺនដុង លុយវៀតណាម ស្មើនឹង ៨.០០០ រៀល លុយកម្ពុជា ថ្លៃវ៉ៃត្រាលើលិខិតឆ្លងដែន ។ ចំណែកអ្នកគ្មានលិខិតឆ្លងដែន ក៏អាចឆ្លងចូលមក ប្រទេសកម្ពុជាបានដែរ ដោយបង់លុយ ចំនួន១០ដុល្លារ ឲ្យទៅប៉ូលិសប្រចាំប៉ុស្តិ៍ច្រកទ្វារ ។
តៃកុងឡានដដែល និយាយទៀតថា ការបង់លុយនោះ មិនមែនគ្រាន់តែ ចូលទៅទេ ពេលចេញមកវិញ ក៏ត្រូវបង់លុយ ៤ ម៉ឺនដុង និង ១០ ដុល្លារដូចគ្នា ។ មិនតែប៉ុណ្ណោះ អ្នកឆ្លងដែន ជនជាតិវៀតណាម ទាំងនោះ ពេលចូលទៅដល់ចំណុចជិតស្ពានទី៧៤ ហៅស្ពានព្រែកស៊ឹង ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ត្រូវបង់លុយឲ្យ ប៉ូលិសអន្តោប្រវេសន៍ ដែលដាក់ប៉ុស្តិ៍ប្រចាំការ នៅទីនោះ។ ចំពោះអ្នកមានលិខិតឆ្លងដែន ចំនួន ៣.០០០ រៀល គ្មានលិខិតឆ្លងដែន ចំនួន ១ ម៉ឺនរៀល លុយកម្ពុជា ។