0

ព្រំដែនស្រុកម៉ាទ្បៃជាច្រកនាំចូលទំនិញខុសច្បាប់និងបើកឲ្យពលករឆ្លងដែនខុសច្បាប់យ៉ាងហូរហែរ

បទល្មើស​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ តាម​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​ម៉ា​ទ្បៃ​ បានកើត​ទ្បើង​ ជា​យូរ​មកហើយ ប៉ុន្តែ​ទាំង​លោក គោ ស៊ុំ​សារឿ​ត ដែលជា​អភិបាលខេត្ត​បន្ទាយ​មានជ័យ​និង​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្ត​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រការនេះ​នាំ​ឲ្យ​មាន​សេចក្តី​សង្ស័យថា​ អភិបាលខេត្ត​ និង​ ស្នងការ​នគរបាល​ខេត្ត ​ទទួលបាន​ផលប្រយោជន៍​ពី បទ​ល្មើស​ទាំង​នោះដែរ ​ទើប​បណ្តោយ​​ឲ្យ​បទល្មើស​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន​។ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ មិនគួរ​មើលរំលង ​សកម្មភាព ​នាំ​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ព្រមទាំង​ឈើ​គ្រញូង​ចូល​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ា​ទ្បៃ​នោះទេ​ព្រោះ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

 ​ឥ​ទ្បូ​វ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចាន់គិរី ឃុំ​ អូរ​ស្រ​ទ្បៅ ស្រុក ​ម៉ា​ទ្បៃ ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​នៅ តែ​ឆ្លងដែន​ចូលទៅ​ទឹកដី​សៀម​នៅពេល​យប់​យ៉ាង​គគ្រឹកគគ្រេង ព្រោះ​​សមត្ថកិច្ច​ទប់ស្កាត់​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​។ កន្លែង​ដែល​ បើក​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូលទៅក្នុង​ទឹកដី​សៀម​ច្រើន​បំផុត​គឺ​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​ លេខ ​៨១៥ ប្រចាំ​នៅ​ខ្សែ​ ព្រំដែន​ភូមិ​ចាន់គិរី​។ សមត្ថកិច្ច​ឈរជើង​ក្នុង​តំបន់​នេះ​មិនដែល​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះទេ ផ្ទុយទៅវិញ​ពួកគេ​បែរជា​បណ្តោយ​ឲ្យ​បទល្មើស​កើត​ទ្បើង​កាន់តែច្រើន​ដើម្បី​ប្រមូល​ផលប្រយោជន៍​។ ជា​ការពិត​មកទល់នឹង​ពេលនេះ​ការបើក​ដៃ​ ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន ​ពេលយប់​នៅតែ​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក​ហើយ​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ក៏​ពុំមាន​ការថយចុះ​ទ្បើ​យ​។​

សូម​បញ្ជាក់ដែរថា​ថ្មីៗ​កន្លងទៅនេះ​លោក ខេង សុមេថ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​លោក គោ ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បានចេញ​បទបញ្ជា​រឹតបន្តឹង​ដល់​សមត្ថកិច្ច​តាម​ព្រំដែន​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​មេ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ប្រចាំ​នៅ​ស្រុក​ម៉ា​ទ្បៃ​មិនដែល​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ ហើយ​នៅតែ​បណ្តោយ​ឲ្យ​បទល្មើស​កើត​ទ្បើង​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​លោក គោ ស៊ុំ​សារឿ​ត ដែលជា​អភិបាលខេត្ត​និង​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​យ៉ាង​ទទឹងទិស​តទៅទៀត​៕

Wat-03096

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com