កំពងឆ្នាំងៈតាមអ្នកយកព័ត៌មានយើង និង ក្រុមឈ្មួញមួយចំនួនបានរាយការណ៏ មក អង្គភាពយើងថា មានករណីមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ កែវ សារ៉ាវុធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះលើផ្លូវជាតិលេខ៥ គាបជំរិតយកលុយពីឈ្មួញដឹកទំនិញនិងឈ្មួញដឹកឈើកំពុងតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ននគរបាលជាតិទាំងមូល។ ហេតុនេះសូមលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យលោកស័ក្តិ៣ កែវ សារ៉ាវុធ និងកូនចៅក្រោមឱវាទបង្កើតកុងត្រូលជជុះបំពានលើបម្រាមរបស់រដ្ឋាភិបាលនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងតទៅទៀត។ ការដែលលោក កែវ សារ៉ាវុធ និងបក្ខពួកធ្វើអ្វីៗដើម្បីប្រមូលផលប្រយោជន៍យកធ្វើមានធ្វើបានផ្ទាល់ខ្លួនគឺជារឿងអាក្រក់មើលបំផុត ហើយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្លាំងនគរបាលជាតិទៀតផង។
តាមប្រភពដដែលនោះបានបញ្ជាក់ទៀតថា ក្រុមឈ្មួញរកស៊ីដឹកទំនិញពីច្រកព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង ចូលមក រាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ឆ្លងកាត់ខេត្តកំពង់ឆ្នាំងបានរិះគន់ថា នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងមានកុងត្រូលជជុះជាច្រើនកន្លែងចាំជំរិតយកលុយនិងបង្កការលំបាកដល់ពួកគាត់គ្រប់ពេលវេលា។ ក្រុមឈ្មួញបានលើកទ្បើងទៀតថាលោកស័ក្តិ៣ កែវ សារ៉ាវុធ ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងបក្ខពួកមិនគិតគូរចាត់វិធានការបង្ក្រាបបទល្មើសសេដ្ឋកិច្ចនោះទេ គឺពួកគេប្រឹងប្រែងរកចំណូលដាក់ហោប៉ៅផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ បើនិយាយពីក្រុមឈ្មួញដឹកឈើខុសច្បាប់បើហ៊ានតែភ្លេចបង់លុយឲ្យលោក កែវ សារ៉ាវុធ និងបក្ខពួកប្រាកដជាត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតទ្បើយ។
លោក កែវ សារ៉ាវុធ និងបក្ខពួកតាមដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា មានលិខិតបេសកកម្មចេញដោយលោកផ្កាយ១ គឿន ភារម្យ ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចហើយកំពុងប្រើប្រាស់លិខិតបេសកកម្មនោះដើម្បីស្វែងរកផលប្រយោជន៍យ៉ាងគឃ្លើន។ សូម្បីតែម្ចាស់ទីតាំងអាជីវកម្មមួយចំនួនដូចជាឱសថស្ថាន ហាងលក់គ្រឿងសម្អាង ហាងលក់ទំនិញ និងសិប្បកម្មកែច្នៃឈើជាដើមក៏ត្រូវរងគ្រោះដោយសារបុគ្គល កែវ សារ៉ាវុធ និងបក្ខពួកជំរិតយកលុយដែរ។ ទង្វើដ៏អាក្រក់បែបនេះមិនគួរលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិមើលរំលងតទៅទៀតទេ ព្រោះបុគ្គល កែវ សារ៉ាវុធ និងបក្ខពួកកំពុងប្រើស្បែកជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដើម្បីស្វែងរកផលប្រយោជន៍ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់៕