ខេត្តសៀមរាប ៖ កន្លងមកក្រុមហ៊ុន សុខ សំណាង មិនមានអាជ្ញាប័ណ្ណអ្វី ដែលរាជរដ្ឋាភិបាល បានប្រគល់ឲ្យក្នុងការវិនិយោគ ផ្នែកវិស័យកសិកម្ម និងឧស្សាហកម្ម ដំណាំកៅស៊ូនោះទេ ប៉ុន្តែក្រុមហ៊ុននេះ បានឃុបឃិតគ្នា ជាមួយក្រុមហ៊ុន ២ទៀត គឺក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែលមានទីតាំង នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួមទាំងក្រុមហ៊ុនវៀតណាម នៅតំបន់ព្រៃឡង់ ដើម្បីចែកលាភសក្ការៈគ្នា កេងចំណេញ លើរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ។
ក្រោយពីក្រុមហ៊ុន សុខ សំណាង បានទទួលសិទ្ធិស្ងាត់ៗ ពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុនទំរីងរ៉ាប់ប៊ើ រួចមកក្រុមហ៊ុន សុខ សំណាង ក៏បាន ចាប់ផ្តើមសម្រុក កាប់បំផ្លាញព្រៃឈើ និងប្រមូលទិញឈើ ក្រៅបរិវេណក្រុមហ៊ុន ដូចជាឈើលេខ១, ឈើលេខ២ រួមទាំងឈើគ្រញូងផងដែរ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីកែច្នៃ និងដឹកជញ្ជូនឈើ ទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និង ក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើរួមទាំង ក្រុមហ៊ុនវៀតណាម នៅតំបន់ព្រៃឡង់ បាននិងកំពុងតែសម្រុក កាប់បំផ្លាញព្រៃឈើ ស្ទើររលាយសាបសូន្យ ក្នុងបរិវេណក្រុមហ៊ុន និងក្រៅក្រុមហ៊ុន ហើយពួកគេតែងតែ ប្រើប្រាស់ រថយន្តខ្នាតយក្សធំៗ ដឹកជញ្ជូនឈើរាប់សិបតោន លើសពីច្បាប់កំណត់ នាំឲ្យមានការបំផ្លិចបំផ្លាញផ្លូវថ្នល់ យ៉ាងធ្ងន់ធ្ងរបំផុត ហើយទង្វើទាំងអស់នេះ ត្រូវបានគេរិះគន់ថា ក្រុមហ៊ុននេះ មានចេតនាផ្គើនទៅនឹង បទបញ្ជាររបស់សម្តេចតេជោ យ៉ាងពេញទំហឹងតែម្តង។
ឈើទាំងឡាយ ដែលក្រុមហ៊ុននេះ កាប់បាននិងប្រមូលទិញបាន គេតែងតែដឹកជញ្ជូន ចែកចាយលក់នៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗ ដូចជាខេត្តសៀមរាប,បន្ទាយមានជ័យ, បាត់ដំបង, កំពង់ធំ, កំពងចាម, ព្រៃវែង, ស្វាយរៀង និងខេត្តមួយទៀត ៕