មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនទ្បើងរលាយព្រៃឈើស្រុកខ្មែរនោះ ពេលនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ក្តៅក្រហាយយ៉ាងខ្លាំង។ ដោយហេតុថា ការដ្ឋានកិនថ្មរបស់មេឈ្មួញរូបនេះនៅចំណុចខាងកើតភូមិស្រែសៀមឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ បានប្រើម្សៅតេអិនតេ បំផ្ទុះយកថ្មខុសពីការអនុញ្ញាតរបស់ការិយាល័យជំនាញនៃក្រសួងរ៉ែនិងថាមពល។ សកម្មភាពបំផ្ទុះម្សៅតេអិនតេយកថ្មរបស់មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា បានធ្វើឲ្យអំបែងដុំថ្មខ្ទាតពេញអាកាស ធ្លាក់មកលើលំនៅដ្ឋាន ស្រែចម្ការរបស់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចនិងរងផលប៉ះពាល់យ៉ាងខ្លាំង។
ប្រជាពលរដ្ឋក្នុងភូមិស្រែសៀមបានឲ្យដឹងថាជាយូរមកហើយការដ្ឋានកិនថ្មរបស់មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា បានធ្វើឲ្យពួកគាត់មានការភ័យខ្លាចព្រោះកម្ទេចដុំថ្មបានខ្ទាតស្រោចមកលើ ផ្ទះសម្បែងរបស់ពួកគាត់មិនខុស ពីគ្រាប់ផ្លោងទ្បើយ ។ សំទ្បេងម្សៅតេអិនតេដែលគេបំផ្ទុះនោះបានបង្កើតឲ្យមានផ្សែខ្មៅមកគ្របដណ្តប់លើភូមិទាំងមូល ហើយបំណែកដុំថ្មខ្លះបានទៅទម្លុះជញ្ជាំងផ្ទះអ្នកភូមិ ធ្លាក់ទៅលើផ្លូវ ធ្លាក់ទៅលើដីស្រែ ព្រោះការដ្ឋាននោះមានចម្ងាយមិនដល់៥០០ម៉ែត្រពីភូមិនោះទេ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ប្រាជ្ញ ចន្ទ ដែលជាអភិបាលខេត្តត្បូងឃ្មុំជួយដោះស្រាយបញ្ហាពួកគាត់ជាបន្ទាន់ដើម្បី កុំឲ្យការដ្ឋានកិនថ្មរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា បង្កផលប៉ះពាល់ដល់ពួកគាត់តទៅទៀត។
មន្ត្រីអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាការដ្ឋានយកថ្មរបស់មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា មួយរយៈពេលចុងក្រោយនេះបានបង្កសំទ្បេងផ្ទុះកាន់តែខ្លាំងគឺដាក់បំផ្ទុះក្នុងមួយលើកៗរាប់រយរន្ធធ្វើឲ្យប៉ះពាល់ស្រែស្រូវនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ សកម្មភាពនៅក្នុងការដ្ឋានកិនថ្មនោះគឺអនុវត្តន៍ផ្ទុយពីការណែនាំរបស់មន្ត្រីជំនាញ ក្រសួង មន្ទីរ និងអាជ្ញាធរឃុំ ស្រុក ខេត្ត ដែលបានកំណត់ឲ្យ។ ហេតុនេះអាជ្ញាធរខេត្តត្បូងឃ្មុំត្រូវតែទប់ស្កាត់សកម្មភាពបំផ្ទុះម្សៅតេអិនតេរបស់មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា ជាបន្ទាន់ ដើម្បីកុំឲ្យមេឈ្មួញរូបនេះអាងអំណាចបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមអំពើចិត្តទៀត៕