ថ្មីៗកន្លងទៅនេះ បទល្មើសនេសាទក្នុងបឹងទន្លេសាបនៃខេត្តសៀមរាប កើតឡើងយ៉ាងពេញបន្ទុក ហើយមេរដ្ឋបាលជលផលខេត្ត និងមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់មិនចាត់វិធានការទប់ស្កាត់ឡើយ និងបណ្តោយឲ្យជនល្មើសប្រើឧបករណ៍ខុសច្បាប់តាមអំពើចិត្ត។ ជាក់ស្តែង បទល្មើសនេសាទប្រភេទឆ្នុកចាប់បំភ្លឺដោយភ្លើងពណ៌ និងសម្រាស់កំប្លោក កំពុងមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែនបឹងទន្លេសាប នៃខេត្តសៀមរាប ហើយលោក ណៅ ធួក ដែលជាមេរដ្ឋបាលជលផល បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ក្រុមជនល្មើសមិនញញើតនឹងបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល សម្តេចនាយក ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសនេសាទនោះទេ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប ខេត្តសៀមរាប បានឲ្យដឹងថា បទល្មើសប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងពេញបន្ទុក ដូចជាឆ្នុក បរ ស្បៃមុងក្រឡាញឹក កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធដូចជាមន្ត្រីរដ្ឋបាលជលផល កងរាជអាវុធហត្ថនិងនគរបាលព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ក្នុងនោះបទល្មើសកើតឡើងច្រើនជាងគេ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលគ្រប់គ្រងដោយសមត្ថកិច្ចចម្រុះ ក្នុងនោះមានលោក ហោ ឡា ជានាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំង និងលោក រឹម សំអ៊ុន ជានាយផ្នែករដ្ឋបាលជលផលសូទ្រនិគម។ មន្ត្រីរដ្ឋបាលជលផលទាំងពីរនាក់នោះ ត្រូវបានគេដឹងថា ជាអ្នកជំរិតយកលុយពីក្រុមជនល្មើស ហើយបើកដៃឲ្យជនល្មើសធ្វើអ្វីៗស្រេចតែអំពើចិត្ត។