បាត់ដំបងៈ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្លះក៏មានការនាំចូលប្រភេទគ្រឿងសំណង់ ភាគច្រើនបង់ពន្ធតិចតួច ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ គេមិនដែលឃើញជំនាញគយរបស់លោក មាស សំអឿន ចាត់វិធានការបង្ការបង្ក្រាបនិងទប់ស្កាត់ម្តងណាឡើយ។ បើទោះបីជាសមត្ថកិច្ចដទៃឆែកឆេររកឃើញទំនិញមិនប្រក្រតីក៏ជំនាញគយរបស់លោក មាស សំអឿន មិនដែលខ្វល់ខ្វាយម្តងណាឡើយព្រោះប្រាក់ចំណូលដែលពួកគេទទួលបានពីអំពើពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ត្រូវបានរៀបចំជាកញ្ចប់ចែកជូន លោកប្រធានសាខាគយ ជាប់ជាប្រចាំទើបគេមិន ដែល ឃើញថ្នាក់លើដាក់ពិន័យលោក មាស សំអឿន។
ច្រករបៀងព្រំដែនអូរអន្លក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរអន្លក់ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងគគ្រឹកគគ្រេងដោយសារតែលោក មាស សំអឿន ជាប្រធានគយប្រចាំច្រកអូរអន្លក់ឃុបឃិតសម្របសម្រួលឲ្យមានការហូរចូល ទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមតែអំពើចិត្តមិនដែលខ្វល់ខ្វាយពី ការខាតបង់ចំណូលថវិកាជាតិ ហើយគេដឹងថាលោក មាស សំអឿន គឺជាអ្នករកចំណូលសេដ្ឋកិច្ចដ៏សំខាន់បង់ជូនលោក ប៉ាង វណ្ណថា ជាប្រធានសាខាគយខេត្តបាត់ដំបងទើបលោក មាស សំអឿន មានអំណាចធ្វើតាមអំពើចិត្ត។
ឈ្មួញដឺកពន្ធទំនិញគេចពន្ធបានបង្ហើបឲ្យដឹងថា កន្លងមកការរកស៊ីដឹកជញ្ជូនទំនិញរបស់ឈ្មួញទាំងតូចទាំងធំមកពីស្រុក សៀម ចូលតាមច្រកអូរអន្លក់ ដែលជាច្រករបៀងជាប្រភេទទំនិញគេចពន្ធ និងទំនិញខុសច្បាប់ព្រោះថា តាមគោលការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានកំណត់ឲ្យទំនិញ គ្រប់ប្រភេទត្រូវនាំចូលតាមច្រកព្រំដែនអន្តរជាតិ ដើម្បីឲ្យភ្នាក់ងារគយត្រួតពិនិត្យលើការបង់ពន្ធនាំចូលឲ្យបាន ត្រឹមត្រូវ។ ប៉ុន្តែការអនុវត្តជាក់ស្តែង ការដឹកជញ្ជូនទំនិញមិនប្រក្រតី ហូរចូលតាមច្រករបៀងអូរអន្លក់ច្រើនជាងការនាំចូលតាមច្រកព្រំដែន អន្តរជាតិឬច្រកព្រំដែនទ្វេភាគី ព្រោះលោក មាស សំអឿន បានសម្រួលលើកទឹកចិត្តឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញ ខុសច្បាប់តាមតែអំពើចិត្តគ្រាន់តែក្រុមឈ្មួញត្រូវទាក់ទងបង់លុយជូន លោក មាស សំអឿន ជាការស្រេច។
ច្រកអូរអន្លក់ដែលគេទទួលស្គាល់ជាទូទៅថា ជាតំបន់យុទ្ធសាស្ត្រដែលក្រុមឈ្មួញប្រើប្រាស់សម្រាប់នាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់មកពីស្រុកសៀម ក្រោមការសម្របសម្រួលឃុបឃិតបិទភ្នែកពីលោក មាស សំអឿន ដែលជាមេគយដ៏មានអំណាចនៅទីនោះ គេសង្កេតឃើញប្រជាកសិករខ្មែរជាច្រើន បានរងគ្រោះដោយសារអំពើ បង្ខំឲ្យបង់លុយក្រៅផ្លូវការនិងគ្មាន វិក្កយបត្រសម្រាប់ការនាំចេញពោតសណ្តែកទៅស្រុកសៀមតាមច្រកអូរអន្លក់ ផងដែរ។ ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញតាមច្រកអូរ អន្លក់ចេះតែទ្រាំបង់លុយជូនកូនចៅលោក មាស សំអឿន ទាំងទើសទាល់ដើម្បីកុំឲ្យមានការរំខានមុខរបររកស៊ីដឹកទំនិញរបស់ ពួកគេមិនដែលក្រែងញញើតចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយបន្តិចសោះឡើយ៕