ខេត្តកំពង់ចាម ៖ ក្នុងតួនាទីជាប្រធាន ការិយាល័យគយ និងរដ្ឋាករប្រចាំ ច្រកត្រពាំងផ្លុង លោក វ៉ូ វណ្ណា កំពុងសប្បាយ ប្រមូលលុយ ពីសកម្មភាពខុសច្បាប់ និងឃុបឃិតឲ្យក្រុមឈ្មួញ ទាំងតូចទាំងធំ នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ មកពីប្រទេសវៀតណាម នាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែរហូតមកដល់ម៉ោងនេះ គេនៅតែទទួលស្គាល់ថា លោក វ៉ូ វណ្ណា មេគយច្រកត្រពាំងផ្លុង មិនទាន់ខ្លាចរអារ ឬក៏ព្រួយបារម្ភនៅឡើយទេ ពីការដកហូតមុខតំណែង ក្នុងរឿងប្រព្រឹត្ដអំពើពុករលួយ ។
ច្រកត្រពាំងផ្លុង ដែលស្ថិតនៅក្នុង ស្រុកពញាក្រែក ខេត្ដកំពង់ចាម គឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ ទ្រង់ទ្រាយធំជាងគេ បើប្រៀបធៀបជាមួយ ច្រកព្រំដែននៅតាមខេត្ដដទៃទៀត ក្នុងភូមិភាគឦសាន ក្នុងនោះរួម មានទំនិញវិនិយោគ និងទំនិញបង់ពន្ធគ្រប់ប្រភេទ ដែលគេសំដៅទៅលើការ ហូរចូលទំនិញមិនប្រក្រតី ដ៏ច្រើនបែបនេះ គឺជាប្រភពសេដ្ឋកិច្ច មួយដ៏សំខាន់សម្រាប់ ឱ្យសមត្ថកិច្ចដែលមានវត្ដមាន ឈរជើងនៅច្រក ត្រពាំងផ្លុង តាមអនុក្រឹត្យ របស់រដ្ឋាភិបាល ទទួលបានផល ប្រយោជន៍ច្រើន ពីការចូលរួមបំបាត់ពន្ធ និងអនុញ្ញាតឱ្យមាន ការនាំចូលទំនិញខ្លះ ដែលមិនបានបង់ពន្ធ ។
លោក វ៉ូ វណ្ណា ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកត្រពាំងផ្លុង បានឃុបឃិត ជាមួយឈ្មួញដែលរកស៊ី នាំចូលទំនិញមិនប្រក្រតី ឲ្យបង់ពន្ធតាមរបៀបបន្ធូរបន្ថយ តាមរយៈការជួយរៀបចំ ឯកសារជាលក្ខណៈ ក្លែងភេទទំនិញ ។ គ្រាន់តែករណីទំនិញរបស់ឈ្មួញ ហាក់ ម៉ៅ និងទំនិញរបស់ យាយ ញាប់, ឈ្មួញ ផាត់ ប៊ុន, ឈ្មួញ យាយភី ដែលបានដឹកជញ្ជូនឆ្លងកាត់ ច្រកត្រពាំងផ្លុង ទាំងថ្ងៃទាំងយប់ តាមរថយន្តយីឌុបៗធំៗ គេដឹងថា មានចំនួនប្រមាណ ៥០ទៅ៦០ ភាគរយ គឺបង់ពន្ធមិនគ្រប់ ដូច្នេះលោក វ៉ូ វណ្ណា មិនអាចឆ្លើយដោះសារថា ខ្លួនមិនបានទទួលលាភសក្ការៈ រាល់ទំនិញមិនប្រក្រតី ដែលនាំចូលតាមច្រកត្រពាំងផ្លុង នោះឡើយ។
មន្ដ្រីតូចតាចមួយចំនួន បានអះអាងថា ទំនិញរបស់ឈ្មួញ ហាក់ ម៉ៅ, ឈ្មួញ យាយញាប់, យាយភី និងឈ្មួញ ផាត់ ប៊ុន គឺសមត្ថកិច្ចទាំងនោះ មិនហ៊ានប៉ះពាល់ទេ ដោយសារទំនិញទាំងអស់នេះ មានអ្នកសម្របសម្រួលរត់ការ បង់លុយឲ្យមន្ត្រីធំៗ រួចរាល់អស់ហើយ។ ប៉ុន្ដែក្រុមឈ្មួញធំៗ ដែលរកស៊ីបង់ពន្ធ មិនគ្រប់ទាំងអស់នេះ បានយល់យ៉ាងច្បាស់ ពីការបង់លុយឲ្យជំនាញគយ ដូច្នេះលោក វ៉ូ វណ្ណា សប្បាយក្នុងការកើបផលប្រយោជន៍ សម្រាប់បុគ្គលខ្លួនគាត់ និងសម្រាប់បង់ជូនថ្នាក់លើ ។ ស្របពេលដែលលោក ប៉ែន ស៊ីម៉ន ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគម្រោងបញ្ឈរជើងមន្ដ្រីគយ មួយចំនួនដែលជាប់ទាក់ទិនរឿងអាស្រូវពុករលួយ បែរជាលោក វ៉ូ វណ្ណា ដែលមានប្រវត្ដិប្រព្រឹត្ដ អំពើពុករលួយដុះស្លែ មិនទាន់ព្រឺរោមជើងនៅឡើយទេ ៕