កំពង់ស្ពឺៈ បទល្មើសព្រៃឈើ ស្រុកឳរ៉ាល់នៅតែបន្តកើតមានឡើងឥតដាច់ ចំណែកឯព្រៃឈើ និងជំរកសត្វព្រៃស្រុកឳរ៉ាល់កាន់តែហិនហោចទៅ ដែលនឹងត្រូវសាបសូន្យនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយសារតែអ្នកដែលមានតួនាទីថែរក្សាព្រៃឈើបែរជាឃុបឃិតគ្នាជាមួយក្រុមឈ្មួញព្រៃឈើល្មើសច្បាប់ទៅវិញ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឳរ៉ាល់ដែលស្រលាញ់នូវសម្បត្តិធនធានធម្មជាតិបានឲ្យដឹងថា ព្រៃឈើក្នុងស្រុករបស់ពួកគាត់កំពុងតែរលាយហិនហោច បន្តិចម្តងៗ ដោយសារតែមានមន្ត្រីពុករលួយមួយចំនួនដែលបើកដៃឲ្យ ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្ត ដោយគ្មានគិតពីជាតិ គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋបានបន្តទៀតថា សង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោរ ដែលមានលោក ស្មៀន រ៉េត ជានាយសង្កាត់ និងលោក ហ៊ ផល្លី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកថ្ពង ដែលមានស្នាក់ការឈរជើងការពារបទល្មើសព្រៃឈើតាមបណ្តោយផ្លូវលេខ៤៤ បែរជាមិនបំពេញភារកិច្ចរបស់ខ្លួន តែបែរជាបើកដៃឲ្យក្រុមប្រព្រឹត្តបទល្មើសព្រៃឈើ កាប់បំផ្លាញនិងដឹកជញ្ជូនឈើចេញ យ៉ាងសប្បាយរីករាយដោយមិនគោរពនូវបទបញ្ជារលេខ០១ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តិចណាឡើយ។
បើទោះបីជាមានសមត្ថកិច្ចពាក់ព័ន្ធ ឬប្រជាពលរដ្ឋរាយការណ៍ពីបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏លោក ស្មៀន រ៉េត និងលោក ហ៊ ផល្លី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង មិនខ្វល់ខ្វាយបង្ក្រាបដែរ គឺគិតសំខាន់តែលើការបង់លុយរបស់ក្រុមឈ្មួញជូនលោក បានគ្រប់ចំនួនគឺវារួចស្រេចទៅហើយ។
ប្រជាពលរដ្ឋបានបន្ថែមឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃយប់ មានឈើប្រណិតជាច្រើនប្រភេទ ត្រូវបានក្រុមឈ្មួញដឹកចេញតាមតំបន់របស់លោក តែពួកលោកមិនចាត់វិធានការតាមផ្លូវច្បាប់ទេ បែរជាឃុបឃិតគ្នាជាមួយអ្នកកាងឈើ និងអ្នករត់ការបង់ផ្លូវទៅវិញ។ រីឯប្រភេទឈើដែលប្រជាពលរដ្ឋដឹកធ្វើផ្ទះវិញ គឺចាំបាច់ត្រូវចូលបង់ប្រាក់ក្នុងស្នាក់ការរបស់លោកទាំងពីរ ចាប់ពី៣៥ម៉ឺនរៀល ទៅ៤៥ម៉ឺនរៀល ក្នុងមួយគោយន្ត តែប្រសិនបើជាឈើប្រណិតវិញគឺបង់ទ្វេដងទើបពួកលោក អនុញ្ញាតឲ្យដឹកឆ្លងកាត់៕