អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណបក្សជំរុញរាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការចម្រុះ ដែលមានសមាសភាពមកពីគ្រប់គណបក្សក្នុងរដ្ឋសភា ដើម្បីត្រួតពិនិត្យឡើងវិញពីការបោះបង្គោលព្រំដែនរវាងកម្ពុជា និងបណ្តាប្រទេសជិតខាង។
ការទាមទារនេះ ធ្វើឡើងនៅក្នុងសមាជមហាជនរបស់គណបក្ស ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃអាទិត្យ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជិតមួយម៉ឺននាក់ មានទាំងព្រះសង្ឃ កម្មកររោងចក្រ កសិករ អាជីវករ និងមន្ត្រីរាជការជាដើម។
សមាជមួយនេះ បានបញ្ចប់នៅម៉ោងជិត៥និង៣០នាទី ដោយសម្រេចលើចំណុចចំនួន១០ ដែលក្នុងនោះ មហាជន បានស្នើឲ្យគណបក្សសង្គ្រោះ ជំរុញរាជរដ្ឋាភិបាល ត្រួតពិនិត្យឡើងវិញពីការបោះបង្គោលព្រំដែន ដែលសំដៅទៅលើការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នេះ ប្តេជ្ញាថា នឹងបន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជាតិខាង ដើម្បីរក្សាបូរណភាពដែនដី និងអធិបតេយ្យប្រទេស រួមមានបញ្ហាដីក្បែរប្រាសាទព្រះវិហារ និងបញ្ហាបង្គោលព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ។
គោលការណ៍គ្រឹះនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ចេញផ្សាយនៅខែកញ្ញានេះ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំធ្វើការតស៊ូតាមផ្លូវច្បាប់ នៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យតុលាការមួយនេះ បកស្រាយសាលក្រមឆ្នាំ១៩៦២ ស្តីពីបូរណភាពដែនដី ដែលស្ថិតនៅក្នុងអធិបតេយ្យកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ។
គោលការណ៍គ្រឹះនៃកម្មវិធីនយោបាយបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយប្រទេសជិតខាង ឲ្យបានសម្រេច ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ពិសេសជំរុញការបោះបង្គោលព្រំដែនជាមួយប្រទេសវៀត ណាម និងប្រទេសឡាវ ឲ្យបានចប់សព្វគ្រប់ ឆាប់ៗ។
ចំណែកជាមួយប្រទេសថៃ រាជរដ្ឋាភិបាល នឹងខិតខំបន្តរុករកបង្គោលសីមាចាស់ ដែលនៅសេសសល់ ឲ្យបានឆាប់ ព្រមទាំងជំរុញ ឲ្យមានការឯកភាពគ្នាលើទីតាំងបង្គោល ដែលបានរកឃើញហើយ ដើម្បីធានាអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា និងកសាងខ្សែបន្ទាត់ ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បាននិយាយថា ការបង្កើតគណៈកម្មការ ដោយមានសមាជិកសភា មិនអាចទៅរួចទេ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនចូលសភានោះ។ លោកបន្តថា ក្រុមការងាររបស់លោក កំពុងបន្តធ្វើការយ៉ាងមមាញឹក ទៅលើកិច្ចការព្រំដែននេះ។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យ៉ុង (Nguyen Tan Dung) បានសម្ពោធបង្គោលព្រំដែនលេខ៣១៤នៃប្រទេសទាំងពីរ។ប្រទេសកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ទាត់ព្រំដែនក្នុងឆ្នាំ ១៩៨៥ ដោយមានខ្សែបន្ទាត់ព្រំដែនប្រវែង១២០០គីឡូម៉ែត្រ។
លោក វ៉ា គឹមហុង ធ្លាប់ឲ្យដឹងថា កម្ពុជា និងវៀតណាម បានវាស់វែង និងបោះបង្គោលព្រំដែនបានចំនួន ៨០% គឺនៅសល់បង្គោលព្រំដែនមួយចំនួនទៀត នៅខេត្តរតនគីរី និងមណ្ឌលគីរី ដែលភាគីទាំងពីរ មិនទាន់បានឯកភាពគ្នានៅឡើយ។
គួរបញ្ជាក់ថា កន្លងទៅបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម រងការរិះគន់ជាបន្តបន្ទាប់ពីប្រជាជនកម្ពុជា ដោយលើកឡើងថា ប្រទេសវៀតណាម នៅតែចូលឈ្លានពានទឹកដីកម្ពុជា ហើយពុំមានការត្រួតពិនិត្យ ត្រឹមត្រូវពីរាជរដ្ឋាភិបាល តែមន្ត្រីជំនាញរដ្ឋាភិបាល បានបដិសេធនឹងការលើកឡើងនេះ៕