ខេត្តត្បូងឃ្មុំៈ យោងតាមពីប្រភពប្រជាពលរដ្ឋរស់នៅក្បែរតំបន់ព្រំដែននៃច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះក្រុមឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។ ឈ្មួញដែលធ្វើ សកម្មភាពដឹកជញ្ជូនឈើតាមច្រកនេះមាន២នាក់គឺឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ដែលជាឈ្មួញរកស៊ីឈើខុសច្បាប់ជាយូរមកហើយ។ ការដែលឈ្មួញទាំងពីរនាក់នេះអាចដឹកជញ្ជូនឈើប្រណីតចេញតាមច្រកទន្លេចាមយ៉ាងរលូនគឺមានការបើកដៃពីមន្ត្រីអាជ្ញាធរនិង សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ ជាពិសេសសមត្ថកិច្ចគយនៅច្រកព្រំដែនតែម្តង។
សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា ការដែលឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា អាចដឹកជញ្ជូនឈើប្រណីតចេញតាមច្រកទន្លេចាមនិងច្រកផ្សេងៗទៀតក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំគឺដោយសារមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និង សមត្ថកិច្ចនៅតាមដងផ្លូវ។ ជាក់ស្តែងសេចក្តីរាយការណ៍ខ្លះបានឲ្យដឹងថាក្នុងឈើប្រណីតមួយម៉ែត្រគូបដែលនាំចេញទៅស្រុកយួន ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បង់លុយឲ្យអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំពី៥០០ទៅ៧០០ដុល្លារអាមេរិក។ ចំណែកឧកញ៉ា សឹង សំអុល ក៏អនុវត្តន៍ដូចឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួលគ្មានឧបសគ្គទាល់តែសោះ។
សេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថាសមត្ថកិច្ចគយនៅច្រកទន្លេចាមគឺជាអ្នកទទួលបានផលប្រយោជន៍ច្រើនជាង គេក្នុងការបើកដៃឲ្យឈ្មួញនាំឈើប្រណីតចេញទៅ លក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យ។ ទន្ទឹមនឹងនេះមន្ត្រីអាជ្ញាធរខេត្តត្បូងឃ្មុំនិងមន្ត្រីរដ្ឋបាលព្រៃឈើក៏ជាអ្នកជាប់ពាក់ព័ន្ធផលប្រយោជន៍យ៉ាងក្រាស់ឃ្មឹកជាមួយក្រុមឈ្មួញរកស៊ីឈើដូចជាឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល នោះដែរ។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យមើលរឿងនេះ និងចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ព្រោះមន្ត្រីអាជ្ញាធរខេត្តត្បូងឃ្មុំព្រមទាំងសមត្ថកិច្ចគយនិងមន្ត្រីរដ្ឋបាលព្រៃឈើកំពុងជាន់ឈ្លីបទបញ្ជាលេខ០០២របស់លោក ហ៊ុន សែន យ៉ាងគឃ្លើនបំផុត៕