0

បែកធ្លាយរឿងមន្ត្រីយោធាជាន់ខ្ពស់ព្រមានមេឈ្មួញ ហាក់ ម៉ៅ ឲ្យបន្ថយសកម្មភាពដឹកទំនិញគេចពន្ធ

មេ​ឈ្មួញ ហាក់ ម៉ៅ ដែល​អាង​ស្បែក​ជា​មន្ត្រី​យោធា​ហើយ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យកមក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​តាម​អំពើ​ចិត្ត​នោះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​១​ឆ្នាំៗ​។ គ្រាន់តែ​ឃ្លាំង​ស្តុក​ទំនិញ​របស់​មេ​ឈ្មួញ​ហាក់ ម៉ៅ នៅ​សងខាង​ផ្លូវ​លេខ​២០០២ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការបាត់បង់​ចំណូល​ពន្ធ​រាប់លាន​ដុល្លារ​ក្នុង​មួយខែៗ​។ បញ្ហា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ អគ្គនាយកដ្ឋាន​គយ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​អ្វីៗ​បន្ត​រាលដាល​កាន់តែខ្លាំង​។

ប្រភពពី​មន្ត្រី​យោធា​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ហាក់ ម៉ៅ បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​២​រូប​ដែល​ធ្លាប់​ធ្វើជា​ខ្នងបង្អែក​ឲ្យ ហាក់ ម៉ៅ នាពេល​កន្លងមក​បាន​ព្រមាន​ឲ្យ​ឈ្មួញ​រូបនេះ​ប្រុងប្រយ័ត្ន​ចំពោះ​មុខរបរ​របស់ខ្លួន​។ មន្ត្រី​យោធា​ជាន់ខ្ពស់​បាន​តម្រូវ​ឲ្យ​មេ​ឈ្មួញ​ហាក់ ម៉ៅ កាត់បន្ថយ​ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​តទៅទៀត ព្រោះ​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ស៊ើបអង្កេត គេ​មិន​អាចជួយ​បាន​ទ្បើ​យ​។ ប្រការ​នេះ​បានធ្វើ​ឲ្យ​មេ​ឈ្មួញ ហាក់ ម៉ៅ កំពុង​ប្រឈម​នឹង​បញ្ហាលំបាក​មួយចំនួន​ព្រោះ​ការព្រមាន​ពី​ចៅហ្វាយនាយ​របស់ខ្លួន​មិនមែនជា​រឿង​លេងសើច​នោះទេ​។

​មន្ត្រី​យោធា​ស្និទ្ធ​នឹង​ហាក់ ម៉ៅ បាន​ឲ្យ​ដឹង​ទៀតថា​កន្លងមក​អ្នក​ដែល​ព្រមាន​នោះ​គឺជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់ ហាក់ ម៉ៅ ហើយក៏​ជា​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន ផងដែរ​។ ប៉ុន្តែ​ក្នុង​ពិធី​ជួបជុំ​មួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនោះ​បាន​ព្រមាន​មេ​ឈ្មួញ ហាក់ ម៉ៅ នៅ​ចំពោះមុខ​តែម្តង​ឲ្យ​ប្រុងប្រយ័ត្ន​និង​កាត់បន្ថយ​ការនាំ​ចូល​ទំនិញគេចពន្ធ​នឹង​ទំនិញ​ខុសច្បាប់ ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​កំពុង​ស៊ើបអង្កេត​រឿងនេះ​យ៉ាង​ប្រកិត​បំផុត ហើយ​បើ​មាន​បញ្ហា​កើត​ទ្បើង​គេ​មិនអាច​ជួយ​អ្វី​បាន​ទ្បើ​យ​។ ការព្រមាន​នោះ​ធ្វើ​ឲ្យ​ហាក់ ម៉ៅ ធ្លាក់​ទឹកមុខ​យ៉ាងខ្លាំង​ព្រោះ​ការរកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​របស់ខ្លួន​ត្រូវបាន​គេ​ដឹង​ឮជា​សា​ធា​​រណៈ​​រួចទៅហើយ​៕

ហាក់-ម៉ៅ1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com