មេឈ្មួញបទល្មើសព្រៃឈើ គង់ ក្រឹង ជាជនជាតិខ្មែរឥស្លាម ត្រូវបានគេគេស្គាល់គ្រប់ៗគ្នាថា ជាទាហានបម្រើការ ងារនៅក្នុងកងវរៈការពារ ព្រំដែនជើងគោកលេខ ២០៤ ហើយក៏ជាមេឈ្មួញរកស៊ីបទល្មើសទិញ-លក់ឈើ ខុសច្បាប់យ៉ាងល្បី ល្បាញជាយូរឆ្នាំណាស់មកហើយ តែមិន មានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយ ហ៊ានចេញមុខបង្ក្រាបមេឈ្មួញកំពូលល្បិច ម្នាក់នេះឡើយ ។
តាមប្រភពព័ត៌មានពីស្រុកស្នួល ខេត្តក្រចេះ បានរៀបរាប់ឱ្យដឹងថា ឈើប្រណីតធ្នង់ បេង នាងនួន ដែលពួកឈ្មួញ ជីងខ្លាំងខាងប្រព្រឹត្តបទល្មើសព្រៃឈើ ដឹកតាមរថយន្តស៊េរីទំនើបៗដូចជា កាមរីឆ្លាម កាមរីបាឡែន និងរថយន្តកែច្នៃរួមទាំង ប្រើរូបភាពដឹកតាមម៉ូតូ និងរទេះគោជួលអ្នកភូមិយ៉ាងមមាញឹករាល់យប់ថ្ងៃសឹងគ្រប់ម៉ោងនាទី ដឹកចេញពីបណ្តាខេត្ត និងស្រុកស្នួល (ភ្នំព្រិច)តាមផ្លូវជាតិលេខ ៧ ឆ្ពោះទៅកាន់ទីតាំងស្តុកឈើប្រណីតរបស់លោក គង់ ក្រឹង ដែលជាមេឈ្មួញកំពូលល្បិចរកស៊ីឈើខុសច្បាប់ធំបំផុតប្រចាំតំបន់ព្រំដែនកម្ពុជាយួននេះ ។
ភាពក្រអឺតក្រទមរបស់មេឈ្មួញដ៏ល្បីល្បាញឈ្មោះ គង់ ក្រឹង នេះបានកំពុងតែធ្វើចរាចរដឹកឈើគ្រញូងឈើប្រណីត ដូចជា ធ្នង់ បេង នាងនួន ចរាចរណ៍តាមច្រកវ៉ាលីចូលមកក្នុងភូមិរ៉េវ មកស្តុកទុកក្នុងចំការស្វាយចន្ទី ចំកៅស៊ូ ជាពិសេសស្តុក នៅវរៈការពារព្រំដែន ២០៤ ស្ថិតក្នុងុឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ហើយប្រើមធ្យោបាយដឹកបន្តទៅលក់នៅព្រំដែន ប្រទេសវៀតណាម មានរថយន្តកាមរីគូថហើម រថយន្តឡង់គ្រីស័រ និងជាពិសេសដឹកតាមរទេះគោកជាច្រើនគ្រឿងទៀត និងគ្រប់រូបភាពផ្សេងៗ ទៀត… ។
សកម្មភាពរបស់មេឈ្មួញល្មើសច្បាប់ គង់ ក្រឹង មានគ្រប់រូបភាពនេះពុំត្រូវបានសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនោះ ទេ ដោយរាប់ទាំងមន្ត្រីរដ្ឋបាលព្រៃឈើពីថ្នាក់ផ្នែកសង្កាត់-ខណ្ឌ ទំនងជាទទួលបានសំណូកពីមេឈ្មួញនេះ ទើបមិនមានសកម្ម ភាពបង្ក្រាប នឹងទប់ស្កាត់ចាប់ឈើរបស់មេឈ្មួញឈ្មោះ គង់ ក្រឹង នេះបានម្តងណាឡើយ ។
មិនតែប៉ុណ្ណោះ ប្រការដែលមិនបង្ក្រាបនេះ ព្រោះមេឈ្មួញកំពូលល្បិចឈ្មោះ គង់ ក្រឹង នេះ បានចំណាយប្រាក់សំណូក ជូនអស់លោកមេព្រៃរួចអស់ហើយ ហើយនៅពេលដឹកជញ្ជូនឈើចេញពីគោលដៅមួយទៅគោលដៅមួយទៀត លោក គង់ ក្រឹង នឹងទូរស័ព្ទរាយការណ៍មុនពេល ដឹកឈើចេញពីគោលដៅ ចេញរហូតទៅដល់កន្លែងស្តុកទុកនៅក្នុងចំការស្វាយចន្ទី និងចំការកៅស៊ូក្នុងឃុំ២ធ្នូ និងទីតាំងវរៈការពារព្រំដែនគោក ២០៤ និងទីតាំងផ្សេងៗទៀត ។
បើតាមប្រភពព័ត៌មានដដែលបានបន្តទៀតថា រាល់ឈើប្រណីតដែលក្រុមឈ្មួញដឹកជញ្ជូនមកលក់ឱ្យមេឈ្មួញ គង់ ក្រឹង ដោយយកទៅលាក់ទុកក្នុងព្រៃរបោះមុខផ្ទះ ក្រោយផ្ទះក្នុងផ្ទះគ្របចំបើង និងដាក់គរជាគំនរធំៗបន្ទាប់មក ទើបមានរទេះគោ ជាច្រើនគ្រឿង និងរថយន្តទាហានពាក់ស្លាកលេខខេមរភូមិន្ទ ស្លាកលេខរដ្ឋ និងឡានស៊េរីទំនើប ដឹកជញ្ជូនចេញទៅតាមផ្លូវលំ តូចៗ ឬតាមច្រកបារ៉ាស់របស់ក្រុមហ៊ុនមួយចំនួន និងតាមច្រកព្រំដែនដែលមានជនជាតិវៀតណាមមករង់ចាំទទួលទិញបន្ត ។
ជាងនេះទៅទៀតប្រភពព័ត៌មានផ្សេងមួយទៀតនៅក្នុងស្រុកស្នួល បានប្រាប់ថា រាល់បទល្មើសដឹកជញ្ជូនឈើ ប្រណីតខុស ច្បាប់តាមដងផ្លូវ ជាពិសេសនៅក្នុងតំបន់ស្រុកស្នូលនេះតែម្តង គឺជាច្រកនាំចេញឈើប្រណីតដ៏ធំបំផុត ទៅប្រទេសវៀតណាម ផងដែរ ។
មានការលើកឡើងថា ពួកឈ្មួញរកស៊ីបទល្មើសព្រៃឈើកំពុងតែយកសមត្ថកិច្ចគ្រប់ជំនាញធ្វើជាខ្នងបង្អែក និងកាងឱ្យការរកស៊ីរបស់ពួកឈ្មួញបានយ៉ាង រលូន ។ ហេតុនេះហើយ បានជាមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធ ឬជំនាញណាមួយទៅបង្ក្រាបបទល្មើសព្រៃឈើដែលខុស និងច្បាប់បែបនេះបានម្តងណាឡើយ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោក គង់ ក្រឹង កន្លងមកបានផ្តល់ព័ត៌មានតាមទូរស័ព្ទឆ្លើយថា លោកពិតជា បានរកស៊ីបទល្មើសព្រៃឈើមែន ប៉ុន្តែនៅពេលឥឡូវនេះសកម្មភាពវាថយជាងពីពេលមុន ។ ប៉ុន្តែឈ្មោះ លោក គង់ ក្រឹង ក៏បានបញ្ជាក់ថា រាល់សកម្មភាពលោករកស៊ី គឺប្រើល្បិចខ្ពស់ណាស់ លោករៀបចំចាត់ចែងទិញ-លក់ និងរាល់ការដឹកជញ្ជូន ត្រូវតែរៀបចំផែនការឱ្យខ្ពស់ ។ នៅពេលសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចថ្នាក់ជាតិចុះមកធ្វើការស៊ើបអង្កេត ម្តងៗ មិនដែលរកឃើញទីតាំងស្តុកឈើរបស់លោក គង់ ក្រឹង ម្តងណាឡើយ ។ ព្រោះលោកមានមិត្តភ័ក្ត្រជាសមត្ថកិច្ចថ្នាក់ ក្រោមប្រាប់ដំណឹងជាមុន ព្រោះសមត្ថកិច្ចមួយចំនួន គឺទទួលបានលាភសក្ការៈពីលោកជារៀងរាល់ខែជាប្រចាំទៅហើយ ។
បញ្ហាខាងលើ គង់ ក្រឹង បានបន្តទៀតថា នៅពេលកូនចៅរបស់លោក ឬក៏ជាម៉ូយដឹកឈើយកមកឱ្យគាត់ (គង់ ក្រឹង) នៅពេលសមត្ថកិច្ច ថ្នាក់ក្រោមប៉ុន្មានខេត្តនោះ ចាប់គ្រាន់តែពួកម៉ូយតេទូរស័ព្ទមកប្រាប់គាត់ (គង់ ក្រឹង)ភ្លាម លោក គង់ ក្រឹង តេទូរស័ព្ទទៅជំនាញដែល ចាប់កូនចៅដែលជាម៉ួយរបស់គាត់ ពួកសមត្ថកិច្ចដោះលែងភ្លាមមួយរំពេចតែម្តង ។
ផ្ទុយពីឈ្មួញរកស៊ីបទល្មើសព្រៃឈើ បែជាអះអាងថា គឺមេឈ្មួញកំពូលល្បិច គង់ ក្រឹង កំពុងមានអំណួតយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរមាន ចំណាត់ការមកលើអ្នកកាសែតយ៉ាងក្តៅគគុកយ៉ាងទទឹងទិសនោះ ។ ហើយរឿងដែលមិនប្រក្រតីនោះ គឺមន្ត្រីជំនាញដូចរដ្ឋាភិបាលព្រៃឈើគ្រប់ជាន់ថ្នាក់របស់ខេត្តនេះក្លាយទៅជាអ្នកមើលផ្លូវឱ្យមេឈ្មួញ គង់ ក្រឹង ហើយ ក្នុងនោះមេស្រុកស្នួល គង់ គឹមនី ក៏មានចំណែកនៅពីក្រោយឈ្មួញនេះដែរ ។/
ដោយ ៖ សំលេងសេរីភាព