សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋខេត្តត្បូងឃ្មុំបានឲ្យដឹងថាឈ្មួញឈ្មោះ អ៊ុក ទ្រា និងផេង ឆុន នៅតែបន្តសកម្មភាពរកស៊ីឈើខុសច្បាប់ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ជាក់ស្តែងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ មានរថយន្តភ្លៅ៥មួយគ្រឿងដែលដឹកឈើបន្លំជាមួយក្បួនរថយន្តដឹកឈើរបស់មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា បានក្រទ្បាប់នៅភូមិជ្រៃទ្បើង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈបម្រុងដឹកឈើចេញតាមច្រកទន្លេចាមយកទៅលក់ឲ្យឈ្មួញយួននៅតំបន់ព្រំដែន។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធធ្វើមិនដឹងមិនឮអ្វីទាំងអស់ព្រោះពួកគេទទួលបានផលប្រយោជន៍ពីឈ្មួញ អ៊ុក ទ្រា និង ផេង ឆុន ជាប្រចាំ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋភូមិជ្រៃទ្បើង បានឲ្យដឹងថារថយន្តដឹកឈើដែលក្រទ្បាប់នោះដឹកសុទ្ធតែឈើសុក្រំហើយគ្មានច្បាប់អនុញ្ញាតទេ ដោយរថយន្តនោះបានដឹកអែបតាមពីក្រោយរថយន្តដឹកឈើរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ២គ្រឿងទៀតដែលមានច្បាប់នាំចេញឈើប្រភេទលេខ២។ ប្រជាពលរដ្ឋបានឲ្យដឹងថាដោយសារតែរថយន្តក្រទ្បាប់ទើបអ្នកយកព័ត៌មានបានដឹងពីបទល្មើសដែលឈ្មួញ អ៊ុក ទ្រា និង ផេង ឆុន បានប្រព្រឹត្ត បើមិនដូច្នេះទេគឺសមត្ថកិច្ចលាក់បាំងជិតឈឹងជាមិនខាន ព្រោះគេបានរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នរួចទៅហើយ។
ឈ្មួញឈ្មោះ អ៊ុក ទ្រា ត្រូវបានគេស្គាល់ថាជាមេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងមេមត់ ចំណែកឈ្មួញ ផេង ឆុន ត្រូវបានគេដឹងថាមានតួនាទីជានាយរងនគរបាលច្រកព្រំដែនកោះថ្ម។ ឈ្មួញដែលជាកងកម្លាំងប្រដាប់អាវុធទាំង២នាក់នេះ គឺជាមនុស្សជិតស្និទ្ធរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ទើបសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានសួរនាំអ្វីទាំងអស់ហើយបើកដៃឲ្យពួកគេដឹកឈើទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យ។ ឈ្មោះ អ៊ុក ទ្រា និងផេងឆុន រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួនជាច្រើនឆ្នាំមកហើយ ដោយពេលខ្លះអែបជាមួយក្បួនរថយន្តដឹកឈើរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ហើយពេលខ្លះគេឲ្យមេការយកលុយទៅបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធដើម្បីកុំឲ្យរំខានអាជីវកម្មរបស់ពួកគេ៕