ភ្នំពេញ ៖ ចាប់តាំងពីប្រទេសកម្ពុជា ទទួលរងគ្រោះទឹកជំនន់ ដែលផ្ដើមចេញពី ជំនន់ទឹកភ្លៀង និងមួយផ្នែកទៀតកើនឡើង ពីទន្លេមេគង្គ និងការហូរធ្លាក់ពីប្រទេសថៃ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣នេះ ប្រជាពលរដ្ឋកម្ពុជា ស្ថិតនៅក្នុងខេត្ដចំនួន៤ ចំនួន៨៣នាក់បានស្លាប់ ដោយសារតែគ្រោះ ធម្មជាតិមួយនេះ ក្នុងនោះស្ដ្រី ២៦នាក់និង កុមារដែលមានអាយុពី១ឆ្នាំ ទៅ២ឆ្នាំមាន ចំនួន ៣៤នាក់ ។ នេះបើយោងតាមលោក ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្ដ បានប្រាប់ថា នៅរសៀលថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០១៣ ខណៈដែលរូបលោក និង ក្រុមការងារ ព្រមទាំងអាជ្ញាធរខេត្ដសៀម រាប បាន និងកំពុងចុះត្រួតពិនិត្យស្ថានភាព ទឹកជំនន់ និងការបាក់ទំនប់តាកៅ ។
លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បាន មានប្រសាសន៍ថា សម្រាប់គ្រោះទឹកជំនន់ នៅឆ្នាំ២០១៣ រហូតមកដល់ពេលនេះ សម្លាប់ប្រជាពលរដ្ឋខ្មែរ ៨៣នាក់ ក្នុងនោះ ខេត្ដដែលច្រើនជាងគេ គឺខេត្ដកំពង់ចាម មាន ២៦នាក់ ខេត្ដព្រៃវែង ១៤នាក់ ខេត្ដ កំពង់ធំ១០នាក់ និងខេត្ដសៀមរាប ៧នាក់។
លោក ញឹម វណ្ណដា បានបន្ដទៀតថា គ្រោះ ទឹកជំនន់ដែលបាន និងកំពុងវាយលុករាជ ធានី-ខេត្ដចំនួន ១៣ នៅក្នុងប្រទេសកម្ពុជា នេះ បានធ្វើឱ្យប៉ះពាល់ដីស្រែ របស់ប្រជាពល រដ្ឋចំនួន ១២ម៉ឺនហិកតា ប៉ះពាល់ប្រជាជន ៨សែននាក់ ប៉ះពាល់ផ្ទះសម្បែង ១២ម៉ឺន ខ្នង សាលារៀន ៦៧០កន្លែង វត្ដអារាម ៣៧០កន្លែង មណ្ឌល សុខភាព ៤៧កន្លែង និងទ្រព្យសម្បត្ដិជាច្រើនផ្សេងទៀត។យ៉ាង ណាក៏ដោយ ចំពោះផលប៉ះពាល់ខាងលើនេះ ត្រូវបានលោកទេសរដ្ឋមន្ដ្រីអះអាងថា ស្មើ នឹង ៥០ភាគរយ នៃគ្រោះទឹកជំនន់ដែល បណ្ដាលមកពីព្យុះកេតសាណា កាលពីឆ្នាំ ២០១១ កន្លងទៅ ។
បើយោងតាមលោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ជុំវិញការបាក់ទំនប់តាកៅគឺអាជ្ញាធរ ខេត្ដសៀមរាប និងស្ថាប័នពាក់ព័ន្ធបាន និង កំពុងរិះរកវិធានការ ដើម្បីបញ្ចៀសទឹក ជំនន់ទាំងនេះ ហូរចាក់ទៅបឹងទន្លេសាប ជៀសវាង ការលិចព្រលានយន្ដហោះអន្ដរ ជាតិសៀមរាប ការលិចប្រាសាទអង្គរ និង បុកចូលទីរួមខេត្ដសៀមរាប ។ ដោយសារ តែការបាក់ទំនប់តាកៅ ធ្វើឱ្យផ្ទះប្រជាពល រដ្ឋ៣០០០ខ្នង និងប្រជាពលរដ្ឋ ៥សែននាក់ រងផលប៉ះពាល់ភ្លាមៗ
ចំពោះស្ថានភាពអាកាសធាតុវិញ រដ្ឋ មន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បានថ្លែងឱ្យដឹងថា ហាក់បី ដូចជាមានការធូរស្រាល ដោយសារតែស្ថាន ភាពភ្លៀងបានស្បើយ ដូចអ្វីដែលក្រសួង ធនធានទឹក បានចេញសេចក្ដីប្រកាសព័ត៌ មានរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននេះ ។
នៅក្នុងឱកាស នៃការចុះពិនិត្យស្ថាន ភាពទឹកជំនន់ តាមបណ្ដាខេត្ដជុំវិញបឹងទន្លេ សាប កាលពីព្រឹក និងរសៀលថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០១៣ លោករដ្ឋមន្ដ្រី លឹម គាន ហោ បានបញ្ជាក់ថា សម្រាប់ទឹកជំនន់នៅ ខេត្ដពោធិ៍សាត់ អាចនឹងមានការកើនឡើង បន្ដិចទៀត មុននឹងចាប់ស្រកចុះទៅវិញ ខណៈដែលកម្ពស់ទឹកនាថ្ងៃទី០៧ ខែតុលា មានកម្ពស់ ៥,២៨ម៉ែត្រ ខ្ពស់ជាងកម្រិតនៃ ការប្រកាសអាសន្ន ប្រមាណ ០,៤០ម៉ែត្រ។
នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានឱ្យដឹងផងដែរថា សម្រាប់ខេត្ដបាន និងកំពុងប៉ះពាល់ធ្ងន់ធ្ងរ ជាងគេ គឺខេត្ដទាំង ៥ ជុំវិញបឹងទន្លេសាប ដោយឡែក ខេត្ដកំពង់ចាម ក្រចេះ កំពង់ធំ និងខេត្ដមួយចំនួនទៀត ហាក់បីដូចជាមាន ការធូរស្រាល ។
សម្រាប់ខេត្ដកណ្ដាល ដែលរងផលប៉ះ ពាល់ ដោយសារគ្រោះទឹកជំនន់ត្រូវបានអភិ បាលខេត្ដ លោក ផៃ ប៊ុនឈឿន បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួនឱ្យដឹងថា ស្រុក ក្រុងចំនួន៩បានរងផលប៉ះពាល់ដោយសារ តែទឹកជំនន់ទន្លេមេគង្គ ទន្លេសោប និងទន្លេ បាសាក់ ។
លោកអភិបាលខេត្ដបានបញ្ជាក់ ទៀតថា ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់លិច ផ្ទះប្រជាពលរដ្ឋចំនួន ៣៥.៣១១ គ្រួសារ ស្មើនឹង ១៦៤.០១២នាក់ ហើយប្រជាពល រដ្ឋ ចំនួន ២៣៥គ្រួសារ ស្មើនឹង ៩៣១នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិ ភាព ។ ដោយឡែកប្រជាពលរដ្ឋដែលជួប ការខ្វះខាត មានចំនួន ២៧៦គ្រួសារ ស្មើនឹង ១.០៧៣នាក់ ក្នុងនោះផ្ទះប្រជាពលរដ្ឋដែល រងផលប៉ះពាល់មួយចំណែកមាន ៥៥ខ្នង រអិលចូលទន្លេ ដោយបាក់ច្រាំងមានចំនួន ១៧ខ្នង ។
បើតាមលោកអភិបាលខេត្ដ សម្រាប់ គ្រោះទឹកជំនន់នេះ សម្លាប់ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ៤ឆ្នាំ ព្រមទាំង ស្ដ្រីម្នាក់អាយុ ៥៨ឆ្នាំ ។ ដោយឡែកសាលា រៀន ដែលរងផលប៉ះពាល់មានចំនួន ១២៦ កន្លែង មណ្ឌលសុខភាព ៦កន្លែង វត្ដអារាម ២៣កន្លែង ប្រព័ន្ធធារាសាស្ដ្រ ១៥កន្លែង ទំនប់ ៦៣.២៧១ម៉ែត្រ ទំនប់បាក់ ២៧៥ ម៉ែត្រ ប៉ះពាល់ផ្លូវជាតិ ៦០ម៉ែត្រ ផ្លូវលំ ប្រវែង២០០.៨៣៣ម៉ែត្រ ស្ពាន ១៨៦ម៉ែត្រ និងលូ ៤៣ម៉ែត្រ ។
របាយការណ៍របស់លោកអភិបាលខេត្ដ បានបញ្ជាក់ទៀតថា ទឹកជំនន់បានធ្វើឱ្យប៉ះ ពាល់ដំណាំស្រូវចំនួន ៤.៦៤២ហិកតា ប៉ះ ពាល់ដំណាំរួមផ្សំចំនួន ២.១២៥,១៩ហិកតា និងជម្លៀសសត្វពាហនៈចំនួន២.២៣១ ក្បាល ។ ដោយឡែកនៅខេត្ដបាត់ដំបងវិញ គ្រោះទឹកជំនន់បានសម្លាប់មនុស្ស ៤នាក់ នៅស្រុកកំរៀង ស្រុកមោងឫស្សី ស្រុក សង្កែ និងស្រុកថ្មគោល ។
យោងតាមមន្ដ្រី គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្ដរាយ ខេត្ដបាត់ដំបង បាន បង្ហាញថា ស្រុកចំនួន ១៤ របស់ខេត្ដមាន ៨ ស្រុក ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ ជាង ៣ម៉ឺន ខ្នងក្នុងនោះ ១៦ខ្នង ត្រូវបានកម្លាំងទឹកហូរ យកទៅបាត់។ដោយឡែកស្រូវប្រមាណ ៣ម៉ឺនហិកតា និងដំណាំរួមផ្សំ ១ម៉ឺន៣ពាន់ ហិកតា បានរងផលប៉ះពាល់ ។
ដោយឡែក នៅខេត្ដបន្ទាយមានជ័យ បានរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ក្នុងនោះ ទីក្រុងប៉ោយប៉ែត ត្រូវបានទឹកជន់លិចទាំង ស្រុង ដែលហូរបុកមកពីប្រទេសថៃ ហើយ កំណាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅក្រុងប៉ោយ ប៉ែត ត្រូវបានអាជ្ញាធរខេត្ដបិទចរាចរណ៍ជា បណ្ដោះអាសន្ន ។
គួរបញ្ជាក់ថា នៅពេលដែលទទួលរង គ្រោះ ដោយសារតែទឹកជំនន់នៅឆ្នាំ២០១៣ នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន បញ្ជាឱ្យក្រសួង ស្ថាប័ន អាជ្ញាធរខេត្ដ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទាំងនគរបាលអាវុធហត្ថ និងមន្ដ្រីយោធា ត្រូវចុះជួយអន្ដ រាគមន៍ជាបន្ទាន់ ដៃម្ខាងជម្លៀសប្រជាពល រដ្ឋចេញពីជំនន់ទឹក ទៅកាន់ទីទួលមានសុវត្ថិ ភាព និងដៃម្ខាងទៀតនាំយកជំនួយសង្គ្រោះ បន្ទាន់ ជាមួយកាកបាទក្រហមកម្ពុជាទៅ ចែកជូន រួមជាមួយក្រុមគ្រូពេទ្យដេម្បីព្យា បាល និងផ្ដល់ថ្នាំសង្កូវ ។
យ៉ាងណាក៏ដោយ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងធនធានទឹក បានបញ្ជាក់ថា ភ្លៀងនឹង ថមថយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ ដូច្នេះបើស្ថានភាពទឹកភ្លៀង មានការធូរ ស្បើយមែននោះ នឹងធ្វើឱ្យស្ថានភាពទឹក ជំនន់នៅតាមបណ្ដាខេត្ដ ដែលរងផលប៉ះ ពាល់ ជាពិសេសខេត្ដនៅជុំវិញបឹងទន្លេសាប នឹងស្រកជាបណ្ដើរៗ ។
លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា មិន ទាន់អាចបញ្ជាក់ពីទំហំ នៃការខូចខាតរួម នៃគ្រោះទឹកជំនន់ ដែលបាន និងកំពុងវាយ ប្រហាររាជធានី-ខេត្ដទាំង ១៣ របស់ ប្រទេសកម្ពុជានៅឡើយទេ រហូតមកដល់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣នេះ ។
រហូតមកដល់ពេលនេះ អាជ្ញាធរ និង សមត្ថកិច្ចតាមបណ្ដាខេត្ដ ដែលរងផលប៉ះ ពាល់ដោយសារគ្រោះទឹកជំនន់ បាន និង កំពុងជួយជម្លៀសជាបន្ដបន្ទាប់ កន្លែងខ្លះ មានការបញ្ជូនអូប័រទៅជួយដឹកជញ្ជូនទៀត ផង ៕
រាយការណ៍ដោយ៖ សារព័ត៌មានចាប់ដៃ