ដោយល្បីល្បាញថាជាមន្ត្រីជំនិតឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនោះ លោក មុំ ចែម អតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានមានឱកាសឡើងកាន់កាប់តំណែងជាប្រធានមន្ទីរតែម្តង កាលពីដើមឆ្នាំ២០១៤កន្លងទៅ ខណៈនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំនេះមានលេចចេញរឿងអាស្រូវពុករលួយកិបកេងថវិកាជាតិ និងថវិកាគម្រោងយកមកដាក់ហោប៉ៅផ្ទាល់ខ្លួនមិនស្ទើរដែរ ក្រោមកិច្ចសហការយ៉ាងរលូនរវាងលោកប្រធានមន្ទីរ មុំ ចែម និងលោកប្រធានការិយាល័យរដ្ឋបាល ថុង ប៊ុនធាង ព្រមទាំងលោកប្រធានការិយាល័យគណនេយ្យ ចាន់ វុធថា ។
ប្រភពព័ត៌មានពីក្រុមមន្ត្រីបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ចាប់តាំងពីលោក មុំ ចែម បានឡើងកាន់កាប់មុខតំណែងជាប្រធានមន្ទីរមក រាល់គម្រោងទាំងអស់ត្រូវបានលោកច្បាមយកក្តោបម្នាក់ឯង មិនបែងចែកឲ្យទៅអនុប្រធានមន្ទីរ ឬមន្ត្រីផ្សេងៗទៀតកាន់ឡើយ ហើយថវិកាជំពូក៦០លើផ្នែកសម្ភារៈផ្គត់ផ្គង់ថែទាំ ផ្នែកសម្ភារៈផ្គត់ផ្គង់រដ្ឋបាល ផ្នែកថែទាំជួសជុល ផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស បានក្លាយជាមុខម្ហូបដ៏ឆ្ងាញ់របស់លោកប្រធានមន្ទីរ ។ លើសពីនេះ លោកប្រធានមន្ទីរ មុំ ចែម បានស៊ីប្រាក់មន្ត្រីខ្មោច(មន្ត្រីមានតែឈ្មោះ តែគ្មានវត្តមានធ្វើការ)ឈ្មោះ អ៊ុល ពេជ្រចរិយា ដែលបច្ចុប្បន្នឈ្មោះនេះកំពុងបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាល ។
កាលពីឆ្នាំ២០១៣កន្លងទៅ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានចំណាយថវិកាជាតិមិនមែនជាកម្មវិធី សរុបអស់ចំនួន១.០០១.៩៨១.៤០០រៀល ក្នុងនោះជំពូក៦០អស់ចំនួន១៦៣.៩៦៣.០០០រៀល, ជំពូក៦១អស់ចំនួន៤០៣.២០៧.០០០រៀល, ជំពូក៦២អស់ចំនួន៩៨.៣២៧.៧៥០រៀល និងជំពូក៦៤អស់ចំនួន៣៣៤.៨៣៣.៦៥០រៀល ។ រីឯគម្រោងចំណាយសម្រាប់ឆ្នាំ២០១៤មានទឹកប្រាក់សរុបចំនួន៩៩២.០០០.០០០រៀល ក្នុងនោះជំពូក៦០ចំនួន១៥៤.៧០០.០០០រៀល, ជំពូក៦១ចំនួន២៩៨.៤០០.០០០រៀល, ជំពូក៦២ចំនួន១២៨.២០០.០០០រៀល និងជំពូក៦៤ចំនួន៤០៧.៧០០.០០០រៀល ។
រូបភាពនៃអំពើពុករលួយកើតមាននៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ គឺមានការកិបកេងប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេសមិនតិចជាង៧០ភាគរយ លើទឹកប្រាក់ជាង១០០លានរៀល, ទឹកប្រាក់ចំណាយក្នុងជំពូក៦១ផ្នែកថែទាំ ជួសជុល(៦១៥)មានទឹកប្រាក់ជាង២០០លានរៀល និងការប្រើប្រាស់ប្រេងឥន្ធនៈ(៦០១៥) ។
សូមឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាត្រួតពិនិត្យ ស៊ើបអង្កេតស្រាវជ្រាវលើករណីប្រព្រឹត្តអំពើពុករលួយនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានលោក មុំ ចែម ជាប្រធានមន្ទីរនោះផង ដ្បិតមានមន្ត្រីភាគច្រើនក្នុងចំណោម៥៤នាក់ក្នុងមន្ទីរទាំងមូល បានសម្តែងនូវការមិនពេញចិត្តទៅនឹងរបៀបរបបដឹកនាំប្រកបដោយអំពើបក្ខពួកនិយម ក្តោបអំណាច និងពុករលួយរបស់លោកប្រធានមន្ទីរ មុំ ចែម កាន់តែខ្លាំងឡើងៗហើយ ៕