លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ នឹងដឹកនាំគណៈប្រតិភូទៅប្រទេសប្រ៊ុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជា នៅម៉ោងជាង៨ព្រឹកនេះ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា កិច្ចប្រជុំនោះ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១០ខែតុលា។ កិច្ចប្រជុំនោះ រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ កិច្ចប្រជុំកំពូលអាស៊ាន- ជប៉ុន អាស៊ាន-កូរ៉េ អាស៊ាន-ចិន អាស៊ាន-អាមេរិក អាស៊ានបូក៣ អាស៊ាន-អាស៊ីបូព៌ា អាស៊ាន-ឥណ្ឌា និងអាស៊ាន-អង្គការសហប្រជាជាតិ។
ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទេ្វភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាបបុត (Tony Abbott) នាយករដ្ឋមន្ត្រីណូវេលហ្សេឡង់ លោកចន ឃី (John Key)និង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូនផងដែរ។
គណៈប្រតិភូនៃរដ្ឋាភិបាលកម្ពុជា ដែលត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ រួមមាន លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន៕