ឧកញ៉ា ឆាយ ជ្រាយ បានប្រមូលទិញ ឈើក្រហម ប្រភេទលេខ២ មួយចំនួន មានច្បាប់អនុញ្ញាត មួយចំនួននិង លោតឆត្រ ភាគច្រើនបង្កប់ឈើធ្នង់ ដើម្បីដឹកជញ្ជូន ចេញពីចំណុចក្រោយ វត្ដកំប្រឺស ឆ្ពោះទៅ ប្រទេសយួន តាមច្រកទន្លេចាម យ៉ាងរលូន ។ សមត្ថកិច្ចពាក់ព័ន្ធ កំពុងទទួលបានលាភសក្ការ ពីឧកញ៉ា ឆាយ ជ្រាយ ទើប ការដឹកជញ្ជូនឈើរបស់គាត់ មិនដែលមាន នរណាហ៊ានប៉ះពាល់ ព្រោះសមត្ថកិច្ច មន្ដ្រីជំនាញ ក្នុងខេត្ដត្បូងឃ្មុំនេះ មិនសុខចិត្ដវាយបំបែក ប្រភពឆ្នាំងបាយរបស់ខ្លួន ។
មេឈ្មួញ ឆាយ ជ្រាយ ដែលល្បីឈ្មោះ ក្នុងជំនួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ នៅស្រុកតំបែ យកទៅលក់ចែកចាយ ទៅកាន់ខេត្ដព្រៃវែង និងប្រទេសយួន ហើយទទួលបានងារជាឧកញ៉ា ហើយបច្ចុប្បន្ននេះ ឧកញ៉ា ឆាយ ជ្រាយ បានប្រមូលទិញឈើ ពីតំបន់ព្រៃឡង់ ខេត្ដកំពង់ធំ ព្រំប្រទល់ខេត្ដក្រចេះ ដឹកជញ្ជូនឆ្លងកាត់ ស្រុកព្រែកប្រសព្វ ហើយឆ្លងតាមកំពង់ដឆ្លូង យកមកគរទុក នៅចំណុចក្រោយ វត្ដកំប្រឺស ឋិតក្នុងភូមិកំប្រឺស ឃុំទំញំងព្រីង ស្រុកតំបែ ខេត្ដត្បូងឃ្មុំ ព្រៃចម្ការកៅស៊ូ របស់គាត់ ដើម្បីនាំចេញទៅលក់បន្ត ។
ឈ្មួញជាច្រើននិយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូនឈើរាល់ថ្ងៃ ដោយសារបានចាត់ចែង បង់ប្រាក់ដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងនោះ សូម្បីតែខាងរដ្ឋបាលព្រៃឈើ របស់លោក ឆេង គឹមសុន ក៏ត្រូវបានឧកញ៉ា ឆាយ ជ្រាយ អះអាងថា បានចាត់ចែងរួចហើយដែរ៕