0

លោក ម៉ឹង យូឡេង រកស៊ីមានបានដោយការប្រព្រឹត្តអំពើពុករលួយពីជញ្ជីងថ្លឹងឡាននឹងដាក់កុងត្រូលជជុះ

ខេត្តកណ្តាល ៖ ទី​តាំង​​ជ​ញ្ជីង​​ច​ល័ត​​ថ្លឹង​​រថ​យន្ត ដែល​មាន​​ទី​តាំង​​នៅ​ក្បែរ ស្ពាន​​ទំ​នប់​​៧​​ម​ករា តាម​ផ្លូវ​​ជាតិ​​លេខ​៣ ស្ថិត​នៅ​​ក្នុង​ភូមិ​​កំពង់​ទួល ឃុំ​​អន្លង់​​រមៀត ស្រុក​ក​ណ្តាល​ស្ទឹង ខេត្ត​ក​ណ្តាល ដែល​​គេ​​និយម​​ហៅ​ថា ជញ្ជីង​​ថ្លឹង​​ឡាន​​កំព​ង់​ទួលបាន​រង​នូវ​ការរិះគន់ ពី​មហាជន​ក៏ដូចជា អ្នកបើកបរ​រថយន្ត​ថា មិនដែល​ថ្លឹង​ទម្ងន់ រថយន្ត​ស្អី​ទេ គេ​តែងតែ​ឃើញ​រថយន្ត មក​ឈប់​នៅ​ទីតាំង​នោះ ហើយ​ឃើញ​ព្រូឡាន ចុះ​ហុច​លុយ ឲ្យ​មន្ត្រី​ដែល​អង្គុយ​នៅក្នុង​ផ្ទះ​នោះ ជាការ​ស្រេច វា​ស្រដៀង​គ្នា និង​កុល​ត្រូល​ជជុះ អត់​ខុស​ត្រង់ណា​ទេ​។​

​ប្រភពពី​មន្ត្រី​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​កណ្តាលស្ទឹង បាន​ឲ្យ​ដឹងថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ ថ្នាក់លើ​បាន​ឲ្យ​ដកចេញ​ហើយ ក៏ប៉ុន្តែ​មិនដឹងថា យ៉ាងម៉េច​មាន​រថយន្ត ឈប់​ទីនោះ​ហើយ​ចូល​បង់លុយ​ទៀត ទំនងជា​អ្នកបើកបរ​រថយន្ត គាត់​ច្រឡំ​ថា បង់លុយ ឲ្យ​ជញ្ជីង​ចល័ត​។ ប្រជាពលរដ្ឋ នៅក្បែរនោះ ក៏បាន​ឲ្យ​ដឹងថា កាលពីមុន មាន​រថយន្ត​ជាច្រើន​គ្រឿង បាន​ឈប់​បន្តកន្ទុយ​គ្នា ចូល​បង់លុយ  តែ​គេ​មិនដឹងថា បង់លុយ​រឿង​អ្វី​នោះទេ​។

​ប្រភព​ដដែល​បន្តថា បច្ចុប្បន្ននេះ ដូចជា​ពុំ​សូវ​ឃើញ​រថយន្ត ឈប់​បន្តកន្ទុយ​គ្នា ដូច​មុន​ទៀត​ទេ ហាក់ដូចជា​ស្បើយ​ជាង​មុន​។ ទោះបីជា​យ៉ាងនេះ​ក្តី អ្នកបើកបរ រថយន្ត​ដឹក​ឥដ្ឋ​ម្នាក់ បាន​ឲ្យ​ដឹងថា គាត់​បាន​ចុះទៅ​បង់លុយ ឲ្យ​ថ្លៃ​ជញ្ជីង​ចល័ត ៥០០០​រៀល​។ ចំណែក​បុរស​ម្នាក់ទៀត បើករថយន្ត​ដឹកទំនិញ ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គាត់​បើករថយន្ត ឆ្លងកាត់​ទីនោះ ត្រូវ​ឈប់​ហើយ​បង់លុយ ឲ្យ​គេ​រាល់​ជើង ហើយ​គេ​ប្រាប់ថា បង់លុយ​ថ្លៃ​ជញ្ជីង​ថ្លឹង ក៏ប៉ុន្តែ​គាត់​មិនដែល​ឃើញ​គេ​ថ្លឹង​នោះ គាត់​បង់​តែ​លុយ ជាការ​ស្រេច ដូច​គេ​ដូច​ឯង​អ៊ីចឹង​។​

​បើតាម​សេចក្តី​រាយ​ការ​ណ៏ បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ គឺ​មន្ត្រី​មកពី​មន្ទីរ​សាធារណការ ខេត្តកណ្តាល សហការ​ជាមួយ​មន្ត្រី មកពី​ក្រសួង ហើយ​មាន​មន្ត្រី​ម្នាក់ មកពី​សាលាខេត្ត ជា​អ្នកគ្រប់គ្រង បញ្ជីចំណូល​ចំណាយ​។ មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ រថយន្ត​ធំៗ ដែល​ផ្ទុកទំនិញ​លើស​ចំណុះ កំពុង​ធ្វើ​អាជីវកម្ម ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង បង្ក​ឱ្យ​ខូចខាត​ស្ពាន និង​ផ្លូវជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ពុំទាន់​ឃើញ មានការ​ជួសជុល ឡើងវិញ​ឡើយ​។​

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ហាក់ដូចជា​អសកម្ម ដូចដែល​មន្ត្រី​មួយចំនួន​បាន ធ្លោយ​ឲ្យ​ដឹងថា តាំងពី​បាន​ឡើង​ធ្វើជា ប្រធាន​មន្ទីរ​សាធារណការ ខេត្តកណ្តាល លោក ម៉ឹង យូ​ឡេង បាន​បង្កើត​ឲ្យ​មាន អំពើពុករលួយ បក្ខពួកនិយម តាមរយះ​ការ​បំប៉ោង​គម្រោង តាម​គ្រប់​រូបភាព ជាពិសេស​ការរក្សា​ទុក ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ឲ្យ​ធ្វើ​សកម្មភាព ដូច​កុងត្រូលជជុះ ប្រមូល​លុយ យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​៕

៣

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com