0

គម្រោង​លុប​បុណ្យអុំទូក ធ្វើ​ឲ្យ​តា​រាបាត់​ដុល្លារ​​

ក្នុង​ឆ្នាំ​២០១៣​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អុំទូក​ជា​លើក​ទី​៣​ទៀតហើយ ក្រោម​ហេតុផល​ថា​ទឹកជំនន់​កំពុង​​គំរាមកំហែង​។ សេចក្ដីប្រកាស​នេះ កំពុង​ធ្វើ​ឲ្យ​តារា​ភាគច្រើន​ជជែក​វែកញែក​ច្រើន ពី​ការ​ជ្រុះ​បាត់​ប្រាក់​ចំណូល​ដែល​ពួកគេ​ខំ​រំពឹង​ទុក​។ បុណ្យអុំទូក​សម្រាប់​ឆ្នាំ​២០១៣​នេះ ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា​។

​មិន​ត្រឹមតែ​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​នោះទេ ពោល​គឺ​សូម្បី​តែ​តារា​ប្រុស​ស្រី​រាយរង ក៏​ប្រឈម​នឹង​រឿង​បាត់​ឱកាស​ដូចគ្នា​នោះ​ដែរ ពិសេស​ពាក់ព័ន្ធ​នឹង​ផែនការ​ពង្រីក​កេរ្តិ៍ឈ្មោះ និង​ការ​កើប​ប្រាក់​ពី​ការ​ច្រៀង​រាំ​។ បើ​ទោះជា​ក្នុង​កិច្ចសម្ភាសន៍ តារា​ម្នាក់ៗ​បាន​និយាយថា ពួកគេ​ជា​តារា​មិន​ចោទ​នោះទេ ត្រឹម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ​ដែល​កំពុង​លិចលង់​ដោយ​ទឹកជំនន់ នា​ពេល​ថ្មីៗ​។ ប៉ុន្តែ​នៅ​ពី​ក្រោយ​ពី​ការបញ្ជាក់​ផ្លូវការ​នេះ គេ​ឮ​ស្ទើរតែ​គ្រប់​មាត់​ថា ពួកគេ​កំពុង​ជ្រុះ​បាត់​លុយ​ទៀត​ហើយ ដោយសារ​តែ​ការប្រកាស​ផ្អាក​បុណ្យអុំទូក​លើក​ទី​៣​នេះ​។ ក្នុងនោះ គេ​ឮ​សំឡេង​មិន​សប្បាយចិត្ត ពី​សំណាក់​ចម្រៀង តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូដ​ល្បីឈ្មោះ​ច្រើនជាង ដែល​ភាគច្រើន​ពួកគេ​រមែង​ចេញមុខ​បណ្ដាក់​គ្នា​ពី​វេទិកា​ប្រគំ​តន្ត្រី​មួយ​ទៅ​វេទិកា​ប្រគំ​តន្ត្រី​មួយ ដែល​ខ្លះ​ម្នាក់ឯង គឺ​ជាប់​កម្មវិធី ៥​​កន្លែង​​ក្នុង​មួយ​យប់​ក៏មាន​។

​ក្នុង​វេទិកា​ថត​កម្មវិធី​អបអរ​បុណ្យ​ភ្ជុំ​របស់​ស្ថានីយទូរទស្សន៍​CTN បាយ័ន និង​អាស៊ី​អាគ្នេយ៍ គេ​ឮ​ស្ទើរតែ​គ្រប់​មាត់ នៅពេល​តារា​មួយ​ចំនួន​លើកឡើងថា តើ​បុណ្យអុំទូក​ឆ្នាំនេះ គេ​ធ្វើ ឬ​មិន​ធ្វើ តាំង​ពី​មិន​ទាន់​ដឹងថា ពិធី​នោះ​ត្រូវ​សម្រេច​ផ្អាក​។ តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់ ដែល​កន្លង​មក​ត្រូវ​គេ​ឃើញ​ចេញ​មុខ នៅក្នុង​វេទិកា​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​អា​ឡាំង​ដឺ​ឡុង​ផង របស់​ស្ថានីយទូរទស្សន៍   បាយ័ន​ផង និង នៅ​វេទិកា​តន្ត្រី​ផ្សេង​ផង បាន​បញ្ជាក់​នៅ​ចំពោះមុខ​ក្រុម​តារា​សិល្បៈ​គ្នាឯង​ថា បើ​បុណ្យអុំទូក​ឆ្នាំនេះ លុប​ចោល​ទៀត រូប​នាង​ពិតជា​បោះ​ប្រាក់​ចោល​រាប់​ពាន់​ដុល្លារ​ទៀត​ហើយ​។ តារា​ភាគច្រើន​បាន​ចាត់ទុកថា ការប្រកាស​លុបចោល​ពិធីបុណ្យ​នេះ គឺជា​រឿង​ស៊យ​របស់​ខ្លួន ខណៈ​ដែល​តារា​ទាំងនោះ យល់ថា ក្រៅ​ពី​ជួយ​ឲ្យ​ពួកគេ​រកចំណូលបាន​ស្រួល​ក្នុង​រយៈពេល​៣​ថ្ងៃនោះ វេទិកា​នោះ ក៏​ជួយ​ឲ្យ​ពួកគេ​កាន់តែ​សុះសាយ​ប្រជាប្រិយភាព​ដោយ​មិន​លំបាក​ផងដែរ​។

​តាម​ការកត់សម្គាល់ កម្មវិធី​នោះ តារា​ដែល​កាក់កប​ជាងគេ រួម​មាន​តារា​មាស សុខ​សោភា លោក​អ៊ុក ណា​រី​ម នាង​ឆោម ឆ​ពុំ អ្នកនាង​ម៉េង កែវពេជ្ជតា លោក​ណុប បា​យ៉ា​រិទ្ធ លោក​ខេមរៈ សិរី​មន្ត លោក​ព្រាប សុវត្ថិ នាង​ឱក សុគន្ធ​កញ្ញា លោក​សាពូន មីដាដា អ្នកនាង​សឿ សុធា​រ៉ា កញ្ញា នី មុនីនាថ កញ្ញា សា​រ៉ា​យ ស​ក្ខិណា និង​តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ផ្សេងទៀត ដោយ​អ្នកខ្លះ​ចុះ​ពី​ឆាក​មួយ​ឡើង​ឆាក​មួយ ហើយ​រក​ចំណូល​បាន​ដល់​ម៉ឺន​ដុល្លារ​ត្រឹម​រយៈពេល​ពិធីបុណ្យ​នេះ ប្រព្រឹត្ត​ឡើង​នោះ​ផង​។ អញ្ចឹង​ហើយ ទើប​គ្រាន់តែ​ដឹងថា ការប្រកាស​លុប​ផ្លូវការ​ត្រូវ​បាន​បញ្ជាក់​ច្បាស់ ហាក់​ធ្វើ​ឲ្យ​តារា​ដែល​មាន​ទីផ្សារ​ទាំងនោះ ស្រងាកចិត្ត ពិសេស​ចំពោះ​តារា​មាន​ទីផ្សារ ហើយ​បាន​ប្រកាន់​ជំហរ​មិន​ហ៊ាន​ចេញ​ច្រៀង​ក្រៅប្រទេស ដើម្បី​ទទួល​ការងារ​ថ្ងៃ​បុណ្យ​អុំទូក ក្រែង​រដ្ឋាភិបាល​មិន​លុប​ចោល​នោះ​។

​តារាចម្រៀង​ម្នាក់​ផ្សេងទៀត បាន​ប្រាប់​ក្នុង​កិច្ច​សំណេះសំណាល​ជជែក​លេង​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នាង​ថា ការប្រកាស​លុបចោល​បុណ្យអុំទូក គឺ​មិន​ខុស​ពី​បង្ខំ​ឲ្យ​នាង​ដុត​ចោល​ប្រាក់​ដុល្លារ​ចោល​នោះទេ ដោយសារតែ​ការទាក់ទង​គ្នា​កន្លងមក ធ្វើឲ្យ​នាង​មើលឃើញប្រា​ក់​នៅ​នឹង​មុខ​ទៅហើយ​។ ត្រឹម​អំឡុង​ខែ​៨ និង​ខែ​៩ មាន​ក្រុមហ៊ុន​ចំនួន​៣​រួចមកហើយ ទាក់ទង​ឲ្យ​នាង​​ចេញ​ច្រៀង ដោយ​នាង​មិនទាន់​រាប់​បញ្ចូល​ការទាក់ទង​ឲ្យ​ច្រៀង​នៅលើ​ឆាក​តន្ត្រី​ផ្សេងទៀត នៅ​អំឡុង​កៀក​នឹង​ថ្ងៃ​ប្រារព្វ​បុណ្យ​អុំទូក​នៅឡើយ​។ តារា​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​រូបនេះ ប្រាប់ថា បាត់​ប្រាក់​២​ពាន់​ដុល្លារ​រួចទៅហើយ គិត​ត្រឹម​តែ​ការទំនាក់ទំនង​ដែល​បាន​ជជែក​​គ្នា​តែ​៣​ក្រុមហ៊ុន​កន្លងមក​។ ទោះយ៉ាងណា ក៏​មាន​សំឡេង​ពី​សំណាក់​តារា​មួយចំនួន ដែល​គាំទ្រ​ឲ្យ​លុបចោល​ពិធី​បុណ្យ​អុំទូក​សម្រាប់​​ឆ្នាំ​នេះ​ផងដែរ បន្ទាប់​ពី​គ្រោះទឹកជំនន់​ដែល​កំពុង​លិចលង់ បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ផ្ទះសម្បែង​ប្រជាជន និង​អាយុ​ជីវិត​ប្រជាកសិករ​ខ្មែរ​គួរឲ្យ​បារម្ភ​បែបនេះ​។

​បញ្ជាក់ថា បុណ្យអុំទូក​ឆ្នាំ​២០១១ ត្រូវ​ប្រកាស​លុបចោល​ដោយសារ​ស្ថានភាព​ទឹកជំនន់​ឡើង​ខ្លាំង ឆ្នាំ​២០១២​ត្រូវ​ប្រកាស​លុប ដើម្បី​ចូល​រួម​​កាន់​ព្រះរាជ​មរណទុក្ខ​ព្រះករុណា​ព្រះមហាវីរក្សត្រ និង​ឆ្នាំ​២០១៣​ចុងក្រោយ​នេះ គឺ​ក្រោម​ហេតុផល​ទឹកជំនន់​ដូច​មុន​។ ទោះយ៉ាងណា ការ​ប្រកាស​ផ្អាក​បុណ្យអុំទូក​ក្នុងឆ្នាំនេះ ត្រូវ​គេ​មើលឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នា​ពេលខាងមុខ​នោះ​ច្រើន​ជាង បើ​ធៀប​នឹង​មុន​ឆ្នាំ​២០១១ ដែល​កម្ពុជា​មាន​ស្ថានភាព​គ្រោះទឹកជំនន់​ក្នុង​កម្រិត​នេះដែរ តែ​នៅ​ប្រារព្ធ​ពិធី​បុណ្យ​​អុំទូក​ជាធម្មតា​។water-festival-in-cambodia

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com