ខេត្តពោធិសាត់៖ រឿងអំពើពុករលួយរបស់ លោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិសាត់ នូ ផេង និងប្រធានការិយាល័យរដ្ឋបាល លោក ពេជ្រ ចន្ថា កំពុងតែឆាប់ឆេះ កាន់តែខ្លាំងឡើងៗ ហើយមន្ត្រីនៅក្នុង មន្ទីរភាគច្រើនក៏បានអំពាវនាវ សុំអោយលោករដ្ឋមន្ត្រី មិន ឃិន និងលោកអភិបាល ខេត្តពោធិសាត់ ម៉ៅ ធនិន គួរចាត់វិធានការលើមន្ត្រីខិលខូច ខាងលើដើម្បីជាការប្រមាន កុំអោយពួកគេប្រព្រឹត្តអំពើ ផ្តេសផ្តាសតទៅទៀត។តាមប្រភពបានអោយដឹងថា ក្រោយពីបណ្តាញព័ត៌មាន បានចុះផ្សាយពីរឿងអាស្រូវ ពុករលួយ របស់លោក ប្រធានមន្ទីរ នូ ផេង និងលោកប្រធានការិយាល័យរដ្ឋបាល របស់មន្ទីរ ពេជ្រ ចន្ថា រឿងនេះបានបែកធ្លាយ ទៅដល់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មិន ឃិន និង លោកអភិបាល ខេត្ត ម៉ៅ ធនិន។
ក្រោយពី រឿងនេះបែកធ្លាយស្រប ពេលលោករដ្ឋមន្រ្តី មិន ឃិន ត្រលប់មកពីខេត្តបាត់ដំបង គឺលោករដ្ឋ មន្ត្រីបានចូលមកជួបមន្ត្រីមន្ទីរធម្មការ ខេត្តពោធិសាត់ នៅសណ្ឋាគារភ្នំពេញ និងបានសួរដេញដោលរឿង នេះ ទៅលោក ពេជ្រ ចន្ថា និងលោកអនុប្រធានមន្ទីរ រ៉ុន សុភារិន ហើយក៏បានប្រមូលយកឯកសារ ចំណាយ មួយចំនួនទៅពិនិត្យនៅភ្នំពេញ។ ចំណែកលោកអភិបាល ម៉ៅ ធនិន ក៏បានលើកយករឿងអាស្រូវ របស់ លោកប្រធានមន្ទីរធម្មការ និងបក្ខពួកទៅនិយាយនៅក្នុង អង្គប្រជុំគណៈបញ្ជាការឯកភាពខេត្ត និង បានធ្វើ ការប្រមាថថាកុំអោយអ្នកទាំងនេះ សប្បាយលើគំនរទុក្ខ របស់អ្នកដ៏អោយសោះ ប៉ុន្តែសំណូមរឿង មួយនេះ រហូតមកដល់បច្ចុប្បន្នមានរយៈ ពេលជិត១ខែហើយ តែមិនឃើញក្រសួង និងខេត្តមានវិធានការ លើមន្ត្រី ខិលខូចខាងលើនោះទេ។
តាមប្រភពបានបញ្ជាក់អោយដឹងទៀតថា ក្រោយពីបណ្តាញព័ត៌មាន ចុះផ្សាយផ្ទួនៗពីរឿងអាស្រូវខាងលើ នៅរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០១៥ លោកប្រធានមន្ទីរ នូ ផេង បានបើកអង្គប្រជុំមួយ ត្រួតពិនិត្យពីការ ចុះផ្សាយរបស់បណ្តាញព័ត៌មាន តាមបញ្ជាពីលោកស្រី អគ្គនាយករដ្ឋបាល និងហិរិញ្ញវត្ថុ នៃក្រសួងធម្មការ ដែលត្រូវជាម្ដាយមីងបង្កើត របស់លោកប្រធានការិយាល័យរដ្ឋបាល ពេជ្រ ចន្ថា ហើយនៅក្នុងអង្គប្រជុំ នោះ គឺមានមន្ត្រីជាច្រើន ដែលមិនពេញចិត្តនិងការដឹកនាំ របស់លោកប្រធានមន្ទីរ និងលោកប្រធាន ការិយាល័យរដ្ឋបាលយ៉ាងច្រើន ពាក់់ព័ន្ធទៅនិងការកឹបកេងប្រាក់ ចំនួន១៨លានរៀល សំរាប់មន្ត្រីមានជំងឺ ប្រាក់១០លានរៀល សំរាប់បេសកម្ម ស៊ីប្រាក់ខែមន្ត្រីកិច្ចសន្យាខ្មោច ចំនួន២២នាក់ ជារៀងរាល់ខែ កឹបកេងប្រាក់៤លានរៀល សំរាប់ផ្នែកទំនាក់ទំនងសារធារណៈ និងផ្សព្វផ្សាយរួម និងការកឹបកេងប្រេង ឥន្ទនៈជាដើម។
ដោយសារតែមានការសាក់សួរដេញដោលខ្លាំង ពីសំណាក់មន្ត្រីក្រោមឱវាទនោះ ធ្វើអោយលោក នូ ផេង និងពេជ្រ ចន្ថា រកពាក្យឆ្លើយដោះសារពុំរួច ហើយនិយាយបង្វែរទៅរឿងផ្សេង ធ្វើអោយអង្គប្រជុំប្រកប ដោយភាពសោះក្រោះ។ តាមប្រភពបានបន្ថែមថា មូលហេតុដែលលោកស្រី អគ្គនាយករដ្ឋបាល និង ហិរិញ្ញវត្ថុក្រសួងធម្មការ កែវ សុធារី បញ្ជាអោយលោក នូ ផេង បើកអង្គប្រជុំខាងលើ គឺដើម្បីធ្វើកំណត់ ហេតុបដិសេធជុំវិញព័ត៌មាន រឿងអាស្រូវពុករលួយ ក្នុងបំណងជួយការពារក្មួយប្រុសរបស់គាត់ អោយរួច ផុតពីការពាក់ព័ន្ធក្នុងរឿង អំពើពុករលួយកន្លងមក មិនមែនរកការពិតក្នុងរឿងខាងលើនោះទេ។ ហើយ ចំពោះលោកស្រី កែវ សុធារី នាពេលបច្ចុប្បន្នគឺជាមន្ត្រី ដែលមានអំណាចខ្លាំង នៅក្នុងក្រសួងធម្មការ និង ពូកែពុករលួយល្បីខ្ទរខ្ទារ ហើយរយៈកន្លងមករូបគាត់ គឺទទួលបានប្រាក់រាប់សែនដុល្លា ពីមន្ត្រីធម្មការនៅ ទូទាំងប្រទេសតាមរយៈ ការយកប្រាក់ពីមន្ត្រី ដែលប្រលងឡើងកាំប្រាក់ និងប្រលងចូលគ្របខណ្ឌក្រសួង ធ្វើអោយមន្រ្តីខ្លះ ដែលចង់បានកាំខ្ពស់មកដល់ពេលនេះ រកប្រាក់សង់ម្ចាស់បំណុលមិនទាន់រួចផង ដោយ សារតែយកប្រាក់ទៅសូកលោស្រី កែវ សុធារី ក្នុងម្នាក់ៗចំណាយពី១៥០០ដុល្លា ទៅ៣០០០ដុល្លានោះ។
សូមរំលឹកថាអំពើពុករលួយ នៅក្នុងមន្ទីរធម្មការ ខេត្តពោធិសាត់ គឺបានកើតមានឡើងយ៉ាងធ្ងន់ធ្ងរ ក្រោយ ពេលលោក ខឹម ញៀម អតីតប្រធានមន្ទីរបានចូលនិវត្តន៍ និងដោយមានលោក នូផេង អតីតអនុប្រធាន មន្ទីរឡើងធ្វើជាប្រធានមន្ទីរ ក្នុងរយៈពេល៦-៧ ខែមកនេះ។ អំពើពុករលួយគឺកើតមានឡើង គ្រប់រូបភាព ដូចជាការកឹបកេងថវិការ នៅជំពូក៦០, ៦២និងជំពូក ៦៤ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរបំផុត គឺការស៊ីប្រាក់ខែមន្ត្រី កិច្ចសន្យាខ្មោចយ៉ាងតិច២២នាក់ ក្នុងចំណោមមន្ត្រីកិច្ចសន្យាដែរ មានឈ្មោះនៅក្នុងបញ្ជី២៨នាក់ សំរាប់ ឆ្នាំ២០១៤ និងការស៊ីដាច់ប្រាក់មន្ត្រីមានជំងឺ ជាង១៨លានរៀលរួម និងប្រាក់សាហ៊ុយទូទាត់ ក្នុងប្រទេស មួយចំនួនថែមទៀត។ ដែលមន្ត្រីខ្លះមានឈ្មោះថា ការទទួលបានឧបត្ថមប្រាក់មានជំងឺ និងប្រាក់សាហ៊ុយ ទូទាត់ក្នុងប្រទេសប៉ុន្តែប្រាក់ទាំងអស់នេះ ត្រូវបានលោកប្រធានការិយាល័យពេជ្រ ចន្ថា ដែលមានលោក ប្រធានមន្ទីរ នូ ផេង នៅពីក្រោយបានកឹបកេង ស្ទើរទាំងស្រុង ធ្វើអោយមន្ត្រីមួយចំនួនធំ ក្នុងចំណោមន្ត្រី ក្របខណ្ឌ១៩នាក់ កើតការក្តៅក្រហាយ រហូតដល់អនុប្រធានមន្ទីរ ក៏ស្រក់ទឹកភ្នែកដោយសារ តែរង់ការ ជិះជាន់និងកឹបកេងប្រាក់ ផលប្រយោជ៍របស់ខ្លួន កុំថាឡើយមន្ត្រីថ្នាក់តូច។
ហើយបច្ចុប្បន្នការងារទាំងអស់ ដែលមានផលប្រយោជន៍ គឺត្រូវបានលោក ពេជ្រ ចន្ថា ប្រមូលយកមក គ្រប់គ្រង ហើយសុំបីតែប្រាក់ខែ របស់គ្រូពុទ្ធកសិក្សាកិច្ចសន្យា ក៏រូបគាត់ជាអ្នកចាត់ចែង និងជាអ្នកដើរ បើកប្រាក់ខែអោយគ្រូៗទាំងនោះ ពេលបើកម្តងៗលោក ពេជ្រ ចន្ថា កាត់ប្រាក់ពីគ្រូ ក្នុងមួយអង្គ នាក់ពី២ ទៅ៣ម៉ឺននាក់ ក្នុងចំណោមគ្រូកិច្ចសន្យា៤៩នាក់ ធ្វើអោយលោក ពេជ្រ ចន្ថា ទទួលបានប្រាក់ ក្នុងពេល បើកប្រាក់ខែម្តងៗជិត ២លានរៀល នេះមិនទាន់បូកបញ្ចូល អំពីគ្រូកិច្ចសន្យា ដែលបោះបង់ចោលភារះកិច្ច របស់ខ្លួនមួយចំនួនទៀត ដែលប្រាក់ខែរបស់ពួកគាត់ត្រូវបានលោក ពេជ្រ ចន្ថា ប្រមូលយកតែម្នាក់ឯង។ ដោយសារតែការប្រព្រឹត្តអំពើពុករលួយ និង ដោយសារតែប្រធានមន្ទីរលោក នូ ផេង គ្រប់គ្រងមន្ទីរដោយ ពុករលួយនិងបានប្រើអោយលោក ពេជ្រ ចន្ថា ជាអ្នកធ្វើព្យុះភ្លៀង ហើយរូបគាត់ជាប្រធានមន្ទីរ ជាអ្នកចាំ ទទួលផល។
ដោយសារមានអំពើពុករលួយដ៏ធ្ងន់ធ្ងរ នៅក្នុងមន្ទីរមួយនេះ កើតការក្តៅក្រហាយ និងប្រុងផ្ទុះក្លាយជាភ្នំ ភ្លើង។ សូមបញ្ជាក់សំរាប់គំរោងចំណាយថវិការជាតិ របស់មន្ទីរធម្មការ ខេត្តពោធិសាត់២០១៤ គឺមាន ថវិការសរុបចំនួន៤២០.0 លានរៀលក្នុងនោះ ជំពូក៦០ចំនួន ៣៥.០លានរៀល ជំពូក៦២ ចំនួន២៩.០ លានរៀល ជំពូក៦៤ មានថវិការចំនួន៣៥៦.០ លានរៀល។ សំរាប់ឆ្នាំ២០១៣និងឆ្នាំ២០១៤ មន្ទីរមួយនេះ អត់មានថវិការជំពូក៦១ទេ។ ហើយថវិកាខាងលើមកដល់ពេលនេះ គឺបានចាយស្ទើរអស់ ប៉ុន្តែថវិកាទាំង នេះត្រូវបានគេកឹបកេងមិនតិចជាង ៨០លានរៀល ហើយថវិកាដែលគេកឹបកេងនេះ គឺបានធ្លាក់ទៅលើ កណ្តាប់ដៃលោក នូ ផេង និងលោ ពេជ្រ ចន្ថា ចំណែកមន្ត្រីផ្សេងទៀតដោយបានត្រឹមតែត្រងក្លិន។
ចំពោះថវិការដែលលោក ពេជ្រ ចន្ថា និងលោកប្រធានមន្ទីរ នូ ផេង កឹបកេងនិងប្រព្រឹត្តអំពើពុករលួយ គឺ មាននៅគណនេយ្យលេខ ៦០១, ៦០២, ៦២២, ៦២៤, ៦៤៤, ៦៤៥ជាដើម។ មន្ត្រីជាច្រើននៅក្នុងមន្ទីរធម្មការ ខេត្តពោធិសាត់ បានអំពាវនាវសុំអោយគណៈអភិបាលខេត្តលោក រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ជាពិសេសអង្គភាព ប្រឆាំងអំពើពុករលួយ គួរពិនិត្យស្រាវជ្រាវលើករណីនេះ ចាត់វិធានការឲ្យបានធ្ងន់ធ្ងរ ចំពោះមន្ត្រីខិលខូចខាងលើ ដើម្បីជាការផ្តល់យុត្តិធម៌ ដល់មន្ត្រីរងគ្រោះ និង ដើម្បីជាការព្រមានដល់មន្ត្រី ខិលខូចកុំអោយយកតម្រាប់តាម។