ភ្នំពេញ៖ ប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា សព្វថ្ងៃនេះលោក ឡុង ស្រេង កាន់តែត្រូវប៉ាន់ខ្លាំងឡើងៗ ក្រោយពីគាត់ត្រូវបានថ្នាក់លើ តែងតាំងឲ្យបានឡើង បុណ្យសក្ដិជាឧត្តមសេនីយត្រី អនុប្រធាន នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិអំណាច អាចដឹកនាំគ្រប់គ្រង ទៅលើមន្ត្រីៗនគរបាលសេដ្ឋកិច្ច ប្រចាំនៅរាជធានីភ្នំពេញជាបន្តទៀត ដោយគ្មានការផ្លាស់ប្ដូររួចមក ។ មូលហេតុដែលលោក ឡុង ស្រេង កាន់តែត្រូវប៉ាន់ជាងមុននេះ ដោយសារហេតុថា កាលពីមុនគាត់ (ឡុង ស្រេង ) មានបុណ្យសក្ដិត្រឹម ថ្នាក់ជាវរសេនីយ៍ និងជាអតីត នាយការិយាល័យ រដ្ឋបាលសរុប នៃនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គាត់មានឈ្មោះល្បីខ្ទរខ្ទា នៅក្នុងចំណោមពួកឈ្មួញៗ… ធ្វើឲ្យគាត់មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភមហាសាល ប៉ុណ្ណឹងទៅហើយ… ចុះទម្រាំពេលនេះ គាត់ (ឡុង ស្រេង) ត្រូវបានថ្នាក់លើកំពូលៗ ជួយជ្រោមជ្រែង តែងតាំងមុខតំណែង ឲ្យបានឡើងបុណ្យសក្ដិធំជាងមុន ក្លាយជាឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃទៀតនោះ មិនដឹងជាធ្វើឲ្យគាត់ កាន់តែមានឈ្មោះល្បី និងត្រូវប៉ាន់ខ្លាំងឡើងៗ ថែមទៀតយ៉ាងណាទេ?
កន្លងមកមាន ប្រព័ន្ធផ្សព្វផ្សាយ ធ្លាប់បានចុះផ្សាយថា មានក្រុមអាជីវករមួយចំនួន នៅរាជធានីភ្នំពេញ បាននាំគ្នានិយាយ រិះគន់យ៉ាងខ្លាំង ទៅលើមន្ត្រីៗ នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ជាកូនចៅផ្ទាល់របស់លោក ឡុង ស្រេង ដែលបានបង្ខំឱ្យពួកឈ្មួញ និងម្ចាស់អាជីវកម្មខ្លះ ត្រូវបង់លុយជាប្រចាំខែ ទៅឲ្យពួកគេជាថ្នូរនឹងការ មិនធ្វើការត្រួតពិនិត្យ ទៅលើម្ហូបអាហារលក់ដូរ ឬទំនិញផ្សេងៗនៅក្នុងហាងរកស៊ី ឬនៅតាមផ្ទះ ឬនៅតាមឃ្លាំងស្តុកទំនិញនានា ។ ប៉ុន្តែលោក ឡុង ស្រេង ក៍តែងតែបដិសេធដែរថា មិនមានករណីទាំងនេះ កើតឡើងនោះឡើយ ហើយបើមាន… ក៍គាត់មិនទទួលខុសត្រូវ ចំពោះរឿងនេះដែរ ។
ក្រៅពីមានរឿងអាស្រូវដូចខាងលើ កន្លងមកក៍មានព័ត៌មានថា មានការបណ្ដោយឲ្យពួកឈ្មួញ ដឹកទំនិញគេចពន្ធតាមរថយន្តក្រុង ដឹកអ្នកដំណើរពីប្រទេសវៀតណាម តាមច្រកទ្ធារព្រំដែនបាវិត ចូលមករាជធានីភ្នំពេញ ដោយមិនមានការត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ ឬការបង្ក្រាបទប់ស្កាត់ ឲ្យបានជាប្រចាំ ដូចភ្លៀងរលឹមពីសំណាក់លោក ឡុង ស្រេង ដែលទទួលបន្ទុក ដឹកនាំគ្រប់គ្រងលើមន្ត្រីៗ នគរបាលសេដ្ឋកិច្ច ប្រចាំនៅរាជធានីភ្នំពេញនោះទេ… ។ គេសង្ស័យថា លោកឧត្តមសេនីយត្រី ឡុង ស្រេង ប្រហែលជាទទួលបាន លាភសក្ការៈដាក់ថ្ងៃដាក់ខែ ពីពួកឈ្មួញគេចពន្ធ ទាំងនោះហើយ បានជាគាត់សម្ងំនៅស្ងៀម យ៉ាងត្រជាក់ចិត្តបែបនេះ ។
ពាក់ព័ន្ធនឹងករណីខាងលើ គេហទំព័រ «សារព័ត៌មាន ចាប់ដៃ» នៅមិនទាន់អាចទំនាក់ទំនង សុំការបំភ្លឺពីលោក ឡុង ស្រេង បាននៅឡើយទេ… ដោយសារតែលេខទូរស័ព្ទរបស់គាត់ មិនអាចទាក់ទងបានសោះ ។ មន្ត្រីៗប៉ូលិសមួយចំនួន បានសំណូមពរថា សូមឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំងលោកឧត្តមសេនីយ៍ ជា សុមេធី ប្រធាន ថ្មីនៃនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មេត្តាជួយកែទម្រង់ ឲ្យបានស៊ីជម្រៅពិតប្រាកដ នៅក្នុងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃនោះផង ពោលគឺកុំឲ្យលោក ឡុង ស្រេង នៅតែបានកាន់កាប់កន្លែងខ្លាញ់ គ្រប់គ្រងនគរបាលសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ដុះស្លែជាច្រើនឆ្នាំមកហើយ ដោយមិនមានការផ្លាស់ប្ដូរបែបនេះ វាជារឿងអាចធ្វើឲ្យ មន្ត្រីៗប៉ូលិសជាច្រើននាក់ផ្សេងទៀត មានអារម្មណ៍មិនល្អឡើយ ចំពោះថ្នាក់លើកំពូលៗរបស់ខ្លួន ៕