0

ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់

ខេត្តសៀមរាប៖ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​ នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បាល​ រស្មី​អង្គរ ​(ជីងហ៊ួរ) ដែល​តែ​ង​តែ​លេច​លឺ​រឿង​អាស្រូវ ដោយ​ព្យា​បាល​អោយ​មនុស្ស​ស្លាប់ ​​កន្លង​មក​ ហើយ​នៅ​ពេល​ថ្មី​ៗនេះ​ សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​ រក​ឃើញ​មាន​ថ្នាំ​ហួស​ដឺឡេ (ផុត​កំណត់ប្រើប្រាស) មួយ​   ចំ​នួនធំ និង​សេរ៉ូម​គេចពន្ធមិន​ចុះ​បញ្ជី ​យ៉ាង​សន្ធឹក​សន្ធាប់ទៀត​ផង តែ​ខាង​មន្ទីរ​និង​ក្រសួង​សុខាភិបាល​ហាក់​នៅ​តែ​ធ្វើ​ប្រ​ងើយ​កន្តើយ មិន​ចាត់​ការ​អោយ​បាន​ធ្ងន់ធ្ងរ ​និង​មន្ទីរពេទ្យ​មួយនេះដដែល។

យោង​តាម​ប្រ​ភព​ព័ត៌​មាន ​បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ២០១៥​ កន្លង​ទៅ​ថ្មី​ៗនេះ ក្រុម​មន្ត្រី​ជំ​នាញដូចជា​ខាង ​មន្ទី​រ​សុខា​ភិបាល​ខេត្ត និង​ខាង​ការិយា​ល័យ​ប្រ​ឆាំង ​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​​ចុះ​ឆែក​ឆេ​រ ក្នុង​មន្ទីរ​ពេទ្យ​រស្មី​អង្គរ​ខាង​លើ​ រក​ឃើញវត្ថុតាង​ល្មើស​ច្បាប់​ចំ​នួន​០៧​មុខ ក្នុង​នោះ​មាន​ថ្នាំ​គ្រាប់​ចំនួន​៣០១គ្រាប់​ ហួស​កាល​បរិច្ឆេតប្រើ​ប្រាស និង​សេរ៉ូម​៨៣​ដប​មិន​បាន​ចុះ​បញ្ជី។កាល​ពី ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ​ប្រ​ភព​ព័ត៌មាន​បែក​ធ្លាយ​ ចេញ​ពី​បុគ្គលិក​ដែល​ធ្លាប់​បំ​រើការ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ នេះ​បាន​បង្ហើប​ប្រាប់​ថា វេជ្ជបណ្ឌិត​ជា​ជន​ជាតិ​ចិន ​ដែល​ជា​ថៅ​កែ និង​ជា​អ្នក​ព្យា​បាល​ផ្ទាល់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​មិន​មាន​សញ្ញា​ប័ត្រ​វេជ្ជ​បណ្ឌិតនោះ​ទេ ហើយ​ខាង​ស្ថាន​ទូត​ក៏ពុំ​បាន ​ទទួល​ស្គាល់​គ្រូពេទ្យ​រូប​នោះ​ថា​ជា​វេជ្ជបណ្ឌិត​ដែរ។

ប្រ​ភព​ធ្លាប់​ប្រាប់​ទៀត​ថា មន្ទីរ​ពេទ្យ​រស្មី​អង្គរ​នេះ បើ​ក​ដំ​ណើរ​ការ​ទៅ​បាន​ ដោយ​ជួល​អោយ​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​ដែល​ចូល​និវត្តន៍ ​អោយ​ឈរ​ឈ្មោះជំ​នួសតែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​មាន​អាសន្ន​ម្តងៗ​ ទើប​ហៅ​លោក​វេជ្ជបណ្ឌិត​ខ្មែរ​ ដែល​ឈរ​ឈ្មោះនោះមក ឈរចាំដោះស្រាយដោយ​អះអាងថា ជាមន្ទីរពេទ្យ​របស់ខ្លួន ។កាលពី​រសៀលថ្ងៃទី២២​ មាន​គ្រូ​ពេទ្យជន​ជាតិ​ខ្មែរ​ម្នាក់​ ដែល​បំ​រើការ​នៅ​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​យើង​ តាម​ទូរ​ស័ព្ទ​ថា ថ្នាំដែល​ហួស​កាល​បរិច្ឆេទ​ខាង​លើ​ គឺ​នៅ​កប់​តាម​ក្រឡុក​ក្រលៀត​កៀន​កោះ មិន​បាន​យក​មក​ព្យាបាល​ទេ ព្រោះមន្ទីរ​ពេទ្យ​ធំ មាន​ថ្នាំច្រើន​ មិន​បាន​ពិនិត្យ​អស់នោះទេ ឯចំ​ណែក​សេរ៉ូម​ដែល​ថា មិន​បាន​ចុះ​បញ្ជី​នោះ​ គឺ​បុគ្គលិក​ធ្វេស​ប្រហែស​មិន​បាន​ បិទ​តែម​នាំ​ចូល​គ្រប់​ដប ទើប​មាន​សេរ៉ូម​ខ្លះ អត់​មាន​បិទពន្ធដូច្នេះ។ គ្រូពេទ្យ​រូប​នោះ​បាន​បន្ថែមថា ថ្ងៃ​ក្រោយ​និង​ពិនិត្យ​អោយ​អស់​មិន​អោយ​ចន្លោះ​ប្រហោង​បែប​នេះទៀត​ទេ។

គួររំលឹកផង​ដែរថា កាលពីខែ០៥​ ឆ្នាំ២០១២ មន្ទីរ​ពេទ្យ​ជីងហ៊ួ (រស្មីអង្គរ) បាន​ចុះចែក​ថ្នាំ​គ្រា​ប់​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ពួក ខេត្តសៀ​ម​រាប ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ បាន​ធ្វើ​អោយ​មនុស្ស​ប្រុស​ម្នាក់​និង​មនុស្ស  ស្រី​វ័យ​ចំ​ណាស់​ម្នាក់​ស្លាប់​បាត់​បង់​ជី​វិត ដោយ​ក្រុម​សាច់​ញាតិ​ជន​រង​គ្រោះ ​បាន​អះ​អាង​ថាការ​ស្លាប់​របស់​ម្តាយ​ និង​ឪពុក​ពួក​គេ​បណ្តាល​មក​ពី ​លេប​ថ្នាំ​របស់​គ្រូវ​ពេទ្យ​មក​ពី​គ្លីនិក​ ជីងហ៊ួ ឬរស្មី​អង្គរ ដែល​យក​មក​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ឯង។

សូម​បញ្ជាក់ផង​ដែរថា បើ​យោង​តាម​ការ​ស៊ើប​អង្កេត​ មន្ទីរ​សំ​រាក​ព្យាបាល​រស្មី​អង្គរ ដែល​ពី​មុន​ឈ្មោះ គ្លីនិក​ជីង​ហ៊ួរ​នេះ តែ​ង​តែមាន​រឿង​អាស្រូវ ដោយ​ព្យាបាល​បណ្តាល​អោយ​ មនុស្ស​ស្លាប់​ជាហូរ​ហែ ព្រោះ​គ្រូពេទ្យ​ដែល​ជា​ថៅ​កែ និង​ជា​វេជ្ជ​បណ្ឌិត​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យនេះ​ មិន​មាន​សញ្ញា​ប័ត្រ​ត្រឹម​ត្រូវ ដែល​អាច​និយាយ​បាន​ថា គ្មាន​ចំ​ណេះ​ដឹង​ពិត​ប្រាកដ។ប្រ​ភព​មួយ​ទៀត​បាន​អោយ​ដឹង​ថា មូល​ហេតុ​ដែល​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ (ពីមុន ជីង​ហ៊ួរ) នេះ​អាច​ឈរ​ជើង​បាន​រហូត​ដល់​សព្វ​ថ្ងៃ បើ​ទោះ​បី​ជា​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​ក៏ដោយ ក៏ព្រោះ​តែ​មន្ទីរ​ពេទ្យ​​នេះ ​មាន​អ្នក​ធំម្នាក់​នៅ​ពីក្រោយ​ខ្នង និង​មាន​ភាគហ៊ុន​របស់​អ្នក​ធំ ជា​មន្រ្តី​រាជការ​ម្នាក់​​​នៅ​ខេត្ត​សៀមរាបនេះ​ទៀត​ផង។

ពលរដ្ឋ​ដែល​ដឹង​ពី​រឿង​អាស្រូវ ​របស់​មន្ទីរ​ពេទ្យ​រស្មី​អង្គរ សូម​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ ​ទូទៅ​មេត្តា​កុំ​ទៅ​ប្រ​ថុយ​ប្រ​ថាន​ព្យា​បាល​ជំ​ងឺ នៅ​មន្ទីរ​ពេទ្យ​នេះ​បន្ត​ទៅ​ទៀត​ ព្រោះ​អាច​បាត់​បង់​ជីវិត​ មុន​អាយុ​ក៏អាច​ថា​បាន​ដែរ៕

kms2(264)

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com