បន្ទាយមានជ័យ៖ មានសេចក្តីរាយការណ៏ពីក្រុងប៉ោយប៉ែតថា លោក ប៊ុន សុផា នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានលួចបើកច្រករបៀងមួយដើម្បីឆ្លងកាត់អូព្រុំដែនកម្ពុជា ថៃ ទល់មុខកាស៊ីណូ ហ្គេន ទីញ ត្រង់ម្តុំកន្លែងជល់មាន់ច្រករបៀងនេះបើពិនិត្យទៅគឺឃើញតែពលករខ្មែរឆ្លងកាត់ទៅធ្វើការនៅប្រទេសថៃ ពីមួយថ្ងៃៗរាប់រយនាក់ទាំងថ្ងៃទាំងយប់ ដែលធ្វើឱ្យលោក ប៊ុន សុផា សប្បាយក្នុងការប្រមូលប្រាក់ដាក់ហោប៉ាវធ្វើមានធ្វើបានតាមអំពើចិត្តនិងទប់តំណែងរបស់ខ្លួនព្រមទាំងដោះស្រាយជូនថ្នាក់លើរបស់ខ្លួន។
ម្យ៉ាងវិញទៀតក្រុងប៉ោយប៉ែតដែលជាតំបន់ជាប់ព្រំដែនកម្ពុជា-ថៃកំពុងកើតមាន បទល្មើសនៃការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងមានពលករលួចឆ្លងដែនដោយខុសច្បាប់ ហើយសមត្ថកិច្ច មួយចំនួនទទួលបាន ផលប្រយោជន៍យ៉ាងត្រជាក់ចិត្តដូចជាសមត្ថកិច្ច នគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជា ការជំរិតយកលុយពីប្រជាពលរដ្ឋធ្វើចំណាកស្រុកខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅតំបន់ព្រំដែនប៉ោយប៉ែតបានឱ្យដឹងថាច្រករបៀងមួយ នៅទល់មុខកាស៊ីណូ ហ្គែន ទីញ កំពុងតែបង្ហូរពលករចំណាកស្រុកខុសច្បាប់ចូលទៅប្រទេសថៃទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុកហើយច្រករបៀងដែលបង្ហូរពលករខ្មែរចំណាកស្រុកខុសច្បាប់នោះត្រូវបានគេដឹង ថាគ្រប់គ្រងដោយលោកប៊ុន សុផា បានឃុបឃិតជាមួយក្រុមមេខ្យល់ជាច្រើននាក់ ដើម្បីនាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
ក្នុងនោះមានមេខ្យល់ម្នាក់រកស៊ីនាំពលករចំណាកស្រុកខុសច្បាប់ឡើងដុះ ស្លែទៅហើយ ពូកែខាងទំនាក់ទំនងរកពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ខ្លាំងជាងគេនៅ តំបន់ប៉ោយប៉ែត។ មេខ្យល់នោះជាអ្នកម៉ៅការច្រករបៀងឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ក្នុង មួយខែៗរាប់ម៉ឺនបាត ទើបសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍មានកាតព្វកិច្ចការពារមេខ្យល់រូបនេះឱ្យរកស៊ីជួញដូរពលករចំណាកស្រុក យ៉ាងរលូនគ្មានឧបសគ្គអ្វីទាំងអស់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថាពលករចំណាកស្រុកខុសច្បាប់ជាច្រើនបានឆ្លងដែន ចូលទឹកដីថៃតាមច្រករបៀងរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ដែលមាន លោក ប៊ុន សុផា ជាអ្នកឈរជើង។ មានន័យថាលោក ប៊ុន សុផា ជាអ្នកប្រចាំការឈរជើងមើលផ្លូវឱ្យមេខ្យល់បញ្ជូនពលករទៅកាន់ទឹកដីថៃដើម្បីទទួលបានប្រយោជន៍យ៉ាងច្រើនដាក់ ហោប៉ៅផ្ទាល់ខ្លួន និងបែងចែកមួយផ្នែកទៅថ្នាក់លើសម្រាប់អភិវឌ្ឍន៍ និងរក្សាតំណែងរបស់ខ្លួន។ ពលករខ្មែរដែលឆ្លងដែនខុសច្បាប់តាមច្រករបៀងរបស់ នគរបាលអន្តោប្រវេសន៍ធ្លាប់ត្រូវបានទាហានសៀមឈុតខ្មៅបាញ់គំរាម ជាច្រើនលើក និងចាប់បញ្ជូនដាក់រថយន្តទ្រុងធំៗត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្រុមពលករដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកដល់ទឹកដីខ្មែរវិញសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍បានចាត់ទុកពលករខ្មែរទាំងនោះថាជាអ្នកទោសហើយគាបសង្កត់ជំរិតយកលុយ ចំនួន២០០បាត ឬ ៣០០បាតទៀតផង។ ប្រការនេះបានធ្វើឱ្យពលករខ្មែររងទុក្ខវេទនាយ៉ាងខ្លាំងហើយអ្នកខ្លះ ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រើអំពើហិង្សាលើរាងកាយថែមទៀត ពេលដែលពលករទាំងនោះពុំមានលុយបង់ឱ្យតាមការកំណត់។ ដូច្នេះមិនគួរទុកឲ្យលោក ប៊ុន សុផា ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចលើញើសឈាមពលករចំណាកស្រុកស្រេចតែអំពើចិត្តតទៅទៀតឡើយ ៕ ប្រភពទំាងអស់នេះអ្នកយកព័ត៏មានយើងមិនអាចទាក់ទងជាមួយលោក ប៊ុន សុផា បានទេ ដោយមិនមានលេខទូរសព្ទ័។