0

លោក​ សុខ​ គឹម​ហេន​ មេ​គយ​ប្រចាំ​ខេត្ត​កំពង់​ធំ​និង​ខេត្ត​ព្រះ​វិហារ​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បំផ្លាញ​ថវិកា​ជាតិ​!​

កំពង់ធំៈ ទោះ​បី​មានការ​តែង​តាំង​លោក​ គុណ​ ញឹម ជាអគ្គនាយកនៃអគ្គនាយក​ដ្ឋានគយ​​និង​រដ្ឋាករ​​ជំនួស​លោក ប៉ែន ស៊ីម៉ន ដែលត្រូវ​ចូលនិវ​ត្តន៍​​​យ៉ាង​ណាក៏​ដោយ ក៏​អំពើពុករលួយ​ក្នុង​ស្ថាប័នគយ​ពុំមានអ្វីថយ​ចុះ​​គួរឲ្យ​កត់​សម្គាល់​ទាល់​តែ​សោះ​។ ផ្ទុយទៅវិញ​​ប្រ​ធានសាខាគយ​​តាម​បណ្តា​ខេត្តមួយ​ចំនួន​និង​ប្រ​ធាន​ស្នាក់ការ​គយ​​តាមច្រកព្រំដែន​ជាច្រើន​កន្លែង​​កំពុង​ប្រើ​ប្រាស់​អំណាច​និង​តួនាទី​ដើម្បីស្វែង​រក​ផល​ប្រយោជន៍ផ្ទាល់ខ្លួន​​ដោយ​គ្មាន​ញញើត​ទៅនឹង​ចំណាត់​ការ​របស់​អង្គភាព​ប្រ​ឆាំង​អំពើពុករលួយឡើយ​។ ជាក់ស្តែង​លោក សុខ គឹមហេន ប្រ​ធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកំពង់ធំ ខេត្ត​ព្រះ​វិហារ​កំពុង​ប្រើ​ប្រាស់​តួនាទី​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​​បើកដៃឲ្យ​ឈ្មួញ​​ដឹក​ជញ្ជូនទំនិញខុសច្បាប់​​និង​ទំនិញ​គេច​ពន្ធ​ឆ្លងកាត់​ខេត្ត​ទាំង​ពីរនេះយ៉ាង​អនាធិប​តេយ្យ​។

សេចក្តីរាយ​ការណ៍​ពី​សមត្ថ​កិច្ចពាក់ព័ន្ធ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ចាប់តាំង​ពី​មានការ​ប្រ​កាស​​ដាក់ឲ្យ​ដំណើរការ​សាខាគយ​និង​រដ្ឋាករ​​ខេត្ត​ព្រះ​វិហារ​កាលពី​រសៀល​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៤ ដោយមានការ​តែង​តាំង​លោក សុខ គឹមហេន ប្រធាន​សាខាគយ​​និង​រដ្ឋាករ​ខេត្ត​កំពង់ធំ ឲ្យ​ទទួលមុខងារ​ជា​ប្រ​ធាន​សាខាគយ​ខេត្ត​ព្រះ​វិហារ​បន្ថែម​ទៀត​នោះ គឺបុគ្គលនេះ កំពុង​ប្រើ​ប្រាស់​អំណាច​​បំពានច្បាប់​យ៉ាង​កំរោល​​។ ​ប្រភព​បានឲ្យ​ដឹង​ទៀត​ថា មាន​បទល្មើស​រត់​ពន្ធទំនិញ​គេច​ពន្ធ​​និង​ទំនិញខុស​ច្បាប់​ពីប្រទេសសៀម ចូល​តាមច្រក​ព្រំដែន​ខេត្ត​ព្រះ​វិហារ​ ហើយ​ឆ្លង​កាត់​ខេត្ត​កំពង់ធំ​ យ៉ាង​មកចែក​ចាយ​​ក្នុងទីផ្សារ​​នៃប្រទេសកម្ពុជា​ យ៉ាង​គគ្រឹកគគ្រេង​។ ទំនិញ​គេច​ពន្ធ​ដែលឈ្មួញ​លួចនាំ​ចូល​​តាមអំពើចិត្តនោះ​មានដូច​ជា​​ម៉ូតូ​ទំនើបៗ គ្រឿង​អេឡិចត្រូនិកថ្លៃៗ គ្រឿង​សំណង់​មាន​ ស៊ីម៉ងត៍ និង​ដែក ត្រូវបាន​ដឹក​តាមរថ​យន្ត​ធំៗ​ចេញពី​ច្រក​ទ្វារ​​អាន​សេះ ឆ្ពោះ​មក​ខេត្ត​ព្រះ​វិហារ​តាមផ្លូវ​ជាតិ​លេខ​៦២ ហើយទំនិញ​ខ្លះ​​ចូ​ល​មក​ខេត្ត​កំពង់ធំ និង​ខ្លះ​ទៀត​ឆ្ពោះទៅ​ខេត្ត​ស្ទឹង​ស្រែង។

សមត្ថ​កិច្ច​ពាក់ព័ន្ធ​បានឲ្យ​ដឹង​ទៀ​តថា ក្រុម​ឈ្មួញ​រកស៊ីនាំចូលទំនិញខុស​ច្បាប់​​និងទំនិញគេច​ពន្ធ​ភាគច្រើន​សុទ្ធ​តែមាន​មន្ត្រី​ជាន់ខ្ពស់​មានអំណាច​នៅ​ពីក្រោយ​ខ្នង​ ហើ​យមានការ​បើកដៃ​ពីលោក សុខ គឹមហេន ផង​ដែរ​។ ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុស​ច្បាប់​ទាំងនោះ​​មិនដែល​ឃើញ​លោក សុខ គឹមហេន ប្រ​ធាន​សាខាគយ​ខេត្ត​កំពង់ធំ​និង​ខេត្ត​ព្រះ​វិហារ​ចាត់​វិធាន​ការ​ទប់ស្កាត់​ទេ​ ព្រោះ​លោក សុខ គឹមហេន គិត​តែរឿង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហានេះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ​និង​លោក អូន ព័ន្ធមុនី្នរ័ត្ន​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវចាត់វិធានការ​ទប់​ស្កាត់​ជាបន្ទាន់បំផុត​ ដើម្បី​កុំ​ឲ្យ​រដ្ឋ​ខាតបង់ចំណូល​ពន្ធ​រាប់​លានដុល្លារ​តទៅទៀត៕

សុខ-គឹមហេន

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com