ច្រកអន្តរជាតិចាំយាម កំពុងតែក្លាយទៅជាច្រកដែលឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខូចគុណភាពតាមអំពើចិត្ត ព្រោះមេគយប្រចាំច្រកនេះមិនដែលយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសម្តងណាឡើយ គឺគិតតែរកគ្រប់វិធីដើម្បីប្រមូលលុយច្រកហោប៉ៅផ្ទាល់ខ្លួនប៉ុណ្ណោះ។ បញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានត្រូវបើកការស៊ើបអង្កេតជាបន្ទាន់បំផុត ព្រោះទង្វើមិនប្រក្រតីរបស់លោក ថេង ម៉ុងហួន ប្រធានការិយាល័យគយច្រកចាំយាម កំពុងធ្វើឲ្យសមត្ថកិច្ចពាក់ព័ន្ធរិះគន់ជាបន្តបន្ទាប់។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះលោក ថេង ម៉ុងហួន បានបើកដៃឲ្យឈ្មួញនាំចូលរថយន្តស៊េរីទំនើបៗដែលបង់ពន្ធមិនគ្រប់ឬអត់ពន្ធតែម្តងចូលមកប្រទេសកម្ពុជា ដោយមិនខ្វល់ពីវិធានការកែទម្រង់ស៊ីជម្រៅរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករនោះទេ។ មន្ត្រីពាក់ព័ន្ធបានឲ្យដឹងថា មានរថយន្តស៊េរីទំនើបៗដូចជា ឡិចស៊ីស ឡង់គ្រីស័រ រ៉ង់រ៉ូវែ និង រ៉ូលរ៉យ ដែលមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារ ដល់ជិត១លានដុល្លារ ត្រូវគេនាំចូលតាមច្រកចាំយាម ខេត្តកោះកុង។ ថ្មីៗនេះ មានការនាំចូលរថយន្តម៉ាក រ៉ូលរ៉យ ពីប្រទេសសៀម តាមច្រកចាំយាម ហើយមានការបង់ពន្ធតែប្រមាណម៉ឺនដុល្លារតែប៉ុណ្ណោះ គឺជាភាពមិនប្រក្រតីយ៉ាងពិតប្រាកដ ព្រោះរថយន្តទំនើបៗប្រភេទនេះ ត្រូវបង់ពន្ធចាប់១០០ដល់១២០ភាគរយឯណោះ។
ទាក់ទងបញ្ហាខាងលើនេះ មជ្ឈដ្ឋាននានាបានរិះគន់ថា បើលោក អូន ព័ន្ធមុនីរ័ត្ន និងលោក គុណ ញឹម មិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ទេនោះគួរចាត់ការមន្ត្រីគយពុករលួយដូចជាលោក ថេង ម៉ុងហួន ប្រធានការិយាល័យគយប្រចាំច្រកចាំយាមនិងលោក លាង អ៊ួក អនុប្រធានការិយាល័យគយច្រកចាំយាមជាបន្ទាន់ ព្រោះពួកគេកំពុងឃុបឃិតគ្នាពុករលួយតាមរបៀបជិះសេះលែងដៃ។ ជាងនេះទៅទៀត លោក ថេង ម៉ុងហួន និងលោក លាង អ៊ួក បានបើកដៃឲ្យក្រុមឈ្មួញខិលខូចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃមិនគិតពីការខាតបង់ចំណូលពន្ធរដ្ឋនោះទេ។ អាចនិយាយបានថា អំពើពុករលួយរបស់លោក ថេង ម៉ុងហួន និងបក្ខពួកជាការបំផ្លាញជាតិយ៉ាងធ្ងន់ធ្ងរដែលអង្គភាបប្រឆាំងអំពើពុករលួយត្រូវបើកការស៊ើបអង្កេតនិងចាត់វិធានការតាមច្បាប់ជាបន្ទាន់បំផុត៕