សាលារាជធានីភ្នំពេញ ស្នើសុំប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញនៃគណបក្សសង្គ្រោះជាតិ បង្វែរការដើរប្រមូលស្នាមមេដៃអ្នកគាំទ្រតាមទីផ្សារ ទីសាធារណៈ និងគេហដ្ឋានប្រជាពលរដ្ឋ ទៅប្រមូលនៅតាមទីស្នាក់ការគណបក្សថ្នាក់សង្កាត់ ខណ្ឌ រាជធានី ឬទីស្នាក់ការកណ្តាលគណបក្សវិញ ដើម្បីជៀសវាងការបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងរំខានពលរដ្ឋ។
នៅក្នុងលិខិតរបស់លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ផ្ញើជូនប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញនៃគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៨ខែតុលាឆ្នាំ២០១៣ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សកម្មជនគណបក្សសង្គ្រោះជាតិ បានដើរប្រមូលស្នាមមេដៃអ្នកគាំទ្រនៅតាមទីផ្សារ ទីសាធារណៈ និងគេហដ្ឋានប្រជាពលរដ្ឋនៅទូទាំងរាជធានី បង្កឲ្យប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងពុំបានសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
លិខិតបន្តថា ដើម្បីឲ្យការសម្តែងមតិតាមរយៈញត្តិគាំទ្រដោយមានស្នាមមេដៃស្រប តាមលិខិតបទដ្ឋាន និងច្បាប់ជាធរមាន ព្រមទាំងជៀសវាងនូវរាល់បាតុភាពអសកម្មផ្សេងៗនេះ សាលារាជធានីភ្នំពេញ ស្នើឲ្យគណបក្សសង្គ្រោះជាតិ ចាត់ចែងសកម្មជនរបស់ខ្លួន ប្រមូលស្នាមមេដៃនៅតាមទីស្នាក់ការគណបក្សថ្នាក់សង្កាត់ ខណ្ឌ រាជធានី ឬទីស្នាក់ការកណ្តាលគណបក្សវិញ។
បើតាមមន្ត្រីគណបក្សសង្គ្រោះជាតិ គណបក្សនេះគ្រោងនឹងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ប្រមាណជាង៣លាននាក់ ធ្វើជាញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ ដែលជាថ្ងៃគណបក្សនេះគ្រោងធ្វើមហាបាតុកម្មលើកទី៣ ឲ្យជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ឲ្យស្របតាមកិច្ចព្រមព្រៀងនេះ តាមរយៈតំណាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៕