ខេត្តមណ្ឌលគិរីៈ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានអោយសារព័ត៌ មានយើងដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើប្រណីតចេញពីតំបន់ ព្រៃឧទ្យានជាតិ និងដែនជំរកសត្វព្រៃជារៀងរាល់យប់មិន ដែលខានមួយយប់ណានោះ ទេ។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ អ្នកយកព័ត៌មានយើង បានចុះទៅដល់ ភូមិពូឡា ឃុំពូហ្យាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី រហូតមកដល់ថ្ងៃទី២៨ ឆ្នាំ២០១៥ បានកត់ សំគាល់ឃើញ ថា មានរថយន្តតូច ធំ កំពុងធ្វើសកម្មភាពយ៉ាងមមាញឹកដឹកជញ្ជូនផល អនុផល ព្រៃឈើ ប្រភេទឈើប្រណិតចេញពីតំបន់ស្ថិតក្នុងភូមិសាស្ត្រខាងលើ និងបន្តដឹកជញ្ជូនឆ្លងកាត់ ស្រុកអូរាំងជារៀងរាល់យប់ដូចសេចក្តីរាយការណ៍ពិតមែន។ សកម្មភាពដឹកជញ្ជូននេះបានកើត ឡើងនៅចន្លោះ ម៉ោង២ ទៅម៉ោង៣ទៀបភ្លឺ ជារៀងរាល់យប់មិនដែលខកខានម្តងណានោះទេ។
តាមសេចក្តីរាយការណ៍បានអោយសារព័ត៌មានយើង ដឹងបន្តថា សកម្មភាពរបស់ក្រុម ឈ្មួញ ដឹកជញ្ជូនឈើប្រណីតរាល់យប់នេះ មិនដែលឃើញមានសមត្ថកិច្ច និងមន្ត្រីជំនាញ ជា ពិសេសគឺ លោក សារូ រតនា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ប្រចាំការក្នុងស្រុក អូរាំង មានចំណាត់ការបង្ក្រាប និងទប់ស្កាត់ម្ដងណាឡើយ។
ទទ្ទឹមគ្នានេះដែរ ចំហាយក្លិននៃអំពើពុករលួយរបស់សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី បានបង្ហាញយ៉ាងច្បាស់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ២យប់ រំលងអាធ្រាត្រ មានខាងកំលាំងសហគមន៍ បានឃាត់ក្បួនរថយន្តដឹកឈើប្រណីតរបស់ក្រុម ឈ្មួញទាំងនោះសួរនាំ តែត្រូវបានក្រុមឈ្មួញឈើទាំងនោះប្រាប់ថា “ពួកគេបានបង់លុយឲ្យ ទៅជំនាញរដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ បើចង់ដឹងទៅសួរមេព្រៃទៅដឹងហើយ”។
ប្រភពព័ត៌មានពីឈ្មួញតូចតាចម្នាក់ធ្លាប់រកស៊ីដឹកជញ្ជូនឈើប្រណីត ក្នុងទីតាំងភូមិសាស្ត្រខាង លើ យកទៅលក់ឲ្យយួន បានលួចទំលាយឲ្យអោយសារព័ត៌មានយើង ដឹងថា ឈើ ទាំងអស់នេះក្រុមឈ្មួញដឹកជញ្ជូនយកទៅលក់ក្នុងទឹកដីប្រទេសវៀតណាម តាមច្រករបៀង ដាក់ដាំ ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី យកទៅលក់ឲ្យឈ្មោះ ជឿង ជាជនជាតិយួន ឈរចាំទទួលទិញឈើប្រណីតនៅទីនោះតែម្ដង។
ប្រភពដដែលបានបន្តថា ជារៀងរាល់យប់ក្បួនរថយន្តដឹកជញ្ជូនឈើប្រណិត មិនក្រោមពី១០ ទៅ ២០គ្រឿងនោះទេ ធ្វើដំណើរចេញមកជាខ្សែៗតែម្ដង។ បច្ចុប្បន្ននេះ ស្រុកអូររាំង ក្លាយជាស្រុក ដឹកជញ្ជូនឈើប្រណីតឆ្លងកាត់យ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋក្នុងស្រុកអូររាំងបាននាំគ្នារិះគន់ចំៗថា ឲ្យតែយ៉ាងនេះព្រៃឈើនៅក្នុងខេត្តមណ្ឌល គិរី ចៀសមិនផុតពីវិនាសសាបសូន្យនោះទេ ព្រោះឯកឧត្តម អេង ប៊ុនហៀង អភិបាលខេត្ត និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រូវបានគេដឹងថាកំពុងឃុបឃិតគ្នា និងនៅពីក្រោយខ្នងបទល្មើស ជាហេតុនាំឲ្យមានបទល្មើសកើតមានយ៉ាងពេញបន្ទុកដូច្នេះ។
បញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមពិនិត្យមើលជាបន្ទាន់ផង ព្រោះសកម្មភាពកាប់បំផ្លាញព្រៃឈើឧទ្យានជាតិដែនជំរកសត្វព្រៃស្រុកអូររាំងខេត្តមណ្ឌលគិរី កើតមានពេញបន្ទុក និងអណាធិបតេយ្យបំផុត៕