0

មេភូមិស្អាងជាមនុស្សគ្មានសីលធម៌ និងលើកខ្លួនឯងធំជាងមេឃុំ

ខេត្ត​ស្វាយរៀងៈ​ មេ​ភូមិ​ស្អាង​ ឃុំ​កំពុង​ចម្លង ​ស្រុក​ស្វាយជ្រុំ ​ខេត្ត​ស្វាយរៀង​ គឺ​លោក ​យស់ ​សាវ៉ាត​ ត្រូវ​បាន​រង​ការ​​ចោទ​ប្រកាន់​ពី​សំណាក់អ្នកភូមិថាពាក់ព័ន្ឋករណីប្រើប្រាស់អំណាចក្នុងតួនាទីជាមេភូមិដោយខុសច្បាប់រដ្ឋព្រោះចង់ក្តោបក្តាប់​អំណាចពីលើមេឃុំដែលបានមកពីការបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ។   ហើយករណីនេះបានពុះកញ្ជ្រោលឡើង​ស្របពេលដែលក្រុមហ៊ុនម៉ៅការជីកដីដ៏មានឥទ្ធិពលមួយប្រចាំខេត្តស្វាយរៀងបានជីកបំពានខុសនិយាមបច្ចេក​ទេសនិងនិតិវិធីច្បាប់ដែលធ្វើអោយប៉ះពាល់សតិ​អារម្មណ៏របស់អ្នកភូមិដែលមានដីនៅជិតកន្លែងជីក​ ។

នៅពេលទទួលបានដំណឹងពីបញ្ហានេះគឺខាងម្ចាស់​ដីបានចុះមកក្តាប់ពត៌មាន និងសភាពការណ៏ដើម្បីរកអន្តរាគមន៏ពីសំណាក់អាជ្ញាធរមូលដ្ឋាន ស្រាប់តែ​មេភូមិគ្មានសីលធម៌ និងជាមនុស្សគ្មានគុណធម៌រូបនេះបានយកអំណាចខ្លួន​អួត​អាង​ថាខ្លួនធំជាងមេឃុំ និងបានប្រើពាក្យសម្តីបោះបោកលើម្ចាស់ដីមិនព្រមជួយដោះស្រាយ និងផ្តល់យោបល់ដល់អ្នករងគ្រោះ​ឡើយ ។  អ្នកភូមិខ្លះឆ្ងល់ថាមិនដឹងជាលោកមេភូមិរូបនេះទទួលបានលាភសក្ការអ្វីខ្លះពីក្រុមហ៊ុនម៉ៅការ​ជីកដីនេះប៉ុន្មានទេបានជាលោកមេភូមិកាន់ជើងក្រុមហ៊ុននេះខ្លាំងយ៉ាងនេះ ។

ទោះជាអ្នកគ្រប់គ្រង​ក្រុមហ៊ុនម៉ៅការជីកដីឈ្មោះ ឡឹក ស៊ន និយាយដោយគ្មានការទទួលខុសត្រូវនូវវិជ្ជាជីវដោយក្អេងក្អាងថា ក្រុមហ៊ុនគាត់រកស៊ីជីកដីនេះបួនដប់ឆ្នាំហើយ ហើយក៏មិនបានសុំអនុញ្ញាតិច្បាប់ប្រកបអាជីវកម្មអីពីរដ្ឋដែរ និងក៏មិនចេះនិយាមបច្ចេកទេស និងនិតិវិធីច្បាប់ជីកដីអីគេនេះដែរ ហើយក៏មិនដែលមានអាជ្ញាធរជំនាញ​ណាមកណែនាំបច្ចេកទេស និងនិតិវិធីច្បាប់ជីកដីអីនោះដែរគឺអោយតែបានលុយហើយមានដីចេះតែជីក​ទៅ រួចតេទូរស័ព្ទទៅចៅ​ហ្វាយ​ស្រុកទៅចប់ហើយចង់ធ្វើអីក៏បានដែរ ក៏លោកមេភូមិរូបនេះនៅតែចាត់ទុក​ថាក្រុមហ៊ុនម៉ៅការជីកដីនេះមិនខុសដែរគឺត្រូវជានិច្ច ។​

មិនត្រឹមប៉ុណ្ណោះទេលោកមេភូមិរូបនេះក៏បាន​ញ៉ុះញ៉ុងអ្នកភូមិទាស់គ្នា និងប្តឹងផ្តល់គ្នា ជាពិសេសគឺធ្វើជាបង្អែកអោយឈ្មោះ ស៊ឹម សារ៉ាន់ ដែលជា​ចំណូលស្រុកអោយបោះបង្គោលយកដីអ្នកភូមិ និងអូរសាធារណតាមអំពើចិត្តដោយមិនខ្លាចច្បាប់រដ្ឋ​បន្តិចណាសោះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយមិនអោយគោ ក្របីរបស់អ្នកភូមិចុះផឹកទឹក និងមិនអោយ​អ្នកភូមិប្រើប្រាស់ទឹក រកត្រី ជិះទូកកាត់ជាដើមដែលបង្កើតជាទំនាស់ផុសផុលក្នុងភូមិឥតឈប់ឈរដោយ​ប្រើទ្រឹស្តីថា ឈ្នះបានដីចាញ់បានលុយ ។

ករណីមេភូមិស្អាងលោក យស់ សាវ៉ាត​ ដែលប្រើប្រាស់ឥទ្ធិពលជាមេភូមិមានអំណាចគ្របដណ្តប់​លើមេឃុំមើលទៅប្រហែលជាអាងខ្នងចៅហ្វាយស្រុកទេដឹង ព្រោះម៉ាត់ណាក៏លោកមេភូមិនិយាយថា​ចៅហ្វាយស្រុកទើបតែតេមកខ្ញុំ  និង​​តែងតែលើកយកឈ្មោះចៅហ្វាយស្រុកមកប្រើជានិច្ចដោយអួតអាង​ថា ត្រាមេឃុំគាត់មិនទទួលស្គាល់ឡើយគឺគាត់ទទួលស្គាល់តែត្រាចៅហ្វាយស្រុកមួយប៉ុណ្ណោះក្រៅពីនោះ​មិនស្តាប់ឡើយ ។

ករណីនេះបានកើតឡើងកាលពីថ្ងែទី២០ ខែកុម្ភះ ឆ្នាំ២០១៥​ កន្លងទៅ ហើយបានធ្វើ​អោយម្ចាស់ដីដែលរងគ្រោះពីសំណាក់ក្រុមហ៊ុនម៉ៅការជីកដីដែលជីកខុសនិយាមបច្ចេកទេស និងអ្នកភូមិ​ជាច្រើនគ្រួសារបានសំដែងការអស់សង្ឃឹម​លើមេភូមិស្អាងគឺលោក យស់ សាវ៉ាត ថាគ្មានសមត្ថភាពអាច​ដឹកនាំភូមិ និងពុំអាចផ្តល់ភាពកក់ក្តៅដល់ពួកគាត់ឡើយ គឺនៅពេលដែលអ្នករងគ្រោះទៅប្តឹងសុំអន្តរាគម​ន៏បែរជាប្រើពាក្យសំដីគំរោះគំរើយមើលងាយមើលថោកអាងតែខ្លួនជាមនុស្សមានអំណាចក្នុងភូមិមិនផ្តល់យោបល់គ្មានគុណធម៌ជាមនុស្សធ្វើអោយអ្នកភូមិខកចិត្តយ៉ាងខ្លាំង តើមេភូមិបែបនេះសក្កិសមជាអាណា​ព្យាបាលសម្រាប់អ្នកភូមិឬទេ ? ជាពិសេសមេភូមិរូបនេះតែងតែការពារក្រុមហ៊ុនម៉ៅការជីកដីដែលធ្វើ​អោយមានផលប៉ះពាល់ដីស្រែអ្នកភូមិនៅពេលខាងមុខនោះមិនអោយទទួលខុសត្រូវនូវកំហុសរបស់ខ្លួនឡើយ តែបែរជាបង្វែរជាទំលាក់កំហុស និងបង្ខំអោយម្ចាស់ដីដោះស្រាយទៅវិញ ។

ប៉ុន្តែតំណាងអ្នកភូមិ​ដែលជាមន្រ្តីពន្ធដាចូលនិវត្តន៏យល់ច្បាប់ដែរនោះមិនឯកភាពតាមគំនិតមេភូមិអគតិរូបនេះទេ ហើយ​ថែម​ទាំងគាំទ្រម្ចាស់ដីនៅចំពោះមុខអ្នកភូមិ និងក្រុមប្រឹក្សាឃុំថានឹងដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុនម៉ៅការ​ជីកដី ដើម្បីផ្តល់សំណងសំរាប់ការខូចខាតនៅពេលខាងមុខដោយបានជីកដីខុសនិយាមបច្ចេកទេស និង​និតិវិធីច្បាប់ ។ ជាហេតុធ្វើអោយមេភូមិរូបនេះខឹងសម្បានឹងអ្នកភូមិកាន់តែខ្លាំង ហើយបច្ចុប្បន្នកំពុងរក​គ្រប់វិធីជួយក្រុមហ៊ុនម៉ៅការជីកដីអោយរួចផុតពីការទទួលខុសត្រូវសំណងទាំងអស់ដោយរត់ជើងបីជើងបួនទៅផ្ទះម្ចាស់ក្រុមហ៊ុនម៉ៅការជីកដី និងសាលាស្រុកឡើងសឹកផ្លូវអស់ហើយ ។

ក្រុមអ្នកយកពត៌មានយើងកំពុងព្យាយាមទាក់ទងលោកចៅហ្វាយស្រុកស្វាយជ្រុំ ថាតើលោកមានប្រតិកម្ម​យ៉ាងណាចំពោះបញ្ហានេះ ?  ទាក់ទងនិងបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលស្រុកស្វាយជ្រុំបានទេដោយទួរស័ព្ទចូលគ្មានអ្នកទទួលប៉ុន្តែទោះជាយ៉ាងណាករណីការយកឈ្មោះអភិបាលស្រុកមកកាងនិងប្រើអំណាចធំជាងមេឃុំនេះមជ្ឍដ្ឋានជាច្រើននៅរង់ចាំថា តើការអួតអាតនេះវាផ្តល់ផលប្រយោជន៍អ្វីខ្លះដល់​គណបក្សប្រជាជនឬមួយវប្បធម៌យកអំណាចទៅកាងនោះនាំឲ្យ​ខាតបង់សម្លេងឆ្នោតសម្រាប់គណបក្សប្រជាជនទៅវិញទេ។

យោងតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់សមេ្តចតេជោ​ ហ៊ុន សែន ក្នុងពិធីសម្ពោធសមិទ្ធផលនានាឬមហាសន្និបាតនៅគ្រប់​ទីកន្លែងសម្តេចតេជោតែងតែបានលើកឡើងពីក្រមសីលធម៌រស់នៅរបស់អ្នកដឹកនាំតាំងពីថ្នាក់ភូមិ ខេត្ត​ រាជធានី ស្រុក សង្កាត់ ឃុំ ទាំងអស់ត្រូវមានសីលធម៌ស្អាតស្អំអត្តចរិតត្រឹមត្រូវធ្វើឲ្យប្រជាពលរដ្ឋលោកគ្រប់រាប់អានស្រឡាញ់យើងកុំ​យក​អំណាចតួនាទីរបស់ខ្លួនទៅអួតអាងគាបសង្កត់ប្រជាជនដាច់ខាត។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយដូច​សុភា​សិត​មួយចែងថា ទឹកត្រជាក់ត្រីកុំ និយាយរួមគឺមានការស្រឡាញ់រាប់អានពីសំណាក់ពួកគាត់មកលើយើង…..តែមិនដូច្នេះទេ លោក យស់ សាវ៉ាត មេភូមិស្អាង ឃុំ ចំពង់ចំលង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រព្រឹត្តផ្ទុយស្រឡះពីអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន​។​

timthumb 2015_03_07vr1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com