0

ឧកញ៉ា ឆាយ ជ្រាយ មេឈ្មួញរកស៊ីឈើប្រចាំខេត្តត្បូងឃ្មុំ កំពុងបង្ខំពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់ព្រៃឡង់យកមក លក់ឲ្យខ្លួន

ខេត្តត្យូងឃ្មុំៈ មេ​ឈ្មួញ​ឧកញ៉ា ឆាយ ជ្រាយ ដែល​ល្បីឈ្មោះ ក្នុង​ជំនួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ បានកំពុងចាប់បង្ខំប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់ព្រៃឡង់យកមកលក់ឲ្យខ្លួនដើម្បីដឹកតាមរថយន្តខ្នាតធំយកទៅលក់នៅប្រទេសយួនតាមច្រកទន្លេចាម ច្រកដូនរ័ត្ន​និងច្រកច័ន្ទមូលក្រោមការគ្រប់គ្រងរបស់មេគយឈ្មោះ​ ក្តុល ណុច។ បច្ចុប្បន្ន​នេះ ឧកញ៉ា ឆាយ ជ្រាយ ជា​អ្នក​ប្រមូល​ទិញ ឈើ​ក្នុង​តំបន់​ព្រៃ​ឡ​ង់ ខេត្ត​កំពង់ធំ ព្រំប្រទល់​ខេត្ត​ក្រចេះ ដឹកជញ្ជូន​ឆ្លងកាត់ ស្រុក​ព្រែក​ប្រសព្វ ហើយ​ឆ្លងតាម កំពង់ដរ​ឆ្លូង យក​មក​គរ​ទុក នៅ​ចំណុច​ក្រោយ វត្ត​កំប្រឺស ស្ថិតនៅក្នុង​ភូមិ​កំប្រឺស ឃុំ​ទំញំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ព្រៃ​ចម្ការ​កៅស៊ូ របស់លោកផ្ទាល់ ដើម្បី​នាំចេញ​ទៅ​លក់​បន្តនៅស្រុកយួនជារៀងរាល់យប់ ។​

ប្រភព​ពី​ក្រុមអ្នកកាសែតនិងប្រជាពលរដ្ឋនៅស្រុកតំបែរបាន​ឲ្យដឹងថា ឧកញ៉ា ឆាយ ជ្រាយ រកស៊ី​ដឹក​ជញ្ជូន​ឈើ​រាល់ថ្ងៃ ដោយសារ​​មាន​ការបង់ ប្រាក់​អោយ​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ជាពិសេសមន្រ្តី​រដ្ឋបាល​ព្រៃឈើខេត្តត្បូងឃ្មុំ ក៏​ត្រូវ​បាន​ឧកញ៉ា ឆាយ ជ្រាយ បាន​ចាត់ចែង​លុយកាក់តាមសំណើរ ។​

ប្រភព​ព័ត៌មាន​ដដែលបាន​បន្តថា ឧកញ៉ា ឆាយ ជ្រាយ បាន​ប្រមូល​ទិញ​ឈើ មួយចំនួន​មាន​ច្បាប់​អនុញ្ញាត និង​មួយចំនួន​គ្មាន​ច្បាប់​អនុញ្ញាត ភាគច្រើន​បង្កប់​ឈើ​ធ្នង់ ដើម្បី​ដឹក​ជញ្ជូន ចេញពី​ចំណុច​ក្រោយ​វត្ត​កំប្រឺស ឆ្ពោះទៅ ប្រទេស​យួន តាម​ច្រក​ទន្លេ​ចាម​ផង​ដែរ​។​ ដោយឡែក​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ បាន​នឹង​កំពុង​ទទួល​លាភសក្ការៈ ពី​ឧកញ៉ា ឆាយ ជ្រាយ ទើបការ​​ដឹកជញ្ជូន ឈើ​ប្រព្រឹត្តទៅដោយ​រលូន មិន​ដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះទេ ព្រោះ​សមត្ថកិច្ច​មន្ត្រី​ជំនាញ ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះសុទ្ធតែបានទទួលប្រាក់សំណូកពីលោក ឆាយ ជ្រាយទាំងអស់ ។​

​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​បានឱ្យដឹងថា សព្វថ្ងៃ​បទល្មើស​ព្រៃឈើ ត្រូវបាន​ក្រុម​ឈ្មួញ​ធ្វើ​ជំនួញ​យ៉ាង សកម្មនៅតាមបណ្តាខេត្តសំបូរព្រៃឈើក្នុងប្រទេសកម្ពុជា ហើយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ទៅបាន គឺ​អ្នកមានអំណាច​បុណ្យស័ក្តិ​អ្នកមាន​លុយនៅពីក្រោយខ្នងក្រុមឈ្មួញទាំងនោះ។ ​ក្រុមឈ្មួញទាំងនេះ​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ កាប់​ឈើ​ប្រណីត​យកមក​លក់​ឱ្យ​ពួកខ្លួន ទោះបី​ព្រៃឈើ​នៅក្នុង​តំបន់​ហាមឃាត់​ក៏ដោយ ។​

អ្នកឃ្លាំង​មើល​បទល្មើស​ព្រៃឈើ​បាន​បន្តទៀតថា ក្រុម​ឈ្មួញ​កំពុង​ធ្វើ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ជា​រៀងរាល់ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់បីដូច​មើលមិនឃើញ​ក្រុម​ឈ្មួញ​ទាំងអស់នោះទេ​។ ​បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​បណ្តែត​បណ្តោយឲ្យលោក ឆាយ ជ្រាយបន្តកាប់បំផ្លាញព្រៃ តទៅទៀតហើយមិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទេនោះ ព្រៃឈើ​នៅ​កម្ពុជា នឹង​បាត់បង់​រលាយ​ហិនហោចក្រោមដៃរបស់ឧកញ៉ាខាងលើនេះនៅ​ពេល​ដ៏​ខ្លី​ខាងមុខ ។​

សហការីអង្គភាពសារព័ត៌មាន​ចាប់ដៃ ព្យាយាមទាក់ទងលោកឧកញ៉ា ឆាយ ជ្រាយតាមទូរសព្ទជាច្រើនដងតែលោកមិនលើកទូរសព្ទឡើយ៕​

chhay_chreay_01-268x210

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com