បន្ទាយមានជ័យ ៖ ច្រករបៀងមួយខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត ត្រូវបានប្រភពប្រាប់ថា មានគេលួចដឹកទំនិញឆ្លងដែនទៅមកដីថៃ ក្រោមរូបភាពលួចលាក់ស្ទើររៀងរាល់យប់ ។ ទីតាំងនោះឮថា ជារបស់មេបញ្ជាការរង វរៈនគរបាលការពារព្រំដែនគោកលេខ៨៩១ម្នាក់ ហើយបន្ទាត់ព្រំដែនខាងត្បូងផ្លូវជាតិលេខ៥នោះ ក៍គ្រប់គ្រងដោយនគរបាលការពារព្រំដែនគោកលេខ៨៩១ ប៉ុស្តិ៍ក្បាលស្ពានផងដែរ ។ នៅចំណុចច្រករបៀងគេបិទបាំង និងហ៊ុំព័ទ្ធទៅដោយស័ង្កសីពណ៏ខៀវជិត មិនអនុញ្ញាតឲ្យនណាម្នាក់ចេញចូលក្រៅពីក្រុមកម្មករលើកដាក់ទំនិញ ហើយក្រុមឈ្មួញរកស៊ីឡើយ ។
ប្រភពពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបង្ហើបថា ច្រករបៀងខាងលើ មានគេនាំទំនិញពីខ្មែរទៅថៃ និងពីថៃមកខ្មែរ ស្ទើររៀងរាល់យប់ ហើយក៍បានដំណើរការ ជាយូរណាស់មកហើយដែរ ប៉ុន្តែមិនដឹងថា ជាទំនិញអ្វី ព្រោះករណីនោះវាកើតឡើងតែវេលារំលងអាធ្រាត្រ ។
ប្រភពបន្តថា កន្លងមកខណៈពេលដែលការនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅផ្សាររុងក្លឿទឹកដីថៃ ហើយខាងមន្ត្រី និងសមត្ថកិច្ចថៃនៅច្រកទ្វារអន្តរជាតិខ្លងលឹក មានការរឹតបណ្ដឹង និងចាប់ទំនិញមួយចំនួនដែល គេចោទថា ជារបស់រំលោភកម្មសិទ្ធបញ្ញា នោះក្រុមឈ្មួញ និងអ្នកនាំទំនិញបាននាំគ្នាងាកទៅនាំចេញទំនិញតាមច្រករបៀងវិញយ៉ាងគគ្រឹកគគ្រេងខាងត្បូងផ្លូវជាតិលេខ៥ ពិសេសច្រករបៀងខាងលើតែម្ដង ។
ទំនិញផ្សេងៗ ដែលគេនាំចេញទៅដីថៃនោះ ប្រភពប្រាប់ថា ច្រករបៀងខាងលើនេះ ក៍មានសកម្មភាពខ្លាំងក្លាផងដែរនាពេលកន្លងមក ។ រថយន្តតូចធំបានចេញចូលកន្លែងច្រកខាងលើ មិនដាច់នៅវេលាយប់ហើយច្រករបៀងក្នុងដីឡូតិ៍ ដែលបិទបាំងស័ង្គសីនោះ ប្រភពប្រាប់ថា មាន២ច្រក ដោយច្រកទី១ គេធ្វើស្ពាន និងច្រកមួយទៀត គេដាក់ក្បូនដើម្បីចម្លងទំនិញ ។ នៅកន្លែងច្រករបៀងឮថា ឲ្យតែមានអ្នកយកព័ត៏មានទៅដល់ តែងតែមានការប្រតិកម្មភ្លាមៗ ពីអ្នកស្លៀកពាក់ស៊ីវិលមួយក្រុម ដែលនៅទីនោះ ចេញមកហាម មិនឲ្យសួរនាំ ឬថតយករូបភាពឡើយ ។
ជុំវិញករណីខាងលើសមត្ថកិច្ចម្នាក់ប្រចាំនៅស្នាក់ការដើមគរ សាខាប៉ុស្តិ៍ក្បាលស្ពាន នៃនគរបាលការពារព្រំដែនគោកលេខ៨៩១ ក្បែរចំណុចកើតហេតុ ប្រាប់ថា ច្រករបៀងខាងលើ មិនមាននាំចេញចូលទំនិញគេចពន្ធអ្វីទេ គឺមានតែទំនិញអេតចាយ ឈ្មួញទិញអាគុយចាស់ៗ នាំចូលពីថៃដើម្បីយកសំណរតែប៉ុណ្ណោះ ។ សមត្ថកិច្ចដដែលនេះបន្តថា ទំនិញអេតចាយ ដែលនាំចូលពីថៃ ជារបស់យាយម៉ៅ ដែលកន្លងមកនាំចូលតាមច្រករបៀងផ្សេង តែត្រូវគេបិទ ហើយថា ដំណើរការនាំចូលអេតចាយនេះ ទើបតែ២ទៅ៣ថ្ងៃតែប៉ុណ្ណោះ ។
មេប៉ុស្តិ៍ក្បាលស្ពាននគរបាលការពារព្រំដែនគោកលេខ៨៩១ លោកអ៊ឹម សំណាង ប្រាប់តាមទូរស័ព្ទថា ច្រករបៀងខាងលើមាននាំទំនិញចេញចូលពីថៃមែន ប៉ុន្តែលោកថា ទំនិញទាំងនោះលោកដឹងត្រឹមតែគីប (ខោអាវជជុះ) និងអេតចាយ ចំណែករឿងផ្សេងទៀត លោកមិនបានដឹងទេ ព្រោះនៅទីនោះជាដីរបស់មេបញ្ជាការរងម្នាក់ ។
ជុំវិញប្រភពព័ត៏មានខាងលើមេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលរងការចោទប្រកាន់ថា បានលួចបើកច្រករបៀង នាំចេញចូលទំនិញនោះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ៕