ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនិងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ថា មិនត្រឹមតែមិនយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ គឺថែមទាំងជាន់ឈ្លីគោលនយោបាយនោះយ៉ាងក្រអឺតក្រទម។ ហេតុនេះហើយទើបករណីប្លន់ប្រដាប់អាវុធ ចោរឆក់តាមដងផ្លូវ ចោរកាច់សោ.កម៉ូតូ និងចោរគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិបន្តកើតទ្បើងយ៉ាងពេញបន្ទុក នេះមិនទាន់គិតដល់ល្បែងស៊ីសងនិងបទល្មើសគ្រឿងញៀនដែលកំពុងរាលដាលគ្រប់ច្រកល្ហកនៅទ្បើយទេ។ ទាក់ទងនឹងបញ្ហានេះក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិគួរចាត់វិធានការណែនាំដល់លោក ប៉ា សុជាតិវង្ស និងលោក ជួន សុវណ្ណ ជាបន្ទាន់ ដើម្បីឲ្យមន្ត្រីទាំងពីររូបនេះយកចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គម។
ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានាក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌទូលគោក និងខណ្ឌសែនសុខជាដើមបានឲ្យដឹងថា ក្នុងមូលដ្ឋានរបស់ពួកគាត់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងកន្ទុយលេខនិងភ្នាល់បាល់ទាត់ត្រូវគេបើកលេងជាចំហ គ្មានសមត្ថកិច្ចណាទប់ស្កាត់ទេ ។
ករណីដូចជាទីតាំងហ្គេមស្ទូចត្រី ជាប្រភេទល្បែង តាមម៉ាស៊ីនអេឡិចត្រូនិក មានជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ហើយទីតាំងហ្គេមទាំងនេះ បានបើកលេងជាធម្មតា ពុំមានឃើញចំណាត់ការ របស់អាជ្ញាធរ និង សមត្ថកិច្ចឡើយ ។ ប្រការនេះហើយដែលនាំឲ្យអំពើចោរកម្មកើតទ្បើងឥតឈប់ឈរ ហើយបទល្មើសចែកចាយជួញដូរនិងប្រើប្រាស់គ្រឿងញៀនពុំមានការថយចុះទាល់តែសោះ បើទោះបីកន្លងមកសមត្ថកិច្ចបង្ក្រាបបានមេខ្លោងមួយចំនួនក៏ដោយ។ នៅក្នុងខណ្ឌដូនពេញល្បែងកន្ទុយលេខ ត្រូវបើកលេងយ៉ាងពេញបន្ទុក ជាពិសេសនៅក្នុងផ្សារចាស់ ផ្សាកណ្តាល និងផ្សាដទៃទៀតជាច្រើន ដែលល្បែង កន្ទុយលេខកំពុងរាលដាលកាន់តែខ្លាំងទ្បើងៗ ព្រោះគណៈកម្មការផ្សារនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើជាមើលរំលង។
ចំពោះបញ្ហានេះក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យមើលអសមត្ថភាពរបស់លោក ប៉ា សុជាតិវង្ស និងលោក ជួន សុវណ្ណ ជាបន្ទាន់ ព្រោះបច្ចុប្បន្នសន្តិសុខនៅក្នុងរាជធានីភ្នំពេញធ្លាក់ទៅក្នុងស្ថានភាពគួរឲ្យភ័យខ្លាច ហើយគ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនទ្បើងដែរ។
ក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងភាពអសកម្មរបស់លោក ប៉ា សុជាតិវង្ស និងលោក ជួន សុវណ្ណ តទៅទៀតទេ ព្រោះប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះអសន្តិសុខក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត៕ ចំពោះមតិមហាជនមិនបានគាំទ្រនោះឡើយពោលចង់ឱ្យចុះទៅទប់ស្កាត់ពីព្រោះធ្វើឱ្យប៉ះពាល់ដល់សិស្សសាលាមួយចំនួនដែលគេចវេសពីការរៀនសូត្រហើយនាំគ្នាទៅលេងហ្គេមទាំងនេះបំផ្លាញលុយកាក់អស់ជាច្រើន។ សារព៏ត៌មានយើងនឹងរាយការណ៏ជូនទីតាំងកន្លែងល្បែងទាំងនោះនៅលេខក្រោយបើសមត្ថកិច្ចមិនដឹង។