0

សម្តេចតេជោ ហ៊ុន សែន រំលឹកដាស់តឿន ថា មន្រ្តី ជាខ្មុំបម្រើ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋទេ

ភ្នំពេញៈថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រនិងបើកវគ្គបណ្តុះបណ្តាលដល់កម្មសិក្សាការីមន្រ្តី​សាលាភូមិន្ទរដ្ឋ​បាល​កាលពីព្រឹកថ្ងៃទី១០ ខែ មិនា​ឆ្នាំ ២០១៥ ​នៅវិឡាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរិះគន់យ៉ាងខ្លាំងចំពោះសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានធ្វើពហិការមិនចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រោងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈ​កម្មា​ធិ​ការជាតិរៀបចំបោះឆ្នោតនិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដោយសម្តេចបានលើកឡើងថាព្រោះ​តែ​លង់ទៅនិងជំងឺតួឯកទើបអង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះបានធ្វើពហិការ។

ជាមួយគ្នានោះដែរសម្តេចតេជោហ៊ុនសែនក៏បានក្រើនរំលឹកដល់មន្រ្តីរាជការស៊ីវិលទាំងអស់ត្រូវយកគំរូតាមវិរៈភាព​មន្រ្តី​រាជការជាកងកំលាំងប្រដាប់អាវុធដោយត្រូវធ្វើជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋមិនមែនធ្វើជាចៅហ្វាយនោះឡើយ។

ដោយឡែកក្នុងឱកាសនោះដែរសម្តេចហ៊ុនសែនក៏បានធ្វើការដាស់តឿនក្រើនរំលឹកដល់មន្រ្តីរាជការស៊ីវិលដែលមានជិត១៩ម៉ីននាក់ថា កុំធ្វើជាមន្រ្តីជើង១០ ហើយមន្រ្តីដែលតាំងខ្លួនជាចៅហ្វាយរបស់ប្រជាពលរដ្ឋមិនមែនជាអ្នកបំរើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋទេសុទ្ធតែជាទម្លាប់ខុសឆ្គង។

សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែន បានមានប្រសាសន៏ថា អ្វីចង់ផ្តាំផ្ញើដំបូងបំផុត គឺចង់និយាយថា ការធ្វើមន្រ្តីយើងកុំភ្លេចឲ្យសោះថា គឺជាខ្ញុំបំរើដ៏ស្មោះត្រង់របស់ប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ ចំណុចនេះគឺត្រូវយល់អំពីសារជាតិពិតប្រាកដនៃមន្រ្តីបើមិនដូចេ្នះទេមន្រ្តីរបស់យើងនិងពើងទ្រូងដាក់ប្រជាជនហើយតាំងខ្លួនជាចៅហ្វាយរបស់ប្រជាជន ។ ចំណុចនេះជាពិសេស​ទាមទាឲ្យមន្រ្តីរបស់យើងរំលឹកដាស់តឿនខ្លួនឯងជាប់ជានិច្ច។​ ទរង្វីខុសឆ្គងណាមួយដែលតាំងខ្លួនជាចៅហ្វាយរបស់ប្រជាពលរដ្ឋហើយមិនមែនជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជនគឺសុទ្ធតែចំណុចខុសជាមួយនិងកិច្ចការដែលត្រូវបម្រើដល់ប្រជាជន។​

យើងមានឧទាហរណ៏ស្រាប់ដូចជាកងកំលាំងប្រដាប់អាវុធគឺពួកគេបានបំពេញកាតព្វកិច្ចក្នុងឋានៈដែលផ្តល់ឲ្យយើងនូវឧទាហណ៏ដែរថា ជាអ្នកការពារ ជាអ្នកបម្រើដល់ប្រជាពលរដ្ឋ។​ ចំណុចនេះយើងបានឃើញជាហូរហែនៅពេលដែលយើងទាំងឡាយកំពុងគេងលង់លក់ស្កល់ក្រោមតំណក់ទឹកភ្លៀងយ៉ាងខ្លាំងនៅក្នុងផ្ទះ។ ប៉ុន្តែកំលាំងប្រដាប់អាវុធរបស់យើងទាំងកងទ័ពនិងនគរបាលទាំងអាវុធហត្ថគ្នានៅឈរកណ្តាលភ្លៀងអ្នកដែលមានងអាវភ្លៀងគឺពាក់អាវភ្លៀងឈរយាមដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នានិងរបស់សង្គមជាតិ។ នៅតាមព្រំដែនត្រូវឈរ ជូនកាលដើរល្បាតក្រោមតំណក់ទឹកភ្លៀង រងា ក្តៅ គ្រប់រសជាតិទាំងអស់ កងកំលាំងប្រដាប់អាវុធរបស់យើងបានបង្ហាញពីវីរភាពសំរាប់មន្រ្តីរាជការស៊ីវិលក៏ដូចជាសម្រាប់អ្នកដៃទៀត ដែលទាក់ទងទៅនិងបម្រើចំពោះប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាន៏ទៀតថា បើសិនជាអស់លោកអ្នកទាំងឡាយយល់ឃើញថា កម្លាំងប្រដាប់អាវុធជាឧទាហរណ៏មួយក្នុងចំណោមឧទារហណ៏នៃការពារនិងបម្រើប្រជាពលរដ្ឋ សំរាប់យើងជាមន្រ្តីរាជការដែលទៅអង្គុយទៅលើកៅអី មានកៅអី មានតុ ត្រូវខិតខំចៀសវាងឲ្យខាងតែបាន នូវមន្រ្តីដែលហៅថា មន្រ្តីជើង១០ ដែលជើង ៤ គឺជើងតុ ហើយជើងកៅអី​៤ វា​ប្រាំបី ជើង យើង២ទៀត វា ដប់។​ អញ្ចឹងកុំឲ្យខ្លួនក្លាយជាមន្រ្តីជើង១០ ដែលចុងបំផុត លុះត្រាតែមិនចេះរត់រកការងារធ្វើទេ ឲ្យការងាររត់មករកយើងវិញ។ អញ្ចឹងមន្រ្តីធុននេះមិនមែនជាមន្រ្តីដែលមានអនាគត់ទេ។ យើងត្រូវបណ្តុះគំនិតឲ្យបាន ឥរិយាបលចំពោះប្រជាពលរដ្ឋ។

ពាក្យចាស់ លោកថា មិនខុសទេ ងើយស្កក ឱនដាក់គ្រាប់។ ការឱនលំទោន ការដាក់ខ្លួន មិនមែនជាការចុះចាញ់រឺភាពឡេមឡឹមទេប៉ុន្តែបើមានបញ្ហាអាកាប់មែកជាន់ធាងនោះក៏ត្រូវតែប្រយ័ត្នដែរ។ ជាមួយមុខអ្នកធំ គឺសុភាពណាស់ ប៉ុន្តែចេញពីផុតពីអ្នកធំ ទៅប៉ះអ្នកតូច អាហ្នឹងគឺថា ពើងទ្រូងយកតែម្តង។ មួយទៀតមន្ត្រីដែលមិនបានការ មន្រ្តីដែលឥតប្រយោជន៏ទទួលតែអាត្រូវទេ អាខុសមិនដែលចេះទទូលទេ បើអាត្រូវដណ្តើមយកខ្ទើច បើអាខុស ទម្លាក់ឲ្យអ្នកដទៃ ទាំងអស់។ អញ្ចឹងចំណុចនេះជាចំណុចដែលខ្ញុំគ្រាន់តែដើម្បីដាស់តឿនមន្រ្តីរបស់យើងក្នុងមុខងារណាក៏ដោយ តួនាទីថ្នាក់ណាក៏ដោយ ត្រូវមានការទទួលខុសនិងត្រូវទៅជាមួយគ្នា។ បើមិនដូចេ្នះគុណសម្បត្តិយើងជាអ្នកទទួល គុណវិបត្តិធ្លាក់ទៅអ្នកដទៃ។

image

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com