0

ដែន​អភិរក្ស​ជំរកសត្ចព្រៃលំផាត់ ត្រូវរលាយហិន​ហោច​ដោយ​មន្ត្រីដែនដី​ ខ្លួនឯង​?

31រតនៈគីរីៈ កាលពីពេលថ្មី​ៗ​កន្លងទៅ​នេះ ក្រុម​ការងារ​របស់​អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិប្រចាំខេត្តរតនៈគីរី​បាន​ចុះបំពេញ​បេសកកម្មនៅ​ចំនុច​ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគីរី ដោយ​បាន​ប្រទះ​ឃើញគំនរឈើ​ប្រណិត ជាច្រើនរយកំណាត់ ស្ថិតក្នុងដែនដីគ្រប់គ្រងរបស់​​មន្ត្រីបរិស្ថាន។​

លោក ឈីន ម៉ៅ ប្រធានស្នាក់ការអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ​ប្រចាំ​ខេត្ត​រតនៈគីរី បាន​ប្រាប់អ្នកសារព័ត៌មាន បណ្តាញអ្នកស៊ើបការណ៍ពិសេស ឲ្យដឹងថា ក្រោយ​ពី​បានជម្រាបជូនដំណឹង​ទៅព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​រួចមក ក្រុមការងារ​របស់​លោក ដោយមានការ​ផ្តល់ព័ត៌មាន​ពីប្រជាសហគមន៍ និងការជ្រោមជ្រែង​ពីអាជ្ញាធរ​ឃុំ​ ក្រុម​របស់លោក​បានចុះទៅដែនជំរកសត្វព្រៃលំផាត់ ក៏​​​ប្រទះឃើញគំនរឈើ​ជាច្រើន​រយ​ម៉ែត្រ​​គីប​​ ដែលគេកាប់ និងជ្រៀក​មកបង្គរទុក​ប្រមាណជាង ៣៥០ កំណាត់នៅក្នុងទឹកដី​របស់​មន្ត្រីបរិស្ថាន ហើយឈើ​ទាំងនោះ មាន​ប្រភេទឈើសុក្រម ខ្លុម ដែលមានប្រវែង​៣​ម៉ែត្រ ប្រហែល៩៤ម៉ែត្រគីប និងឈើប្រណិតផ្សេងៗ​ជាច្រើន​ម៉ែត្រគីបទៀត ពាសពេញផ្ទៃ​ដែនជំរកលំផាត់។

ស្របពេលដែលមានកម្មករ និងតៃកុងឡានកំពុងធ្វើការ​នៅទីនោះ ក្រុមការងាររបស់លោក​ក៏បាន​​សាកសួរទៅកម្មករទាំងនោះពួកគាត់ក៏ឆ្លើយថា​ឈើទាំងនេះមិនមែនជាឈើ​ដែល​មន្ត្រី​បរិស្ថាន​ឃាត់​ទុកនោះទេតែជាឈើ​របស់​ថៅកែម្នាក់ឈ្មោះអ៊ីពៅ ដែលថៅកែរូបនេះជា​អ្នក​ជួល​ឲ្យ​ពួកគាត់​ដឹកទៅ​ដាក់ក្នុង​រោងចក្រ​ ដោយឲ្យ​តម្លៃ១០ម៉ឺនរៀល​ក្នុង​មួយគីប។

ក្រោយពី​មន្រ្តីរបស់អង្គការ​បានរាយការណ៍ ជូន​ព្រះរាជអាជ្ញារង​ ជាប សុភ័ក្រ ​អំពី​ភស្តុតាង​ទាំងនោះ ក៏​ស្រាប់តែ​មន្រ្តីបរិស្ថាន​បាន​យកច្បាប់​របស់​ក្រុមហ៊ុន​ឈើ យកមកបំផ្លៃ​ក្នុងគោលបំណង​ភូត​កុហក​ព្រះរាជអាជ្ញាថា ឈើទាំងនោះ​មាន​ច្បាប់ត្រឹមត្រូវ តែការពិតឈើទាំងនោះ​ជារបស់​ឈ្មួញ​​បំផ្លាញ​ព្រៃឈើ​ ដែលកាប់​បង្គរទុក ត្រៀមដឹកចេញ​តែប៉ុណ្ណោះ។​ ប្រហែល​មួយម៉ោងក្រោយ​មក​ មាន​មន្ត្រី​បរិស្ថាន​៣រូប ដឹកនាំ​ដោយលោក វ៉ាន់ ធីន ជាប្រធានក្រុម​ប្រដាប់ដោយ​អាវុធមួយដើម បាន​ស្រែក​ក្តែងៗដាក់​មន្ត្រី​អង្គការ​ថា ឈើទាំង​នោះ ជាឈើ​ដែល​មន្ត្រី​បរិស្ថាន​ចាប់រួចហើយ​ តើនរណាឲ្យមក​លុកលុយ​ក្នុងដែនដី​របស់គេ ។​

បន្ទាប់មក​លោក ធី​ ​នាយកដែនជំរកសត្វព្រៃលំផាត់​ និង​លោក​ សុង នាយផ្នែករបស់ខ្លួន​​បាន​យករថយន្ត​ជាច្រើនគ្រឿង​ទៅ​ដឹកឈើទាំងនោះ ដោយ​និយាយថា​ យកទៅរក្សាទុក​នៅ​ការិយាល័យ​បរិស្ថាន តែក្រោយពីការ​ស៊ើបអង្កេត​ ឃ្លំាមើលរបស់មន្ត្រី​អង្គការ និងប្រជាសហគមន៍ ទើបដឹងថា​ លោក​នាយក​ដែនជំរកសត្វព្រៃរូបនេះ ព្យាយាម​យក​វត្ថុតាង​ទាំង​នោះ​ទៅ​លាក់ទុក​នៅ​កន្លែងផ្សេង​មួយទៀត ដែលនៅឆ្ងាយពីនោះ​ប្រមាណ​៣០ ទៅ៤០គីឡូម៉ែត្រជិតក្រុមហ៊ុន​ដូងប្រេងដែល​ខ្លួនបាន​ជួល​ ដើម្បីលាក់ទុក​ រងចាំ​មេឈ្មួញទុច្ចរិត​ យករថយន្តយីឌុបធំ​ៗ មកដឹកចេញ។ ​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹងថា ករណី​ខាងលើប្រសិនបើរាយការណ៍ផ្ទាល់​មាត់​ជូន​រដ្ឋមន្ត្រី​បរិស្ថានឲ្យ​ជួយអន្តរាគមន៍ភ្លាមៗ គឺមិន​បាន​ទេ ព្រោះ​ច្បាប់​នីតិ​រដ្ឋ​មិនអាច​ តម្រូវ​ឲ្យមានការ​​ដាក់​លិខិត​ចូលរដ្ឋបាល​ជាមុនសិន។ ឯកឧត្តមរដ្ឋមន្ត្រី​​ក៏បាន​សន្យា​ថា​ និងជួយ​អន្តរាគមន៍ក្នុង​រឿង​នេះ ក្រោយពី​អង្កការ​បាន​ដឹក​លិខិត​តាម​ផ្លូវរដ្ឋបាល​រួច។

លោក​ ជា សុភ័ក្រ ព្រះរាជអាជ្ញារង​អមសាលាដំបូង​ខេត្តរតនៈគីរី បាន​ឲ្យ​ដឹងថា​ ករណីខាងលើនេះ ទាល់តែមាន​ការ​ចង្អុល​បង្ហាញ​ ណែនាំ​ពី​សំណាក់​ឯកឧត្តម​អគ្គព្រះរាជអាជ្ញា​ អ៊ុក សាវុធ​ ទើប​លោក​មាន​ទំនុក​ចិត្តក្នុង​ការអនុវត្ត​វិធាន​ការ​តាម​ផ្លូវច្បាប់ បាន​ងាយ​ស្រួល។

ទាក់ទិន​នឹងការ​ចោទប្រកាន់​ខាងលើ​លោក​ ធី នាយក​ដែនជំរក​សត្វព្រៃ​លំផាត់ បាន​ផ្តល់​បទសម្ភាសន៍តាម​ទូរស័ព្ទ​មកកាន់​ភ្នាក់​ងារ​បណ្តាញអ្នក​ស៊ើបការ​ពិសេស ថា ឈើដែល​ក្រុមអង្គការ​ប្រទះឃើញនោះ ជាឈើ​ដែល​គ្មាន​ម្ចាស់​ទេ ហើយលោក​​ក៏មិនអាចសន្និដ្ឋាន​បា​នដែរថា​ជារបស់​អ្នកណា មាន​ចំនួន​ប៉ុន្មាន ព្រោះ​បើការផ្តល់​ទៅ​មាន​ខ្វះ​ចន្លោះ​ អាចនឹងមាន​បញ្ហា​ដល់​ក្រុម​ការងារ​របស់លោក។ ទាក់ទង​និងរឿងដែល​អង្គការ​ខ្លះ​ធ្លាប់​បាន​ប្តឹងក្រុមហ៊ុន២ដង​​រួចមកហើយ​ ហើយការប្តឹងនោះ​គ្រាន់​តែ​ដើម្បីឲ្យ​ក្រុមហ៊ុន​ឲ្យ​លុយកាក់ប៉ុណ្ណោះ តែបើ​ការអនុវត្ត​តាមនីតិ​វិធី​នោះគឺគ្មាន​ទេ។

លោក​បាន​បន្តថា​ អង្គការ​អភិរក្ស​មាន​សិទ្ធិ​ត្រឹមតែ​ឃ្លាំ​មើល និងរាយការណ៍ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​អង្គការ​ខ្លះ​ បាន​ចូលទៅ​យកលុយ យកកាក់នៅ​សិប្បកម្ម ឬ​រោងម៉ាស៊ីន​អារឈើ។ លោក​បាន​ធ្លាប់ផ្តល់​ឯកសារ​ផ្លូវច្បាប់​នានា​របស់ក្រុមហ៊ុន​ជូន​ព្រះរាជអាជ្ញា​ពិនិត្យ​រួចហើយ។ ប្រសិនជា​អង្គការ​មាន​បំណង​សហការជាមួយ​បរិស្ថាន ទាល់តែ​មាន​ស៊ីញ៉េ​ពី​មេ ទើបលោក​អនុញ្ញាតិ​ឲ្យ​ចូល​ដែនដីរបស់លោក ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​ត្រូវ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​គណៈបញ្ជាការឯកភាពខេត្ត។

លោកបាន​បន្តឲ្យដឹងទៀតថា ​មួយរយៈកាល​ចុងក្រោយនេះ មាន​សារព័ត៌មាន និងអង្គការ​មួយចំនួន​ព្យាយាម​ប្តឹងលោក​ជាច្រើន​ករណីមកហើយ។ ករណី​ដែលថា​មាន​ម៉ាស៊ីន​ត្រង់ស៊ីន័រ​ និងម៉ាស៊ីន​រ៉ៃនៅក្នុង​ដែន​អភិរក្ស​របស់លោក លោក​ក៏ធ្លាប់​បាន​ចាប់ជាបន្តបន្ទាប់ ហើយលោកក៏សំណូមពរឲ្យ​ ភ្នាក់ងារ​បណ្តាញអ្នកស៊ើបការណ៍ពិសេស ចុះ​ធ្វើការ​ផ្ទាល់ និងពិនិត្យ​ជាក់ស្តែងជាមួយលោក​ ជៀសវាង​ពាក្យចចាមអារាម​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិនយល់។ បច្ចុប្បន្ន​ឈើ​ដែល​លោក​ និងក្រុម​ការងារ​ប្រមូលបាន លោក​បាន​យកទៅទុកនៅ​ស្នាក់ការ​នានា​ របស់​រិស្ថាន​ ហើយជាធម្មតា​ មាន​ភាគី​អន្តរក្រសួង​ចុះមក​ធ្វើ​សវនកម្ម​ និង​រាយការណ៍​ជូន​ក្រសួង​ និង​ខេត្ត​។ លោក​ក៏បាន​បញ្ជាក់​ជាចុងក្រោយ​ថា ករណី​ខាងលើនេះ​ លោក​បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចរាល់អស់ហើយ។​

លោក​ ស្រី ប៉ូឡូ អនុប្រធាន​អង្កការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍធនធាន​ធម្មជាតិ បាន​ប្រាប់​អ្នកសារព័ត៌មានយើងថា ប្រសិន​បើ​មន្ត្រី​បរិស្ថានថ្នាក់​ក្រោម​និយាយ​ថា​ គ្មាន​នរណាម្នាក់​មាន​សិទ្ធិ​ចូល​ក្នុង​ដែន​ដី​របស់​លោក ហើយ​ដែនដី​នោះលោក​ជាអ្នកការពារចុះហេតុ​អ្វី​ទើប​បណ្តែត​បណ្តោយ​ឲ្យ​មាន​ គំនរឈើ​រាប់រយ​ម៉ែត្រគីប​ និងឈ្មួញចូល​កាប់បំផ្លាញ​ដែន​​ជំរក​យ៉ាងគគ្រឹកគគ្រែង​បែប​នេះ ហើយប្រសិន​បើ​មន្ត្រី​បរិស្ថាន​ឃុំឃិតគ្នា​ជាមួយ​ អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើហើយ​ព្យាយាម​បិទបាំងព័ត៌មាន​មិន​ឲ្យថា្នក់​លើ​ដឹង​ និង​ព្យាយាម​បំភ័ន​ស្ថាប័នតុលាការ​ នូវឯកសារ​នានា តើ​ព្រៃឈើ​ដែន​ជំរកនេះ មិនរលាយហិន​ហោចទេឬ? ហើយ​តើនរណា​ទើបមាន​សិទ្ធិ​ ជួយការពារសម្បត្តិធនធាន​ធម្មជាតិ​របស់​ខ្មែរ​បាន?

លោក​ ហ៊ុន​ សុខា​ ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និងអភិវឌ្ឍធនធាន​ធម្មជាតិបាន​ឲ្យ​ដឹង​ថា គ្រាន់​តែប្រជាពលរដ្ឋ​សាម​ញ្​ញម្នាក់ក៏​​មានសិទ្ធិ និង​​កាតព្វកិច្ច​ថែរក្សា​ និងការពារ​សម្បត្តិ​ធនធានធម្មជាតិ​របស់​ខ្លួនដែរ ចុះទម្រាំតែ​អង្គការរបស់​លោក​ដែល​ អនុវត្ត​ទៅតាម​លក្ខន្តិកៈ​របស់​ខ្លួន​ដែលទទួលស្គាល់ដោយ​ក្រសួង​មហាផ្ទៃ ហេតុអ្វី​មិនអាចមាន​សិទ្ធិ​ការពារ​សម្បត្តិធនធានធម្មជាតិបាន? យោង​លិខិត​លេខ​ ១០៥ ស.ជ.ណ ចុះថ្ងៃទី​២០ ខែមករា​ ឆ្នាំ​២០១៥ របស់​ក្រសួងមហាផ្ទៃ​ក៏បាន​អនុញ្ញាតឲ្យ​អង្គការរបស់​លោក សហការ​ជាមួយ​មន្ត្រី​មូល​ដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ​​។ លោក​បាន​បញ្ជាក់​ថា បទល្មើស​ព្រៃឈើជាបទឧក្រិដ្ឋ យោងតាម​មាត្រា​១០១ នៃច្បាប់ស្តីពី​ព្រៃឈើ មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ដឹង​ថា​ មានបទល្មើស​ព្រៃឈើ កើតមានឡើង​ហើយមិន​ព្រមចាត់​វិធានការ គឺ​នឹងត្រូវទទួលទោស និង​ផាកពិន័យ។

លោក ហ៊ុន សុខា ក៏​​បាន​អំពាវទៅ​ដល់​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយពិនិត្យមើល​ករណី​ខាងលើ​នេះផង ព្រោះបើសិនជាមន្ត្រីបរិស្ថាន​ខេត្តរតនៈគីរី ឃុបឃិតគ្នា​ជាមួយ​អ្នក​ប្រព្រឹត្ត​បទល្មើស​​ គឺមិនគោរពបទបញ្ជារបស់​ថ្នាក់លើ ព្រមទាំង​មិនគោរពឯកឧត្តមអភិបាលខេត្តដែលជាប្រធានគណៈបញ្ជាការឯកភាព​ខេត្ត ជាពិសេសជាន់ឈ្លី​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។ ម្យ៉ាងទៀតបើមន្ត្រីបរិស្ថាន​ធ្វើរបៀបនេះ គឺដូចជាអ្នកបំផ្លាញព្រៃឈើដែរ តែបំផ្លាញដោយប្រយោល ដូច្នេះហើយសូមឯកឧត្តម​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យជាបន្ទាន់​ ជាសវៀងដូចពាក្យដែល​ប្រជាពលរដ្ឋតែងតែពោលថា មន្ត្រី​បរិស្ថានទៅការពារព្រៃណា រលាយ​ព្រៃនោះ។

លោក​មេឃុំជ័យឧត្តម បាន​សំណូមពរទៅ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយត្រួតពិនិត្យ​ក្រុមហ៊ុន​ដែលនៅតំបន់​នោះផង ជាពិសេស​ជួយទប់ស្កាត់បទល្មើស​ធនធានធម្មជាតិ ព្រោះ​តំបន់នោះ​លោក​សង្កេតឃើញមាន​ ទាំងការ​ដាក់​ម៉ាស៊ីនរៃ និង​ម៉ាស៊ីន​ត្រង់ស៊ីន័រ​ ដែល​កំពុង​ធ្វើសកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ ប្រហែល​៣០ ទៅ៤០គ្រឿង ដោយមាន​ទាំងឧកញ៉ាផង មាន​ទាំង​ឈ្មួញ​វៀតណាម​ផង​។ លោក​មេឃុំបាន​និយាយ​ទៀតថា ប្រសិនបើ​រាជរដ្ឋាភិបាល​មិនជួយអន្តរាគមន៍ទេ ប្រហែល​២ ទៅ​ ៣ខែទៀត ដែនជំរក​សត្វព្រៃលំផាត់ និងរលាយ​ហិន​ហោចយ៉ាង​សង្វេគ។ ភ្នាក់ងារ​សារព័ត៌មានចាប់ដៃព្យាយាម​ទាក់ទងសុំការបំភ្លឺ​ពីសំណាក់ ឯកឧត្តម​ ថង សាវុន អភិ​បាល​​នៃគណៈអភិបាល​ខេត្ត​រតនៈគីរី តែមិនអាចទាក់ទងបាន​។

ភ្នាក់ងារ​សារព័ត៌មានចាប់ដៃ គ្រោងនឹងចុះទៅតំបន់​ដែនអភិរក្ស​សត្វ​ព្រៃលំផាត់ តាមការស្នើ​សុំ​ពី​​ប្រជាពលរដ្ឋ និង​ការស្នើសុំ​របស់​លោកនាយក​ដែនជំរក ដើម្បី​ស្វែងរក​ការពិត និងចុះ​ផ្សាយ​នៅលេខក្រោយ​ជាបន្តទៀត៕​

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com