កំពង់ឆ្នាំង៖ តាមសេចក្តីរាយការពីមន្ត្រីខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ឈ្មោះ អ៊ូ ជួបកុសល កំពុងតែទទួលបាននៅភាពល្បីល្បាយ នៅក្នុងចំណោមមន្ត្រីរាជការទូទាំងខេត្ត ក្នុងការប្រព្រឹត្តិអំពើពុករលួយ កឹបកេងថវិការបស់មន្ទីរខ្លួន និងការ ឃុបឃិតជាមួយអ្នកសាងសង់សំណង់ ជូនមន្ទីរអង្គភាពជាច្រើននៅក្នុងខេត្ត ហើយទទួលបានផល ប្រយោជន៍ ផ្ទាល់ខ្លួនក្នុងមួយឆ្នាំៗរហូតដល់ខ្ទង់ ១០០០លានរៀល។
តាមប្រភពបានឲ្យដឹងថា លោកប្រធានមន្ទីរ អ៊ូ ជួបកុសល គាត់មិនមែនត្រឹមតែល្បី ពីខាងចេះកេះគៀវ បណ្តាមន្ទីរ រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ យកផលប្រយោជន៍ជាប្រាក់ទឹកតែនោះទេ ដោយសូប្បីតែការ ចំណាយជាច្រើននៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរូបគាត់ជាប្រធានមន្ទីរនោះ ក៏គាត់បានកឹបកេង អស់យ៉ាងច្រើនក្នុងមួយឆ្នាំៗ ធ្វើអោយមន្ត្រីដែលធ្វើការជាមួយគាត់ កើតការក្តៅក្រហាយមិនតិចទេ។
តាមប្រភពបានបន្តឲ្យដឹងថា សម្រាប់ប្រាក់រេច្ចទ័យឆ្នាំ ២០១៤ ចំនួន៨ជុំដែលដកមកចាយម្តងៗ គឺត្រូវ លោកប្រធានមន្ទីរ អ៊ូ ជួបកុសល ស៊ីស្ទើរអស់ ដោយថវិកាទាំងនោះលោកប្រធានមន្ទីរ មិនសូវបានយក មកចំណាយទេ។ តែទទឹមនិងនោះរូបគាត់រួម និងមន្ត្រីជំនិតបានធ្វើឯកសារខ្យល់ជាច្រើន ដើម្បីស៊ីដាច់ថវិកាដែលគាត់យក មកចាយនោះ។ ក្រៅពីការកឹបកេងប្រាក់រេច្ចទ័យ លោកប្រធានមន្ទីររូបនេះ ក៏បានស៊ីប្រាក់សម្រាប់ ការថែទាំ និងជួសជុលក្នុងមួយឆ្នាំៗ អស់មិនតិចជាង៧០លានរៀលនោះទេ។ បន្ថែមលើសពីនោះទៀត ក្នុងឋានៈលោកប្រធានមន្ទីរ អ៊ូ ជួបកុសល ជាអនុប្រធានគណកម្មាធិការលទ្ធកម្មខេត្ត រូបគាត់បានធ្វើអោយ ប្រធានមន្ទីរជាច្រើន កើតការក្តៅក្រហាយចំពោះករណី ដែលរូបគាត់បានយកក្រុមអ្នកម៉ៅការ ក្នុងការ សាងសង់ឬជួសជុល ដោយមានតម្លៃខ្ពស់កប់ពពក និងការបង្ខំឲ្យប្រធានមន្ទីរទាំងនោះ ទទួលយក សមិត្តិផល ដែលមានតម្លៃថ្លៃលើសតម្លៃធម្មតា មួយគុណនឹងបីដងនៃតម្លៃទីផ្សារ។ ទោះជាយ៉ាងណា សម្រាប់មន្ទីរជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង នៅតែមិនហ៊ានប្រឆាំងតបត ទៅនិងសកម្មភាពដស្មោកគ្រោក របស់លោកប្រធានមន្ទីរ អ៊ូ ជួបកុសល នោះឡើយ។
បញ្ហានេះដោយសារតែប្រធានមន្ទីរជាច្រើនគឺចេះតែស៊ូទ្រាំ បើមិនព្រមធ្វើតាមលោកប្រធានមន្ទីរ អ៊ូ ជួប កុសល នោះមន្ទីររបស់ពួកគាត់នៅពេលរត់ឯកសារ សម្រាប់ដកសាច់ប្រាក់ចំណាយផ្សេងៗ និងជួបបញ្ហា ច្រើនដូច្នេះពួកគាត់ត្រូវតែទទួលយកទាំងបង្ខំ ទោះបីពួកគាត់ដឹងថាមិនត្រឹមត្រូវ ក៏ត្រូវយកដែរបើមិនយក គឺអត់ ហើយនិងមានបញ្ហាមួយចំនួនទៀត។ ទាក់ទងព័ត៌មាននេះដែរ អ្នកយកព័ត៌មានពុំអាចទំនាក់ទំនង សុំការបំភ្លឺពីលោកប្រធានមន្ទីរ អ៊ូ ជួបកុសល បានទេដោយទូរស័ព្ទចូល នៅពេលលើកទូរស័ព្ទលឺថា អ្នកកាសែតសម្ភាសន៍ រូបគាត់អះអាងថាស្តាប់មិនបានចុចទូរស័ព្ទបិទ នៅពេលទូរស័ព្ទទៅទៀត គឺគាត់លែងលើកទូរស័ព្ទតែម្តង៕