ខេត្តកំពង់ចាម ៖ លោក វ៉ូ វណ្ណា កំពុងសប្បាយ ប្រមូលលុយ ពីសកម្មភាពខុសច្បាប់ និងឃុបឃិតឲ្យក្រុមឈ្មួញ ទាំងតូចទាំងធំ នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ មកពីប្រទេសវៀតណាម នាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។
លោក វ៉ូ វណ្ណា ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកត្រពាំងផ្លុង បានបង្កើតឲ្យមានអំពើពុករលួយ ទៅលើការពិនិត្យឯកសារ នៃទំនិញវិនិយោគ ដូចជាឯកសារប្រតិវេទន៍ សម្រាប់នាំចូលទំនិញវិនិយោគនីមួយៗ ដែលចាត់ទុកថាជារឿងស្របច្បាប់ យ៉ាងហោចណាស់ក៏ត្រូវ ចំណាយសេវាក្រោមតុ ចាប់ពី ៧០ទៅ៨០ ដុល្លារ សម្រាប់មន្ដ្រីគយ រួមទាំង លោក វ៉ូ វណ្ណា ផងដែរ ។ អំពើពុករលួយបែបនេះ គេអាចពណ៌នាបានថា យ៉ាងហោចណាស់ ក៏ក្នុងមួយថ្ងៃ មានឯកសារនាំចូល ទំនិញវិនិយោគ ឆ្លងកាត់តាមច្រកព្រំដែនត្រពាំផ្លុងប្រមាណ ២០ទៅ៣០ ឯកសារ ចុះបើក្នុងមួយឯកសារ ត្រូវចំណាយពី ៧០ទៅ៨៥ដុល្លារ សួរថាចំណូលជា លក្ខណៈក្រោមតុបែបនេះ មានចំនួនប៉ុន្មានក្នុងមួយថ្ងៃៗ ។
ដោយឡែកលោក វ៉ូ វណ្ណា ក៏បានឃុបឃិត ជាមួយឈ្មួញដែលរកស៊ី នាំចូលទំនិញមិនប្រក្រតី ឲ្យបង់ពន្ធតាមរបៀបបន្ធូរបន្ថយ តាមរយៈការជួយរៀបចំ ឯកសារជាលក្ខណៈ ក្លែងភេទទំនិញ ។ គ្រាន់តែករណីទំនិញរបស់ឈ្មួញ ហាក់ ម៉ៅ និងទំនិញរបស់ យាយ ញាប់, ឈ្មួញ ផាត់ ប៊ុន, ឈ្មួញ យាយភី ដែលបានដឹកជញ្ជូនឆ្លងកាត់ ច្រកត្រពាំងផ្លុង ទាំងថ្ងៃទាំងយប់ តាមរថយន្តយីឌុបៗធំៗ គេដឹងថា មានចំនួនប្រមាណ ៥០ទៅ៦០ ភាគរយ គឺបង់ពន្ធមិនគ្រប់ ដូច្នេះលោក វ៉ូ វណ្ណា មិនអាចឆ្លើយដោះសារថា ខ្លួនមិនបានទទួលលាភសក្ការៈ រាល់ទំនិញមិនប្រក្រតី ដែលនាំចូលតាមច្រកត្រពាំងផ្លុង នោះឡើយ។
ក្រុមឈ្មួញធំៗ ដែលរកស៊ីបង់ពន្ធ មិនគ្រប់ទាំងអស់នេះ បានយល់យ៉ាងច្បាស់ ពីការបង់លុយឲ្យជំនាញគយ ដូច្នេះលោក វ៉ូ វណ្ណា សប្បាយក្នុងការកើបផលប្រយោជន៍ សម្រាប់បុគ្គលខ្លួនគាត់ និងសម្រាប់បង់ជូនថ្នាក់លើ ។ ស្របពេលដែលលោក ប៉ែន ស៊ីម៉ន ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគម្រោងបញ្ឈរជើងមន្ដ្រីគយ មួយចំនួនដែលជាប់ទាក់ទិនរឿងអាស្រូវពុករលួយ បែរជាលោក វ៉ូ វណ្ណា ដែលមានប្រវត្ដិប្រព្រឹត្ដ អំពើពុករលួយទៅវិញ ៕