ភ្នំពេញៈ សកម្មភាពនៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋានវត្តភ្នំ មន្ត្រីរាជការ សិល្បករ ភ្ញៀវជាតិ និងអ្នកទេសចរ ច្រើនជាតិសាសន៍ ចូលលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គុយ ទាញព្រ័ត្រ ដណ្ដើមស្លឹកឈើ និងរាំកម្សាន្ត ដែលកម្មវិធីនោះដឹកនាំលេង ដោយមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ។ នៅតាមវត្តអារាម ពុទ្ធសាសនិកជន យកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ចំណែកនៅ តាមដងផ្លូវសំរាម ចោលជាគំនរធំៗ គ្រប់ផ្លូវ រីឯចរាចរណ៍ នៅពេលព្រឹកមិនកកស្ទះទេ ប៉ុន្តែនៅពេល យប់រថយន្តច្រើនគ្រឿង សម្រុកចូលទៅកោះពេជ្រ និងផ្សារអេអន(AOEN) បានស្ទះចរាចរណ៍យូរម៉ោងដែរ។
ក្រុមសិល្បៈនៃមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បាននាំអ្នកដំណើរជាតិ និងអន្តរជាតិ លេងល្បែង ទាញព្រ័ត្រ បោះអង្គុយ ដណ្ដើមស្លឹកឈើ និង រាំកម្សាន្ត នៅរមណីយដ្ឋានវត្តភ្នំ។ ចូលរួមបង្ហាត់ ការលេងល្បែងឲ្យត្រូវតាមប្រភេទល្បែងប្រជាប្រិយនោះ លោក ចាន់ ផល មានងារជាស្ដេចល្ខោនបាសាក់ និងជាអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ អះអាងថា ល្បែងបោះអង្គញ់ ចោលឈូង ដណ្ដើមស្លឹកឈើ ទាញព្រ័ត្រភាគច្រើន គេលេងតែនៅក្នុងពេល ចូលឆ្នាំខ្មែរទេ។ ហេតុនេះដើម្បីឲ្យការលេងល្បែងប្រជាប្រិយនោះ ត្រូវតាមប្រពៃណី លោកត្រូវ បង្ហាត់អ្នកចូលលេងឲ្យបានដឹង ពីការលេងត្រឹមត្រូវ ដើម្បីទុកជាកេរ្តិ៍ដំណែល បន្តទៅថ្ងៃក្រោយ ទៀត៖ «ហើយឲ្យក្មេងជំនាន់ក្រោយស្គាល់អ្វីដែលជាល្បែងប្រជាប្រិយ របស់ខ្មែរយើង ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ វាយក្អម ឡើងសសរខ្លាញ់ជាដើម ដើម្បីបង្កលក្ខណៈ ឲ្យប្រជាពលរដ្ឋ សប្បាយរីករាយ»។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់រស់នៅភ្នំពេញ នាំគ្នាមកលេងវត្តភ្នំនេះ ដើម្បីអបអរចូលឆ្នាំខ្មែរ៖ «ពួកគាត់ រីករាយណាស់ ដែលបានមកចូលរួមលេងចូលឆ្នាំខ្មែរនេះ»។ នៅក្នុងការលេងល្បែងប្រជាប្រិយនោះ ក្រៅពីភ្ញៀវក្នុងស្រុក ក៏មានភ្ញៀវមកពី អឺរ៉ុប ចិន កូរ៉េ ឡាវ វៀតណាម មកតាមក្រុមហ៊ុនទេសចរណ៍ បានចូលរួមបោះអង្គញ់ ដណ្ដើមស្លឹកឈើ ទាញព្រ័ត្រ និងរាំកម្សាន្ត។
ភ្ញៀវមួយចំនួន មិនយល់ពីការបោះអង្គុយដាំកើយ៣ ព្រោះអ្នកបោះ ត្រូវកើយដាំនៅកណ្ដាលគេ តែត្រូវក្រុមម្ខាងទៀតរត់ទៅជួស? បញ្ហានេះលោក ចាន់ ផល ពន្យល់ថា កើយកណ្ដាល ប្រៀបដូចមេទ័ព គេដាំវាក្រោយ កើយពីរនៅអមសងខាង ដែលជាតំណាងឲ្យកងការពារ។ អ្នកបោះត្រូវឆ្លាត សម្លាប់កងការពារសិន ទើបសម្លាប់មេទ័ពជាក្រោយ។ បើបោះឲ្យត្រូវកើយកណ្ដាលមុន គឺចាញ់ ទើបគេត្រូវជួស៖ «បោះខាងៗឲ្យហើយ បានគេបោះកណ្ដាល។ បើយើងបោះចំកណ្ដាលគឺគេជួសវិញហើយ ព្រោះអាហ្នឹងដូច គេផាកពិន័យអីចឹង អាកណ្ដាលហ្នឹង។ ធម្មតាទេ សម្លាប់កូនចៅអស់បានគេសម្លាប់មេ»។
ក្រៅពីការលេងល្បែងកម្សាន្ត នៅតាមរមណីយដ្ឋាន នៅឯវត្តអារាម មានពុទ្ធសាសនិក បានយកអាហារ ទៅប្រគេនព្រះសង្ឃ និងយកអង្ករទៅចាក់ជាគំនរអង្ករ ដូចជាភ្នំអង្ករ ចំណែកខ្សាច់ដែលមានស្រាប់ក្នុងវត្ត គេបាចយកទៅពូនជាភ្នំខ្សាច់ដែរ។ ប្រជាពលរដ្ឋបាន ឲ្យដឹងថា គាត់យកចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធឃោសាចារ្យ។ ឯអង្ករគាត់យកទៅពូនភ្នំអង្ករ ព្រោះគាត់ជឿថា គ្រាប់អង្ករមួយគ្រាប់ អាចបន្ថយ កម្មពៀរម្ដង ដែលគាត់បានធ្វើ៖ «គេថាតាមប្រពៃណីខ្មែរ ពូនភ្នំអង្ករហ្នឹង គឺផ្ដាច់កម្ម ផ្ដាច់ពៀរ»។
ប្រជាពលរដ្ឋបានបន្តទៀតថា ដែលយកចង្ហាន់ ផ្លែឈើ អង្ករនិងថវិកា ធ្វើបុណ្យក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ថ្លែងថា អ្វីទាំងអស់ដែលគាត់បានធ្វើ នៅថ្ងៃចូលឆ្នាំ ជាសទ្ធាក្នុងការដឹងគុណ សាសនាជាតិ ព្រះមហាក្សត្រ និងដឹងគុណអ្នកការពារទឹកដី។ ប្រជាពលរដ្ឋថា បើគាត់មានបាប សុំឲ្យគ្រាប់អង្ករមួយគ្រាប់ និងគ្រាប់ខ្សាច់មួយគ្រាប់ ដែលគាត់បានប្រគេនព្រះសង្ឃនេះ ជួយបន្ថយអំពើបាបរបស់គាត់៖ «សុំផ្ដាច់កម្ម ផ្ដាច់ពៀរ ហើយបើសត្រូវចងប៉ងយាយី បើអ្នកឯងចង់ឆ្លង កាត់មកអី សុំឲ្យអ្នកឯងរាប់គ្រាប់ខ្សាច់នេះឲ្យអស់សិនចាំមកដល់យើងអីចឹង»។
នៅក្នុងវត្តនោះមានរូបសំពៅ ដែលមានផ្ទុកដោយគ្រាប់ពូជ ដូចជាស្រូវ ពោត ល្ង សណ្ដែកជាដើម ពុទ្ធបរិស័ទជាច្រើន បោះប្រាក់ចូលក្នុងសំពៅ និងបានយកគ្រាប់ពូជ ដែលមានច្រកក្នុងថង់តូចៗ ជាស្រេច បោះចូលទៅក្នុងសំពៅនោះដែរ។ អ្នកស្រីមននៅទីក្រុងភ្នំពេញ ឲ្យដឹងថា គាត់បោះថវិកានិងគ្រាប់ពូជ ចូលសំពៅនេះ ផ្សងសុខសប្បាយ និងផលកសិកម្មឆ្នាំនេះនឹងសំបូរ៖ «សុំឲ្យសំពៅ ជួយចម្លងគ្រោះចម្លងអី»។
ក្រៅពីល្បែងកម្សាន្ត និងការប្រគេនចង្ហាន់ ទ្រទ្រង់ព្រះពុទ្ធសាសនា តាមផ្លូវជាតិ ក្នុងទីក្រុងភ្នំពេញ សំរាមបានទុកចោល ខ្លះកណ្ដាលផ្លូវ ខ្លះច្រកថង់ដាក់កៀនរបងសាធារណៈ ខ្លះទុកមុខផ្ទះ សំរាមបានស្អុយរលួយ។ ប៉ុន្តែនៅរមណីយដ្ឋានវត្តភ្នំ សំរាមត្រូវមន្ត្រីមន្ទីរសាធារណការ លោក សៀក ធូ ប្រមូលកើបសម្អាត។ លោកបន្តថា តាមបញ្ជាសាលារាជធានីភ្នំពេញ ឲ្យសំអាតសំរាម ជុំវិញ រមណីយដ្ឋានមួយនេះរាល់ថ្ងៃ។
ចាប់តាំងពីពេលរសៀល ថ្ងៃចូលឆ្នាំថ្ងៃទី១ នៅរមណីយដ្ឋានវត្តភ្នំ មានភ្ញៀវជាតិនិងអន្តរជាតិ បានចាក់ភ្លេង រាំកម្សាន្ត និងមានកម្លាំងសន្តិសុខ និងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ចាំការពារភ្ញៀវដោយប្រុងប្រយ័ត្ន៕