0

បុគុលិក​ទូរ​គមនាគមន៏​កម្ពុជា​ T.C ​សំដែង​ប្រតិកម្ម​ក្តៅ​ក្រហាយ​ លោក​ ឡាយ ​ម៉ារីវ៉ូ ​ធ្វើ​ការ​ដោះ​ដូរ​តំណែង​​ពួក​​គាត់​​ដោយ​អត្តនោ​ម័ត​ស្រេច​តែ​អំពើ​ចិត្ត​តាម​បែប​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​!​

ភ្នំពេញ៖  ថ្មីៗនេះ មានបុគ្គលិក មន្ត្រីបម្រើការងារ នៅទូរគមនាគមន៍កម្ពុជា (T.C) បាននាំគ្នាសម្ដែងប្រតិកម្ម ក្ដៅក្រហាយ ខឹងសម្បារយ៉ាងខ្លាំង ចំពោះលោក ឡាយ ម៉ារីវ៉ូ ដោយពួកគាត់ បានចោទប្រកាន់ថា  លោកអគ្គនាយកថ្មីនេះ បាននិងកំពុងតែ ប្រើអំណាចរបស់ខ្លួន ក្នុងការដក ឬបណ្ដេញ និងផ្លាស់ប្ដូរតំណែង មន្ត្រីៗ និយោជិត ឲ្យចេញពីការងារ ពីកន្លែងមួយ ទៅកន្លែងមួយ តាមអំពើចិត្ត អត់សមហេតុផល… ធ្វើឡើងអត្តនោម័តតែឯង ដោយមិនបាន សួរយោបល់អ្វី ឬមានការព្រមព្រៀង ពីសាមីខ្លួនទាល់តែសោះ ដែលមិនខុសពី គំនុំសងសឹក ឬបង្ខំឲ្យមន្ត្រីចាស់ចេញ ដាក់បក្ខពួកខ្លួនចូល ដើម្បីតែផលប្រយោជន៍ អាថ៌កំបាំងអ្វីនោះទេ ។

ទង្វើដូចខាងលើ ត្រូវបានបុគ្គលិក និយោជិតភាគច្រើន និយាយប្រាប់ថា វាទើបតែបានកើតឡើង  នៅក្នុងសម័យលោក ឡាយ ម៉ារីវ៉ូ ឡើងធ្វើអគ្គនាយកថ្មីនៃ ទូរគមនាគមន៍កម្ពុជា (T.C) នេះប៉ុណ្ណោះ… ពោលគឺ ករណីបែបនេះ មិនធ្លាប់មានឡើយ កាលពីសម័យ អគ្គនាយកមុនៗ ប៉ុន្មាននាក់កន្លងមក ។ ជាក់ស្ដែង នៅចុងក្រោយថ្មីៗនេះ បន្ទាប់ពីអគ្គនាយក ឡាយ ម៉ារីវ៉ូ  បានព្យាយាមដក មន្ត្រីម្នាក់ទៀត ដែលធ្លាប់បម្រើ ការងារនៅទីនោះ ជាច្រើនឆ្នាំមកហើយ… ដោយយកលេសថា …ផ្លាស់ប្ដូរឲ្យទៅ ធ្វើការងារនៅខេត្ត មួយរយៈសិនរួចមក មានបុគ្គលិក (ភាគច្រើន)  បម្រើការងារនៅ T.C ដែលគាំទ្រមន្ត្រីម្នាក់នោះ បានបង្ខំចិត្តសរសេរបដា កាន់លើកបង្ហាញ នៅក្នុងអង្គភាព T.C នោះ ដោយមានខ្លឹមសារថា «អគ្គនាយក ហេតុអីដកលោក … ម្ដងហើយម្ដងទៀត…» ?

ព័ត៌មានថ្មីបំផុតនេះ គេហទំព័រយើង បានព្យាយាម ស្វែងរកលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺពី លោកអគ្គនាយក ឡាយ ម៉ារីវ៉ូ ក៍ដូចជាមន្ត្រីម្នាក់នោះដែរ… តែមិនអាចទាក់ទងបានឡើយ ។

ជុំវិញករណីនេះដែរ មានបុគ្គលិក និយោជិតមួយចំនួន បាននិយាយរិះគន់ថា ចាប់តាំងពីលោក ឡាយ ម៉ារីវ៉ូ មានរាសីខ្ពស់ បានឡើងធ្វើជា អគ្គនាយកថ្មី T.C ប្រមាណជា ១ឆ្នាំនេះ កាលណាមក… បាននិងកំពុងធ្វើឲ្យ កើតមានបញ្ហា កាន់តែច្រើនឡើងៗ ដូចជាករណី លោកអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ បានយកមនុស្ស មកពីខាងក្រៅឈ្មោះ ឈួន ចន្ធូ ឲ្យមកធ្វើជា ជំនួយការរបស់ខ្លួន កាន់កាប់ក្ដោបក្ដាប់ ការងារសំខាន់ៗ ផ្ដាច់មុខតែឯង យ៉ាងអាថ៌កំបាំងបំផុត… ជាពិសេស ការងារពាក់ព័ន្ធ នឹងលុយកាក់… ។ ផ្ទុយទៅវិញ មន្ត្រីៗដែលធ្វើការងារ ជាច្រើនឆ្នាំមកហើយៗ ជាអ្នកមានបទពិសោធន៍ ធ្លាប់ដឹងរឿងផ្ទៃក្នុង ការងារច្បាស់លាស់នោះ ត្រូវបានអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ ព្យាយាមកម្ចាត់ចេញ ឬបង្ខំចិត្តឲ្យចាកចេញ ដោយខ្លួនឯង ជាបន្តបន្ទាប់… តួយ៉ាងដូចមន្ត្រីម្នាក់ ចុងក្រោយថ្មីៗនេះ ដែលត្រូវអគ្គនាយក ឡាយ ម៉ារីវ៉ូ ស៊ីញ៉េដកចេញ ក្រោមលេសឲ្យទៅ ធ្វើការងារនៅខេត្ត មួយរយៈសិន នេះជាដើម ។

ប្រភពបានប្រាប់ ឲ្យដឹងបន្ថែមថា មានមន្ត្រីៗមួយចំនួន ដែលបម្រើការងារ T.C ជាច្រើនឆ្នាំមកហើយ នៅតាមបណ្ដាខេត្តខ្លះ ក៍បានដាក់ពាក្យ សុំឈប់បម្រើការងារនៅ T.C នោះដែរ… ព្រោះតែពួកគាត់ មិនពេញចិត្ត ឬមិនអាចស៊ូទ្រាំ នៅធ្វើការងារ បានតទៅទៀត ក្រោមការដឹកនាំ តាមរបៀប «ពស់ប្រឹងលេប, កង្កែបប្រឹងរើបំរះ» របស់អគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ ជាបុរសសំបូរទៅដោយ អ្នកខឹងសម្បារ ឬអ្នកស្ពប់ខ្ពើមនោះ ។

មិនតែប៉ុណ្ណោះ សូម្បីតែមន្ត្រីៗ និយោជិតខ្លះ ដែលដល់អាយុ ត្រូវចូលនិវត្តន៍ហើយ ក៍មិនពេញចិត្តទាល់តែសោះ ចំពោះអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ នោះដែរ… ដោយសារតែ ពួកគាត់បានប្រាប់ថា តាមផ្លូវច្បាប់… បានអនុញ្ញាតិឲ្យ ពួកគាត់អាចនៅបន្ត ធ្វើការងារបាន ១ឆ្នាំទៀត… ដល់ពេលពួកគាត់ បានដាក់ពាក្យ សុំបន្តការងារ គោរពជូនទៅលោក ឡាយ ម៉ារីវ៉ូ អគ្គនាយកថ្មីនេះ មិនស៊ីញ៉េឲ្យនោះទេ ។ តែបើមានមន្ត្រីៗណា ដាក់ពាក្យសុំឈប់ធ្វើការងារ… បែរជាអគ្គនាយក ឡាយ ម៉ារីវ៉ូ ស៊ីញ៉េឲ្យភ្លាម… ដោយមិនសួរនាំពីមូលហេតុ មានសតិអារម្មណ៍អ្វី ទាល់តែសោះឡើយ ។ បញ្ហានេះ ក៍បានធ្វើឲ្យកើតមាន ការប្ដឹងផ្ដល់គ្នា រវាងមេកោយថ្មី និងកូនចៅទៅដល់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង​​ប្រៃស៍ណីយ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នសំខាន់ៗ (សុំលាក់ទុកសិន) កាលពីពេលថ្មីៗ នេះទៀតផង ។

មានប្រភពខ្លះ បានខ្សិបប្រាប់ទៀតថា ការដឹកនាំតាមរបៀប «ផ្ដាច់ការ បក្ខពួកនិយម…» របស់អគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ ដែលធ្វើឲ្យបុគ្គលិក មន្ត្រីៗថ្នាក់ក្រោម នាំគ្នាស្អប់ខ្ពើម និងខឹងសម្បារ កាន់តែខ្លាំងឡើងៗនោះ ក៍បានធ្វើឲ្យអង្គភាព T.C ខាតបង់ប្រាក់ចំណូល មិនតិចម៉ឺនដុល្លារទេ ក្នុងរយៈពេល ប៉ុន្មានខែមកនេះ ។ អ្នកខ្លះ សម្ដែងការព្រួយបារម្ភថា បើឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងប្រៃស៍ណីយ និងទូរគមនាគមន៍ មិនឆាប់ដោះស្រាយ ឬដកតំណែងលោក ឡាយ ម៉ារីវ៉ូ ចេញពីអង្គភាព T.C នោះជាបន្ទាន់ទេ… ខ្លាចក្រែងតែ T.C អាចនឹងត្រូវដួល រលំរលាយ លក់ឡាយឡុង ទៅឲ្យក្រុមហ៊ុនបរទេស ដូចករណីក្រុមហ៊ុន ខាំមីនថែល ជាមិនខានឡើយ… ដោយហេតុថា ក្នុងពេលក្រុមហ៊ុន ខាំមីនថែល ត្រូវដួលរលំនោះ គឺលោក ឡាយ ម៉ារីវ៉ូ ធ្លាប់ធ្វើជា អគ្គនាយក ក្រុមហ៊ុន ខាំមីនថែល នោះផ្ទាល់តែម្ដង ។

ចំណែកឯ សាធារណជនវិញ បានសំណូមពរថា សូមឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាឲ្យជួយចាត់ការ ស៊ើបអង្កេតស្រាវជ្រាវ និងដោះស្រាយរឿងនេះ ដើម្បីកុំឲ្យកើតមាន ករណី មន្ត្រីត្រីស្អុយ ឬមន្ត្រីគ្រាប់ល្ពៅស្ងោរ ប្រភេទទី៣ ឬមន្ត្រីៗដែលចូលចិត្ត បន្តអនុវត្តនូវទ្រឹស្ដី «ទឹកឡើង… ត្រីស៊ីស្រមោច, ទឹកហោច… ស្រមោចស៊ីត្រី» ដែលប្រជាជនកម្ពុជា ក៍ដូចជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្អប់ខ្ពើមបំផុត… ៕

k

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com