ខេត្តតាកែវៈ ករណីនាំចូលជ្រូកឈឺពីប្រទេសយួនមកលក់នៅប្រទេសខ្មែរ នេះគឺស្របពេលដែលប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ បាននាំគ្នានិយាយតៗគ្នាថា លោក ថៃ លី ប្រធានពេទ្យសត្វខេត្តតាកែវ បានអនុញ្ញាត អោយឈ្មួញលួចដឹកមេជ្រូកឈឺ និងមេជ្រូកចាស់ អត់មានគុណភាព មកកាប់លក់នៅក្នុងខេត្តតាកែវ ធ្វើអោយពួកគាត់ មានការលំបាកក្នុងការចិញ្ចឹមជ្រូកនៅតាមផ្ទះ ព្រោះថា ពេលពួកគាត់ ត្រូវការលក់ជ្រូក អ្នកទិញតែងមកបង្អាប់តម្លៃ មិនអាចអោយពួកគាត់ លក់បានចំណេញ ។
ប្រភពដដែល បានត្អូញត្អែរថា វាមិនត្រឹមតែប៉ះពាល់ដល់របរចិញ្ចឹមជ្រូករបស់ប្រជាពលរដ្ឋនោះទេ តែជ្រូកឈឺក៏បង្កបញ្ហាដល់សុខភាពប្រជាពលរដ្ឋផងដែរ។ ក្នុងករណីដឹកជ្រូកឈឺពីប្រទេសយួនមកលក់នៅកម្ពុជា ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញនេះ គេសង្ស័យថា លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្ត ក៏ជ្រាបដែរ តែធ្វើមិនដឹង។
ការនាំមេជ្រូកចាស់ និងមានជំងឺពីប្រទេសយួន មកលក់នៅក្នុងខេត្តតាកែវ ជារៀងរាល់ថ្ងៃនេះ គេសង្ស័យថា គឺជាក្រុមហ៊ុនលួចលាក់ដ៏មានឥទ្ធិពលមួយ ដែលមានលោក ថៃ លី ប្រធានពេទ្យសត្វខេត្តតាកែវ នៅកាងពីក្រោយ ព្រោះប្រជាពលរដ្ឋខេត្តកែវ ដែលបានដឹងរឿងនេះច្បាស់ បានអះអាង ថា មានឈ្មោះ ឈឹម ឯម និងឈ្មោះ ឈឹម ធួក ២នាក់បងប្អូន ជាអ្នកដឹកជ្រូកចាស់ និងមានជំងឺ ពីប្រទេសយួន មកដាក់នៅក្នុងកន្លែងកាប់ជ្រូក ក្នុងក្រុងដូនកែវ ដែលស្ថិតនៅភូមិត្រាំ សង្កាត់រការក្រៅ មួយថ្ងៃៗជាច្រើន ក្បាល ដោយគ្មានការពិនិត្យ ពីមន្ត្រីជំនាញណាមួយឡើយ ។
លោក ថៃ លី ប្រធានពេទ្យសត្វខេត្តតាកែវ ជុំវិញការលើកឡើង របស់ប្រជាពលរដ្ឋខាងលើនេះក៏ដោយ ក៏ប្រជាប្រជាពលរដ្ឋខេត្តតាកែវ ដែលជាអ្នកចិញ្ចឹមជ្រូកទាំងអស់ បានសំណូមពរ ដល់អភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ មេត្តាជួយពិនិត្យដល់សកម្មភាពការងាររបស់ពេទ្យសត្វខេត្តតាកែវ ដែលកំពុងរងការរិះគន់ ក្រោមការដឹកនាំរបស់ លោក ថៃ លី ៕