0

ដីព្រៃលិចទឹក និងអតីតដីឡូត៍នេសាទក្នុងស្រុកស្អាងស្រុកកៀនស្វាយស្រុកលើកដែក រងការទន្ទ្រានពីឈ្មួញនិងមន្ត្រីមានអំណាច !

កណ្ដាល យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រៃលិចទឹក និងអ​តីតដីឡូត៍នេសាទក្នុងស្រុកស្អាងស្រុកកៀនស្វាយស្រុកលើកដែកកំពុងតែរងការ​ទន្ទ្រាន​យក​ពីឈ្មួញនិងមន្ត្រីមានអំណាច។ ហើយបច្ចុប្បន្ននេះបើនាយ​ករដ្ឋមន្ត្រី​មិនមាន​វិធានការធ្វើការ​ទប់ស្កាត់ជាបន្ទាន់ទេ ដីអតីតឡូត៍នេ​សាទដីបឹង ដីព្រៃ​លិច​ទឹកនៅ​ក្នុងស្រុកស្អាង ស្រុក​កៀនស្វាយ ស្រុក លើកដែក រួមទាំងស្រុកកោះ​ធំផង​នឹងក្លាយ​ទៅជាដីឯកជ​នរបស់​ឈ្មួញនិងក្រុមគ្រួសាររបស់មន្ត្រីអ្នកមាន​អំណាច​គ្មាន​សល់​ឡើយ ។

ប្រភពមិនស្និទដែលសុំមិនបញ្ចេញឈ្មោះបានឲ្យ​​ដឹងថា នៅអំឡុងដើមឆ្នាំ២០១៥នេះ គេឃើញ​សកម្មភា​ព​របស់ក្រុមឈ្មួញ រកស៊ីដីធ្លី ធំៗ ដែលមានខ្សែ មានបង្អែកមន្ត្រីធំៗ នៅពីក្រោយ​ខ្នង បាននាំគ្នាផ្ដល់លុយទៅឲ្យមន្ត្រីថ្នាក់ឃុំ ថ្នាក់ស្រុករួមទាំង ក្រុម គួកជេរ មេខ្យល់ដើរប្រមូលទិញដីបឹង ដីព្រៃលិចទឹក ដីអតីតឡូត៍នេ​សាទនៅក្នុងស្រុកទាំង៤​ខាងលើក្រោមរូបភាព ឲ្យ ប្រជាពលរដ្ឋក្រីក្រ ដែលជាអ្នកស្រុកភូមិនៅតំបន់នោះ តាំង​ខ្លួនធ្វើជាម្ចាស់ដី អាស្រ័យផល ហើយក៏ធ្វើលិខិតលក់ មក ឲ្យឈ្មួញក្នុងតម្លៃ​ថោកៗ១​ហិកតា ៥០ដុល្លារ ១០០ដុល្លារ ឬថ្លៃជាងនេះ ទៅតាមប្រភេទដីជិត ឬឆ្ងាយ ។

ប្រជាពលរដ្ឋក្រីក្រ ឮតែគេឲ្យលុយ ក៏ចេះតែផ្ដិតមេដៃទៅតាមឈ្មួញ និងក្រុមគួកជេរ ដែលជាអ្នករៀបចំឯកសារ ទិញ លក់រួចជាស្រេច ហើយមន្ត្រីអាជ្ញាធរភូមិ ឃុំ ឮតែអ្នក​ទិញមានខ្នងបង្អែកធំៗ ណាមួយមានប្រជាពលរដ្ឋតាំងខ្លួន ជា ម្ចាស់ស្រាប់ផង ក៏ចេះតែស៊ីញ៉េ បោះត្រាយកលុយ ដោយសំអាងថា មានបញ្ហាអីកើតឡើង ឈ្មួញអ្នកទិញគេជាអ្នក ធានារត់ការឲ្យ ព្រោះសុទ្ធតែជាមន្ត្រីធំៗ ។

ប្រភពព័ត៌មានបញ្ជាក់ថា ចាប់តាំងពីលេចឮថា មានក្រុមហ៊ុនជប៉ុន គ្រោងនឹងមក​បង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងឃុំសំរោងធំ និង ឃុំគគីធំ ស្ថិតក្នុងស្រុក​កៀន​ស្វាយ​ខេត្តកណ្ដាល កាលណាមក ក្រុមឈ្មួញក៏ចាប់ផ្ដើម​ផ្អើលប្រមូលទិញដី នៅក្នុង​តំបន់ នោះ ធ្លាយរហូតដល់ស្រុកលើកដែក ស្រុកស្អាង ស្រុកកោះធំទន្ទ្រាន​ទិញដីបឹង ដីព្រៃលិចទឹក ដីអតីតឡូត៍ នេសាទ គ្មានសល់ ព្រោះគេថា ក្រុមហ៊ុនជប៉ុន ត្រូវការដី​រាប់ម៉ឺនហិកតា សម្រាប់ធ្វើតំបន់សេដ្ឋកិច្ចពិសេស ។

សកម្មភាពផ្អើលទិញដីបឹង ដីព្រៃលិចទឹករួចហើយ ប្រើគ្រឿងចក្រកាយលើក ជាទំនប់​ព័ទ្ធយកដីខាងលើនេះ អនាគតអ្នកស្រុកក្រីក្រ នៅតំបន់នោះនឹងបាត់បង់អាជីព ដោយ​សារតែតំបន់សំបុកត្រី នឹងក្លាយជាដីកម្មសិទ្ធិឯកជន មិនអាចធ្វើការនេសាទ ដោយ​សេរីបានដូចមុនៗ ។ ក្នុងនោះ ដូចជាដីអតីតឡូត៍នេសាទលេខ១ ឡូត៍លេខ៣ ឡូត៍ លេខ ៤ និងឡូត៍លេខ៥ ជាដើម ត្រូវបានឈ្មួញប្រមូលទិញពី​ប្រជាពលរដ្ឋក្នុងតម្លៃ​ថោកៗ រួចហើយជីកជាប្រឡាយ យកអាចម៍ដី លើកធ្វើជាទនប់ ដើម្បីចាប់យកត្រីក្នុង​មួយឆ្នាំៗចាប់លក់បានរាប់ម៉ឺន រាប់សែនដុល្លារ ដោយពួកឈ្មួញ ដែលមានខ្នងយ​កកម្លាំងប្រដាប់អាវុធ ទៅកាងការពារមិនឲ្យប្រជាព​លរដ្ឋបើកកាណូត​កាត់ ឬរកត្រី ក្នុងបឹងគេឡើយ ដោយសំអាងថា ជាដីគេទិញមានម្ចាស់ ។

ទោះយ៉ាងណាពលរដ្ឋនិងមន្រ្តីសង្គមស៊ីវិលអះអាងថា«ដើម្បីសង្គ្រោះតំបន់សំបុកត្រី នៅក្នុងស្រុកទាំង៤ ខាងលើនេះ បាន គឺមានតែសម្ដេចនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ដែលអាចបង្ក្រាបក្រុមទិញដីបឹង ដីព្រៃលិចទឹកខាងលើនេះបាន ព្រោះប៉ុន្មានថ្ងៃនេះ ឮថាក្រុមឧកញ៉ាៗ ឯកឧត្តម និង លោកជំទាវ ដែលដើរប្រមូលទិញដី ពីប្រជាពល​រដ្ឋឈ្លោះគ្នាពីរឿងទិញដីជាន់គ្នាទៀតផង ៕

T-0154 T-0152 T-0153 T-0155

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com