0

គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបមេឈ្មួញរកស៊ីដឹកឈើដុះស្លែ ប្រចាំខេត្តសៀមរាបទេពីព្រោះជាកូនអុករបស់មេឈ្មួញឈើនោះ

សៀមរាបៈ លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែដ៏​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណត់​ ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ក្រុម​មន្ត្រីជំ​នាញ និង​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​នៅ​ខេត្ត​សៀមរាប។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា រយៈពេល​ប្រហែល​បី​ខែ​ចុង​ក្រោយ​នេះ​លោក ដោ ប៉ូ បាន​ប្រើ​រថ​យន្ត​ម៉ាក​យីឌុប​ ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​យក​មក​ចែក​ចាយ​ក្នុង​ក្រុង​សៀមរាប និង​យក​ទៅ​ចែក​ចាយ​នៅ​ខេត្ត​នានា​ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម។ ប្រ​ភព​បាន​បន្តថា លោក ដោ ប៉ូ ដឹក​ឈើ​លើ​ស​ច្បាប់​កំ​ណត់​ ដោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​កំ​ណត់​អោយ​ដឹក​ត្រឹម​តែ​ម្ភៃ ទៅម្ភៃ​មួយ​ម៉ែត្រគូប​តែប៉ុណ្ណោះ តែ​លោក​ ដោប៉ូ​បាន​ដឹក​រហូត​ដល់​៥០ ឬ៦០ ម៉ែត្រ​គូប​ ដើម្បី​កេ​ង​ចំ​ណេញយក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ បំ​បាត់​ថវិការ​ចំណូល​ និង​បំ​ផ្លាញ​ផ្លូវ​ថ្នល់របស់​រដ្ឋ​។

ជាក់​ស្តែង​កាល​ពី​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ លោក​ដោប៉ូ​បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​យី​ឌុប​យក​មក​លក់​អោយ​ដេប៉ូ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ក្នុង​សង្កាត់​ជ្រាវ។ ខ​ណៈ​នោះ​ លោក​ឆៃ ​អ្នក​រត​ការ​អោយ​លោក​ដោប៉ូ​បាន​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ក្រុម​ខ្លាហោះ​ដោយ​ខាង​ខ្លា​ហោះ​កាក់​ឡាន​សាក​សួមិន​ព្រម​ឈប់ រហូត​ដល់​លោក អ៊ំ​ អមរ៉ា ស្នង​ការ​រង​ទទួល​ន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្តសៀមរាប ​ហៅ​អ្នក​ទាំង​សង​ខាង​ទៅ​អោយ​ប៉ូលីស​ប៉ុស្តិ៍​សង្គាត់​សាលា​កំ​រើក​សាកសួរ​ធ្វើ​កំ​ណត់​ហេតុ។

ប្រ​ហែល​មួយ​ម៉ោង​ក្រោយ​មក​លោក​ អ៊ំ អម​រ៉ា បាន​កាន់​ក្រដាស​ច្បាប់​ដឹក​ឈើ (ប៉េសេ) មួយ​សន្លឹក​ទៅ​ដល់​កន្លែង​ដេប៉ូទិញ​​ឈើខាងលើ​​ ហើយ​លោក​បាន​ហៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ អោយ​ទៅ​ពិនិត្យ​ច្បាប់ដឹក​ឈើ​មួយ​យី​ឌុប​ខាងលើ។ ពេល​លោក មេព្រៃ​ឡឹង​សុខា ទៅ​ដល់​ក្នុង​ចំណោម​អ្នក​កាសែត​ប្រហែល​ជាង​២០នាក់នោះ លោក​ អ៊ំ​ អមរ៉ា បាន​ហុច​ក្រដាស​ច្បាប់​ដឹក​ឈើ​ទៅ​អោយ​លោក ឡឹង​សុខា ហើយ​សួរថា ˝លោក ខា តើ​ច្បាប់​ត្រឹម​ត្រូវ​ទេ?˝ លោក ខាឆ្លើយថា ˝ត្រឹម​ត្រូវ​ហើយ˝ លោកអ៊ំអមរ៉ា សួរបន្ត ˝លោក ខា ត្រឹម​ត្រូវ គ្រាប់​គ្រាន់​ ច្បាស់​លាស់ហើយឬ?˝ លោក​ខាឆ្លើយ​ទៀតថា ˝ត្រឹម​ត្រូវ​ ច្បាស់​លាស់អស់ហើយ˝ បន្ទាប់​មក​លោក អ៊ំអមរ៉ា និយាយថា បើ​ត្រឹម​ត្រូវ​ហើយ​ តោះ​យើង​ទៅ។

អ្នក​ឈរ​មើល​ និង​ឈរ​ស្តាប់​ លោក​អ៊ំអមរ៉ា និង​លោក ឡឹង​សុខា ឆ្លើយ​ឆ្លង​គ្នាបាន​រិះគន់ថា អ្នក​ទាំង​ពីរ​កំ​ពុងតែ​ឆ្លើយ​ឆ្លង​គ្នា​ដូច​អ្នក​ស្រុក​គេ​សែន​អ្នក​តាអញ្ចឹង (​មាន់​ហើយ​ឬ? បាទមាន់ហើយ​ ស្រាហើយ​ឬ បាទស្រាហើយ ហូប​ចុក​ឆ្អែត​ហើយ​ឬ បាទឆ្អែតហើយ)។

នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ម្សិល​មិញ រថ​យន្តយី​ឌុប​ដឹក​ឈើ​ពេញ​របស់​​លោក ដោប៉ូ បាន​ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​ យក​មក​លក់​អោយ​ដេប៉ូ​មួយ​ផ្សេង​ទៀតដែលគេ​ស្គាល់​​ថៅ​កែ​ដេប៉ូ​ឈ្មោះ​ ចាន់​ថុន (ហៅ​វ៉ា) នៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។

ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ទៅគ្រប់​មន្ត្រី​ជំ​នាញ​ក្នុង​ខេត្ត តែ​​គ្មាន​អ្នក​លើក​ទូរស័ព្ទ សូម្បី​តែ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាបក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​។ បន្ទាប់​មក​អ្នក​កាសែត​បាន​ទូរស័ព្ទ​រាយ​ការ​ទៅ​លោក ឯម មុន្នី អធិការ​ដ្ឋាន​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​ខាង​ជើង​បឹង​ទន្លេសាប លោក​បាន​សន្យាថា អោយ​កូន​ចៅ​ដែល​ជា​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ខេត្ត​សៀមរាប​បី​នាក់​ទៅ​ត្រួត​ពិនិត្យ​ឈើ​ខាង​លើ​តែ ចាំ​បាត់ៗប្រហែល​ជាង​២ម៉ោង​នោះ​ អ្នក​កាសែត​ទូរស័ព្ទទៅ​ម្តង​ទៀត លោកឯម​មុន្នី​ថា ជាប់​រវល់ក៏បិទ​ទូរស័ព្ទ​បាត់ទៅ។

រថ​យន្ត​ដឹក​ឈើ​ទាំង​ពី​រគ្រឿង​ខាងលើ​មេ​ព្រៃ​បាន​ប្រាប់​ថា មាន​ច្បាប់​(ប៉េសេ)ចំនួន​២១​ម៉ែត្រ​គូប តែ​ជាក់​ស្តែងគឺលោកដោប៉ូ ដឹក​ប្រហែល​ជាង​៥០​ទៅ៦០​ម៉ែត្រ​គូប​ឯណោះ។

អ្នក​រត​ការ​រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ បាន​ដើរ​និយាយតាម​តៀម​កាហ្វេថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ មុន​ចូល​ដល់​ខេត្ត​សៀមរាប បាន​រាយការណ៍ ឬជូន​ដំ​ណឹង​ទៅ​គ្រប់​សមត្ថ​កិច្ច​ក្នុង​ខេត្ត​សៀមរាប​អស់​ហើយ គ្មាន​អ្នក​ណា​គេ​ទៅ​វាស់​វែង ឬចាប់​ចង​អីទេ បើ​ទោះ​ជា​អ្នក​កាសែត​ខំ​ស្រែក​រហូត​បែក​បំ​ពង់​ក​ក៏ដោយ។

សូម​បញ្ជាក់​ថា សូម្បី​ជញ្ជីង​ថ្លឹង​រថ​យន្ត​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក៏បើ​ក​ផ្លូវ​អោយ​រថ​យន្ត​របស់​លោក ដោប៉ូ​ ទៅ​ដោយ​រលួន​ដែរ​បើ​ទោះ​ជា​ដឹង​ថា រថ​យន្ត​នេះ​ដឹក​លើស​ទម្ងន់​ក៏ដោយ។

បើ​ទោះ​ជា​លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ខិត​ខំ​ជួស​ជុល សាង​សង់ផ្លូវ​ថ្នល់​យ៉ាង​ណា​ក៏ដោយ ក៏ផ្លូវ​ថ្នល់​នៅ​ខេត្ត​សៀមរាប និង​ចាប់​ផ្តើម​រលាយ​សាជាថ្មី​ទៀត បើ​មេ​ព្រៃ មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន ជញ្ជីង​ថ្លឹង​រថ​យន្ត បណ្តោយ​អោយ​ឈ្មួញ​ដុះ​ស្លែ ទាំង​នេះ​ដឹក​ឈើ​លើស​ច្បាប់​កំ​ណត់​បែបនេះ។

ksnews_14062015_01

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com