ខេត្តកំពង់ឆ្នាំង ៖ ប្រភពបានអោយដឹង បានឲដឹងថា ពួករកស៊ីកាប់ឈើ និងដឹកជញ្ជូនផល អនុផលព្រៃឈើ យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចមន្ត្រីជំនាញនិងសមត្ថកិច្ច នៅទីនោះ ដោយសារតែពួកគេ បានបង់លុយ និងត្រូវដងត្រូវផ្លែគ្នា ជាមួយនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ច នៅទីនោះអស់ហើយ ។សព្វថ្ងៃនេះមានឈ្មួញម្នាក់ ឈ្មោះ ណុង ណាក់ បានបំផុសអោយប្រជាពលរដ្ឋ ទៅកាប់កូនឈើ មិនទាន់គ្រប់អាយុ ដូចជាដើមផ្ចឹក ខ្លុង ត្បែង និងដើមឈើមួយចំនួនទៀត សម្រាប់ធ្វើជាអូសម៉ែត្រ ទុកលក់អោយខ្លួន ។
អូសម៉ែត្រទាំងនេះ ត្រូវឈ្មោះ ណុង ណាក់ ប្រមូលទិញពីប្រជាពលរដ្ឋ ហើយដឹកតាមរថយន្តធំៗយកទៅលក់ អោយសិប្បកម្មឡឥដ្ឋ និងរោងចក្រ ជាច្រើនក្នុងខេត្តកំពង់ឆ្នាំង និងនៅរាជធានីភ្នំពេញ ។ ប្រភពខាងលើ បានអោយដឹងទៀតថា ការចុះទៅប្រមូលទិញឈើ និងអូសម៉ែត្រ នៅតំបន់នោះ គឺមានតែ មេឈ្មួញឈ្មោះ ណុង ណាក់ ម្នាក់គត់ ដោយមិនមានអ្នកណាផ្សេងទៀតឡើយ។ បើមានវិញក៍ត្រូវបង់ភាគរយ ទៅអោយឈ្មួញឈើឈ្មោះ ណុង ណាក់ នេះដែរ បើមិនអញ្ចឹងទេ កុំសង្ឃឹមថា បានរួចខ្លួន ។
កូនឈើមិនទាន់គ្រប់អាយុ ស្ថិតក្នុងដីព្រៃរបស់រដ្ឋ និងក្នុងដែនអភិរក្ស ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងទទួលរងការកាប់បំផ្លាញ យ៉ាងរង្គាល ពីសំណាក់ជនមួយចំនួន ដោយសារ តែមានឈ្មួញ ចុះទៅដើរប្រមូលទិញ ធ្វើជាអុសម៉ែត្រ សម្រាប់ផ្គត់ផ្គង់ លក់ទៅអោយសិប្បកម្មឡឥដ្ឋ និងរោងចក្រ ផ្សេងៗ។
ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ក្នុងមួយថ្ងៃៗមានរទេះគោ និងគោយន្ត រាប់រយគ្រឿង ដឹកឈើចេញពី តំបន់ខាងលើ យកមកអាអង្កន់ជាអុស សម្រាប់លក់អោយក្រុមឈ្មួញ។ សកម្មភាពខាងលើនេះ បានកើតមានជាយូរណាស់មកហើយ ប៉ុន្តែគេមិនដែលឃើញ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលនាំគ្នាទៅឈរ ជើងនៅទីនោះ បណ្តាក់គ្នាដូចខ្យង ធ្វើការបង្ក្រាប ម្តងណានោះឡើយ បែជានាំគ្នាទៅចងអង្រឹងដេក និងអង្គុយសំកុកចាំយកលុយ ពីបទល្មើសព្រៃឈើទៅវិញ ។
ការរកស៊ីល្មើសច្បាប់ ដែលធ្វើឡើងក្នុងរបៀបផ្តាច់មុខ របស់ឈ្មួញខាងលើ ត្រូវបានប្រភពផ្សេងៗ និយាយថា ដោយសារតែឈ្មោះ ណុង ណាក់ បានបង់លុយយ៉ាងច្រើន សន្ធឹកសន្ធាប់ ទៅអោយមន្ត្រីរដ្ឋបាលព្រៃឈើ ប៉ូលីសសេដ្ឋកិច្ច និងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត ព្រមទាំងក្រុមអ្នកច្បាប់ផងដែរ ទើបគ្មាននរណា ហ៊ានបង្ក្រាប។ គេឆ្ងល់ថា ហេតុអ្វីអាជ្ញាធរខេត្តកំពង់ឆ្នាំង មិនមានវិធានការ ឬចំណាត់ការណាមួយ អោយមានប្រសិទ្ធភាព ចំពោះឈ្មួញឈើល្មើសច្បាប់ និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលឃុបឃិតគ្នាមិនបង្ក្រាប ហើយបែជានាំំគ្នា ទៅយកលុយពីបទល្មើស៕