ខេត្តរតនគីរីៈ ស្ត្រីជាជនសង្ស័យចែកចាយគ្រឿងញៀន ២នាក់ ត្រូវព្រះរាជអាជ្ញារង សាលាដំបូងខេត្តរតនគីរី ដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងបានលុង ចុះបង្ក្រាប។ ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ៤.៤៥នាទី ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិជ័យ ជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រង់ចំណុចផ្ទះជួលមួយកន្លែង ខាងព្រលានយន្តហោះខេត្តរតនគីរី ។ ជនសង្ស័យ២នាក់នោះ ១.ឈ្មោះ ងៀង ធីបេហាយ ភេទស្រី អាយុ៥៧ឆ្នាំ ជាជនជាតិវៀតណាម ២.ឈ្មោះ យូ សៀងណាលី ភេទស្រី អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរ អ្នកទាំង២នាក់ រស់ផ្ទះជួល ក្នុងភូមិសង្កាត់ខាងលើ ព្រមទាំងវត្ថុតាងមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កូនថង់តូច ទូរស័ព្ទដៃ៥គ្រឿង ប្រាក់ចំនួន៥០ដុល្លា ប្រាក់រៀលមួយចំនួនតូច និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
យោងតាមការអោយដឹងពីលោក ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រងបានលុងថា លោកបានដាក់ភ្នាក់ងារតាមដានមុខសញ្ញាខាងលើជិត២ខែមកហើយ រហូតដល់ពេលនេះ ទើបភ្នាក់ងាររាយការណ៍ លោកក៏បានរាយការទៅលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត គឹម រស្មី លោកក៏បានសុំយោបល់ទៅលោកព្រះរាជអាជ្ញា លោកព្រះរាជអាជ្ញាក៏បានចាត់លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចុះបង្ក្រាបបានភ្លាមៗតែម្ដង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធក្រុងបានលុង ឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួន ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត៕