ភ្នំពេញ: ការទិញដីសម្រាប់ទុកលក់ក្នុងរាជធានីភ្នំពេញ នៅតែជាមុខជំនួញមួយដែលអាចផ្តល់ផលចំណេញច្រើន ខណៈការធ្វើមុខជំនួញនេះកំពុងតែមានភាពផុលផុស។ នេះបើតាមការប្រាប់ឲ្យដឹងពីក្រុមអ្នកជំនាញអចលនទ្រព្យកាលពីពេលថ្មីៗនេះ។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាននិយាយថា វិនិយោគិនដែលទិញដីទុកលក់យកប្រាក់ចំណេញ នាពេលនេះនៅតែមានឱកាសច្រើនទទួលបានប្រាក់ចំណេញ ព្រោះដីនាពេលបច្ចុប្បន្ននៅមានតម្លៃសមរម្យនៅឡើយ។ លោកបានបន្តថា ដីនៅក្នុងខណ្ឌចំការមន ទួលគោក ដូនពេញ និងខណ្ឌ៧មករានៅតែជាកន្លែងដែលមានទីផ្សារល្អ។ ដីក្នុងខណ្ឌទាំង ៤ ខាងលើ បានកើនឡើងជាមធ្យមចន្លោះពី ១០ ទៅ ២០ ភាគរយជារៀងរាល់ឆ្នាំ។
លោកបានថ្លែងថា៖ «ដើម្បីទទួលបានផលចំណេញវិនិយោគិនត្រូវតែសិក្សាឲ្យច្បាស់លាស់ថា តើតំបន់ណាមួយដែលមានសក្តានុពលសម្រាប់ការធ្វើជំនួញបែបនេះ?ពួកគេត្រូវតែមានគម្រោងការច្បាស់លាស់សម្រាប់ទិញ និងលក់ដើម្បីកុំឲ្យមានខាតបង់»។
លោកបន្តថា៖ « អ្នកធ្វើជំនួញក្នុងមុខរបរបនេះមិនគួររង់ចាំរយៈពេលយូរក្នុងការលក់អចលនទ្រព្យរបស់ខ្លួននោះទេ ដោយពួកគេនឹងលក់ភ្លាមនៅពេលពួកគេអាចទទួលបានប្រាក់ចំណេញ។ ការដែលខ្ញុំនិយាយបែបនេះ ពីព្រោះស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកអាចនឹងមានការផ្លាស់ប្តូរគ្រប់ពេល។ ឧទាហរណ៍ ម្ចាស់អចលនទ្រព្យមួយចំនួនមិនបានលក់អចលនទ្រព្យរបស់ពួកគេទេដោយរង់ចាំតម្លៃឲ្យមានឡើងថ្លៃដូចកាលពីឆ្នាំ ២០០៨ ប៉ុន្តែអ្វីៗអាចនឹងប្រែប្រួល ជាក់ស្តែងមហាវិបត្តិសេដ្ឋកិច្ចពិភពលោកនៅពាក់កណ្តាលឆ្នាំ ២០០៨។ អ្វីដែលសំខាន់គឺអ្នកវិនិយោគត្រូវតែសិក្សាថា ពេលណា និងកន្លែងណាដែលពួកគាត់អាចទិញដីបាន ហើយពេលណាអាចលក់ដីបានចំណេញ»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 VTrust បានប្រាប់ថា ការទិញ លក់ដី គឺនៅមានឱកាសរកប្រាក់ចំណេញបានទាំងនៅក្នុងក្រុង និងនៅជាយក្រុង។ ដីក្នុងរាជធានីភ្នំពេញនៅតម្លៃទាបនៅឡើយបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង។ ដូច្នេះការទិញដីសម្រាប់លក់អាចជាមុខជំនួញមួយល្អនាពេលបច្ចុប្បន្ន។
លោកបានអះអាងថា៖ «ខ្ញុំឃើញមានតំបន់ចំនួន ២ ក្នុងរាជធានីភ្នំពេញដែលមានសក្តានុពល។ តំបន់អភិវឌ្ឍន៍ក្រុងរណប Camko City និងតំបន់អភិវឌ្ឍន៍ក្រុងរណប ING City គឺជាតំបន់កំពុងមានសក្តានុពលខ្លាំង។ ការទិញដីនៅទីនោះទុកលក់ អាចទទួលចំណេញច្រើន»។
តែទោះបីយ៉ាងណាលោកលើកឡើងថា ការទិញដីទុកលក់ដោយគា្មនការអភិវឌ្ឍរយៈពេលវែង វាអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺ តើពេលណាជាឱកាសល្អដែលត្រូវអភិវឌ្ឍដីទាំងអស់នោះ? ការអភិវឌ្ឍដែលមិនត្រូវពេលវេលានឹងធ្វើឲ្យខាតបង់ប្រាក់។
លោកបានបញ្ជាក់៖ «យោងតាមបទពិសោធរបស់ខ្ញុំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញថា អ្នកទិញដីភាគច្រើនបានទិញដីសម្រាប់ធ្វើការអភិវឌ្ឍដូចជា សាងសង់បុរី និងសំណង់លំនៅឋាន។ ការទិញដីដើម្បីធ្វើការអភិវឌ្ឍពិតជាជួយធ្វើឲ្យមានកំណើនដល់សេដ្ឋកិច្ចជាតិ។ ខណៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននាចុងឆ្នាំ ២០១៥ កាន់តែជិតឈានមកដល់នោះ នឹងធ្វើឲ្យតម្លៃដីកើនឡើងបន្ថែមទៀត ដូច្នេះការទិញ និងលក់អាចនឹងទទួលផលល្អច្រើន»។
អគ្គនាយកក្រុមហ៊ុន ស៊ីអិល រៀលធី លោក ស៊ា ឆៃលីន បានប្រាប់ថា ការទិញដីទុកលក់មិនអាចនិយាយថា «ជាការវិនិយោគរយៈពេលវែង ឬខ្លីនោះទេ» ព្រោះវាពឹងផ្អែកលើសក្តានុពលរបស់តំបន់ និងតម្រូវការសម្រាប់ប្រើប្រាស់។ សកម្មភាពនៃការទិញដីសម្រាប់ទុកលក់បានកើតឡើងច្រើនចាប់តាំងពីចន្លោះឆ្នាំ ២០០៦-២០០៨ មកម្ល៉េះ ខណៈពេលនេះជាពេលសម្រាប់ធ្វើការអភិវឌ្ឍគម្រោងលំនៅឋាន និងគម្រោងផ្សេងៗ។
លោកបានថ្លែងថា៖ «កាលពីឆ្នាំមុនមានសកម្មភាពទិញដីសម្រាប់អភិវឌ្ឍលំនៅឋាន និងបុរីជាច្រើន។ ពួកគេសុទ្ធតែមានគម្រោងជាក់លាក់មុនពេលទិញដីទាំងនោះ»។
យោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៤ កន្លងមក តម្លៃដីនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងក្នុងរង្វង់ ២០ ភាគរយ សម្រាប់ដីតំបន់ពាណិជ្ជកម្ម និងដីលំនៅឋានកើនឡើងក្នុងរង្វង់ ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៣ ។ ខណ្ឌនៅកណ្តាលក្រុងចំនួន ៤ គឺខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក តម្លៃដីបានហក់ឡើងខ្ពស់ជាងគេ។
លោក ហ៊ិន សុជាតិ ប្រធានផ្នែក ប៊ុណ្ណា អចលនទ្រព្យ នៃក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាននិយាយថា តម្លៃដីនៅរាជធានីភ្នំពេញបានហក់ឡើងខ្ពស់កាលពីត្រីមាសទី ៣ ឆ្នាំ ២០១៤។ មូលហេតុសំខាន់នៃកំណើនតម្លៃដីធ្លីនេះ ដោយសារមានកត្តាមួយចំនួនដូចជា ទី ១ អតិថិជនមានចំណេះដឹងប្រសើរជាងមុនពេលមានវិបត្តិសេដ្ឋកិច្ច ដោយការទិញ លក់របស់ពួកគេនៅពេលនេះមានកម្មវត្ថុច្បាស់លាស់ ទី ២ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយទំនុកចិត្ត ទី ៣ ការហូរចូលនៃអ្នកវិនិយោគមកពីក្រៅប្រទេស និង ទី ៤ ការដែលកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន នាចុងឆ្នាំ ២០១៥៕