ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរភូមិ សង្កាត់ នគរបាលប៉ុស្តិ៍ ត្រូវបញ្ឈប់ជាបន្ទាន់ និងដាច់ខាតចំពោះការចេញលិខិតស្នាមទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ ហើយបើអស់លោកមិនភ្ញាក់រលឹកនៅតែចេញលិខិតទទួលស្គាល់ជនអន្តោប្រវេសន្តខុសច្បាប់ទៀតនោះ វានឹងបង្កផលលំបាកដល់ជាតិ ដល់កូនចៅយើងជាច្រើនជំនាន់ទៀត។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពគណៈកម្មការជំរឿន និងរៀបចំក្រុមការងារចំរុះ ចុះអនុវត្តការងារគ្រប់គ្រងជនអន្តោប្រវេសន៍កាលរសៀលថ្ងៃទី ១០សីហា ឆ្នាំ២០១៥នេះនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកចៅ សង្កាត់ មេប៉ុស្តិ៍ មេប៉ូលិស កងរាជអាវុធ និងអភិបាលខណ្ឌគ្រប់ខណ្ឌនៅក្នុងរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា លិខិតស្នាមដែលមិនត្រូវចេញឲ្យជនបរទេសអន្តោប្រវេសន៍ខុសច្បាប់មានដូចជា សៀវភៅស្នាក់នៅ,សៀវភៅគ្រួសារ,អត្តសញ្ញាណប័ណ្ណ ,លិខិតឆ្លងដែនជាដើម។ លិខិត ១សន្លឹកវាបង្កផលលំបាកធំធេងណាស់។ ជនបរទេសអន្តោប្រវេសន៍ គេប្រឹងប្រែង និងចំណាយថវិកាដើម្បីបានរស់នៅ និងធ្វើការស្របច្បាប់នៅកម្ពុជារួម ទាំងការសុំរៀបការជាមួយជនកម្ពុជាផងដែរ ហើយបន្តពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិឲ្យបានម៉ឺងម៉ាត់បំផុត។
លោកនាយឧត្តមសេនីយ៍សុខ ផលបន្តឲ្យដឹងថា តាមការស្រង់ស្ថិតិជនបរទេសអន្តោប្រវេសន៍នៅកម្ពុជាក្នុងឆ្នាំ២០១៤ដែលការស្រង់ស្ថិតិនោះធ្វើបាន តែ៧០%បានរកឃើញជនអន្តោប្រវេសន៍ជាង១៦ម៉ឺននាក់ ហើយបើប្រៀបធៀបកាលពីឆ្នាំ ២០១០ចំនួនជនអន្តោប្រវេសនេះនៅតែកើនឡើងនៅកម្ពុជា ហើយដែលលោកអះអាងថា ការស្រង់ស្ថិតិនេះនៅមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេ មាន២១សញ្ជាតិតែភាគច្រើនជាជនជាតិវៀតណាម។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានលើកឡើងថា បញ្ហាជនបរទេសអន្តោប្រវេសន្តខុសច្បាប់ ជាបញ្ហារសើបនិងមិនអាចមើលស្រាលបានទេ ជាមួយគ្នានេះក៏មានបក្សនយោបាយខ្លះឆ្លៀតប្រើប្រាស់បញ្ហានេះទាញយកប្រជាប្រិយភាពផងដែរ។
លោកប៉ា សុជាតិវង្សបានទទួលស្គាល់ថា ការគ្រប់គ្រងជនអន្តោប្រវេសន៍របស់អាជ្ញាធរយើង នៅធូររលុងណាស់ទាំងការផ្តល់អត្តសញ្ញាណប័ណ្ណ,សៀវភៅស្នាក់នៅ,សៀវភៅគ្រួសារ លិខិតអត្រានុកូលដ្ឋានជាដើម។ វេទិកាពេលនេះ មានបំណងផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍ ផង និងក្រើនរំលឹកដល់អាជ្ញាធរផងឲ្យពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ខុស ច្បាប់ឲ្យបានខ្លាំងក្លាក្នុងស្មារតីជាតិនិងប្រកបដោយការទទួលខុសត្រូវសំរាប់អាជ្ញាធររបស់ យើងពីភូមិ,សង្កាត់ ,នគរបាលប៉ុស្តិ៍ដែលជាអ្នកនៅជាប់ក្នុងមូលដ្ឋាន៕
ទាក់ទិនបញ្ហានេះ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល ប្រាប់ឲ្យអភិបាលខេត្ត ព្រមទាំងស្នងការនគរបាល ពិសេសមេប៉ុស្តិ៍ប៉ូលិសតាមព្រំដែនត្រូវតែបន្តពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងឱ្យបាននូវការចេញចូល និងស្នាក់អាស្រ័យរបស់ជនបរទេសដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៖ «ពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ ចំពោះជនបរទេសណាដែលស្នាក់នៅក្នុងប្រទេសកម្ពុជា គ្មានឯកសារ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឬធ្វើការបណ្ដេញចេញតាមនីតិវិធីតបទៅលើការអនុវត្តច្បាប់ និងបទដ្ឋាននានាស្ដីពីសញ្ជាតិ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងលិខិតឆ្លងដែន»។