ខេត្តរតនគិរីៈ ឃ្លាំងស្តុកឈើប្រណិតប្រភេទធ្នង់ដើម្បីដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមមួយកន្លែងក្នុងក្រុងបានលុងរបស់ក្រុមឈ្មួញដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃ សុទ្ធសឹងតែរថយន្តស៊េរីទំនើបៗដូចជាលុច្សស៊ីស បាឡែន ឡង់គ្រីស័រ ។ល។
ជាក់ស្តែងកាលពីរសៀលថ្ងៃទិ២២ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចចម្រុះដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះឆែកឆេរឃ្លាំងស្តុកឈើប្រណិតមួយកន្លែង ស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ហើយបានធ្វើការរឹបអូសរថយន្តផ្ទុកឈើប្រណិតចំនួន២គ្រឿងដែលមានម៉ាកលុច្សស៊ីស៣០០ ពណ៌ស គ្មានស្លាកលេខ និងរថយន្តបាឡែន ពណ៌កណ្តុលប្រមេះ ព្រមទាំងឈើប្រណិតជាច្រើនទៀតដែលស្តុកទុកនៅក្នុងឃ្លាំងនោះ សមត្ថកិច្ចកំពុងធ្វើការដឹកជញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនិតិវិធីច្បាប់ព្រៃឈើ។ចំណែកម្ចាស់រថយន្តទាំងពីរគ្រឿងបានរត់គេចខ្លួននិងម្ចាស់ឃ្លាំងដែលគេស្គាល់ឈ្មោះថា បេ ជនជាតិវៀតណាមក៏បានរត់គេចខ្លួនដែរ។
ឈើប្រណិតទាំងនោះត្រូវគេដឹងថាសុទ្ធសឹងតែជាប្រភេទឈើធ្នង់ ដែលឈ្មួញដឹកជញ្ជូនតាមបណ្តាលស្រុកនានាគឺស្រុកវ៉ើនសៃ ស្រុកតាវែង និងយកចេញពីដែនជំរកសត្វព្រៃ និងស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី យកទៅលក់ចែកចាយតាមសិប្បកម្មផងនៅក្រុងបានលុងផង និងឆ្ពោះទៅលក់នៅប្រទេសវៀតណាមផង។
សមត្ថកិច្ចបានឲ្យដឹងថាវត្ថុតាងដែលរឹបអូសបានមានរថយន្តទំនើបពីរគ្រឿងនិងឈើប្រណិតជាច្រើនទៀតចំពោះទួរលេខឈើមានប៉ុន្មាននោះសមត្ថកិច្ចកំពុងធ្វើការវាស់វែងចំណែកម្ចាស់រថយន្តនិងម្ចាស់ផ្ទះសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្តអោយចូលខ្លួនមកដោះស្រាយដើម្បីបង់ផាត់ពិន័យអន្តរការដោយគុណនិង៣ទៅតាមច្បាប់ព្រៃឈើ និងតាមតម្លៃប្រភេទឈើ៕