ខេត្តតាកែវ៖ លោក ជួន វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវកំពុងត្រូវបានមន្ត្រីមួយចំនួនរិះគន់ថា ជាប្រធានមន្ទីរដែលពោរពេញទៅដោយអំពើពុករលួយពូកែខាងកិបកេងថវិកាជាតិ និងស៊ីប្រាក់ខែមន្ត្រី និងគ្រូជាប់កិច្ចសន្យាខ្មោច ដែលមានតែឈ្មោះ ដែលមិនធ្វើការ និងមិនបង្រៀន។
តាមប្រភពបានឲ្យដឹងថា ចាប់តាំងពីលោក ជួន វ៉ាន ត្រូវបានតែងតាំងជាប្រធានមន្ទីរមក ការដឹកនាំរបស់គាត់ គឺធ្វើអ្វីៗទាំងអស់ឲ្យតែបានប្រាក់ចូលហោប៉ៅ ក្នុងនោះលោកប្រធានមន្ទីរ ជួន វ៉ាន បានរៀបចំបញ្ជីមន្ត្រីជាប់កិច្ចសន្យា គ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យាខ្មោចចំនួនពាក់កណ្ដាលនៃចំនួនសរុប ដើម្បីយកប្រាក់ខែមកស៊ីចាយផ្ទាល់ខ្លួន។ ចំពោះមន្ត្រីម្នាក់ក្នុងមួយឆ្នាំមានប្រាក់ខែចំនួន១៦៨ម៉ឺនរៀល និងពុទ្ធិកសិក្សាជាប់កិច្ចសន្យាក្នុងមួយអង្គនាក់ក្នុងមួយឆ្នាំត្រូវចំណាយទឹកប្រាក់ចំនួន១៤០ម៉ឺនរៀល សម្រាប់ការបង្រៀនរបស់រយៈពេល១០ខែ ជាហេតុធ្វើឲ្យការចំណាយទៅលើបន្ទុកមន្ត្រី និងគ្រូជាប់កិច្ចសន្យាក្នុងមួយឆ្នាំអស់ទឹកប្រាក់ជិត១៧០លានរៀល។ ដោយប្រាក់ចំណាយខាងលើ គឺត្រូវបានលោកប្រធានមន្ទីរ ជួន វ៉ាន ស៊ីអស់ពាក់កណ្ដាលចំពោះ មន្ត្រី និងគ្រូដែលមិនបង្រៀន ចំណែកមន្ត្រី និងគ្រូជាប់កិច្ចសន្យាដែលបានបំពេញការងារក៏ត្រូវបានលោកប្រធានមន្ទីរឲ្យភ្នាក់ងារបើកផ្ដល់ទារយកប្រាក់ក្នុងមួយអង្គនាក់១០ទៅ២០ម៉ឺនរៀលផងដែរ ។
ក្រៅពីនោះលោកប្រធានមន្ទីរក៏បានកិបកេងថវិការបស់មន្ទីរយ៉ាងច្រើនលើគ្រប់ជំពូកដែលក្នុងមួយឆ្នាំៗចំណាយថវិកាមិនមែនជាបន្ទុកបុគ្គលិកជាង២០០លានរៀល គឺត្រូវបានលោកប្រធានមន្ទីរ និងបក្ខពួកកិបកេងអស់មិនជិតជាង៣០ភាគរយៈនោះទេ ។ លើសពីនោះទៅទៀតលោកប្រធានមន្ទីរក៏បានបង្កើតភាពរញ៉េរញ៉ៃនៅតាមបណ្ដាវត្ត ដូចជា វត្តលាយបូរ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ជាដើម ដែលខាងមន្ទីរធម្មការបានយកព្រះសង្ឃក្មេងដែលនៅខេត្តឆ្ងាយឲ្យមកធ្វើជាចៅអធិការវត្តគ្រប់គ្រងលើចៅអធិការស្ដីទី ដែលមានវ័យចំណាស់បួសច្រើនព្រះវស្សា និងមានពុទ្ធបរិស័ទ្ធគាំទ្រទៅវិញ ជាហេតុធ្វើឲ្យពុទ្ធបរិស័ទ្ធកើតការក្ដៅក្រហាយ។
សូមបញ្ជាក់ថា មន្ទីរធម្មការខេត្តតាកែវ នៅឆ្នាំ២០១៤ បានចាយថវិកាអស់ទឹកប្រាក់ខ្ទង់៧០០លានរៀល ដោយក្នុងនោះជំពូក៦០ អស់ទឹកប្រាក់ជិត៩០លានរៀល ជំពូក៦១ អស់ទឹកប្រាក់ជិត១០០លានរៀល ជំពូក៦២ អស់ទឹកប្រាក់ខ្ទង់៨០លានរៀល និងជំពូក៦៤ ចំណាយអស់ថវិកាជាង៤០០លានរៀល៕