ភ្នំពេញ: ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” នៅជាប់កាហ្សា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលអាងខ្នងមន្ត្រីយោធាផ្កាយ៣ នៅប៉េអឹមលើផ្ទៃប្រទេស (សុំមិនបញ្ជេញឈ្មោះ) និងមន្ត្រីប៉េអឹមមួយចំនួនទៀត អាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាបដោយសារតែខ្លាចអំណាច។
ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” គឺមានដូចជា ល្បែងភ្នាល់បាល់ កត់កន្ទុយលេខ និងល្បែងភ្នាល់តាមអនឡាញ ដែលបន្តផ្ទាល់ពីកាស៊ីណូបាវិត។ ហើយអ្នកលេង គឺហ៊ានភ្នាល់ដល់រាប់ម៉ឺនដុល្លារថែមទៀតផង។
ប្រភពពីសមត្ថកិច្ចខណ្ឌដូនពេញបានបង្ហើបឲ្យដឹងថា ទីតាំងនេះអាជ្ញាធរមិនហ៊ានទៅប៉ះពាល់ ឬបង្ក្រាបទេ ដោយសារតែមានមន្ត្រីប៉េអឹមផ្កាយ៣ម្នាក់ ដែលមានឥទ្ធិពលនៅពីក្រោយខ្នង និងអ្នកជំនួញធំៗ មួយចំនួនបានដាក់ហ៊ុនរកស៊ីក្នុងការបើកល្បែងស៊ីសងនេះ ហើយសូម្បីតែអធិការខណ្ឌដូនពេញ និងអភិបាលខណ្ឌដូនពេញ ក៏មិនហ៊ានជាមួយដែរ។
ប្រភពដដែលបានបន្តថា នៅពេលដែលមានបញ្ហា ឬនៅពេលសមត្ថកិច្ចចុះទៅសួរនាំ គឺអ្នកមើលការខុសត្រូវនៅកន្លែងល្បែង ជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” តែងតែយកឈ្មោះមន្ត្រីប៉េអឹមផ្កាយ៣ នៅប៉េអឹមលើផ្ទៃប្រទេសមកបន្លាចសមត្ថកិច្ច។
ចំពោះករណីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គួរត្រួតពិនិត្យមើលចំពោះមន្ត្រីនៅក្រោមឱវាទរបស់ខ្លួនផង កុំបណ្តែតបណ្តោយឲ្យធ្វើអ្វីដែលមិនសមរម្យនោះ។
ចំណែកប្រជាពលរដ្ឋរស់នៅម្តុំសណ្ឋាគារ កាហ្សា ( CASA ) ខាងជើងវត្តភ្នំ ជិតសាលាខណ្ឌដូនពេញបានធ្វើការរិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធនៅក្នុងខណ្ឌដូនពេញ មិនហ៊ានធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែង ជ្រកក្រោមស្លាក “កាហ្វេណេត ២៤ ម៉ោង” ដែលមានទីតាំងស្ថិតនៅជាប់ក្លឹបកំសាន្ត កាហ្សា ជិតច្រកទ្វារចេញចូលខាងកើតមន្ទីរពេទ្យ គន្ធបុប្ឆា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋបាន រិះគន់ទៀតថា នាពេលកន្លងមក អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការបង្ក្រាបតែទីតាំងល្បែងស៊ីសងតូចៗ ដែលគ្មានខ្នងបង្អែក និងអ្នកមានអំណាចនៅពីក្រោយខ្នង។ ប៉ុន្តែចំណែកទីតាំងល្បែងស៊ីសងធំៗ មួយចំនួន ដែលមានខ្នងបង្អែក គឺអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាបនោះទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានធ្វើការសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទីតាំងល្បែងស៊ីសងខុសច្បាប់ និងអាងខ្នងអ្នកមានអំណាចមួយចំនួន នៅក្នុងខណ្ឌដូនពេញ ពីព្រោះល្បែងស៊ីសងរីកដូចផ្សិតសិត បង្កឲ្យមានអំពើលួចឆក់ប្លន់ និងអំពើចោរកម្មផ្សេងៗ កើតមានឡើង បង្កផលលំបាកដល់សង្គម៕